តំណាងរាស្ត្រ​មួយ​រូប​​ស្ម័គ្រចិត្ត​​ប្រកាស​​ទ្រព្យសម្បត្តិ​​និង​​ជំរុញ​​ថ្នាក់ដឹកនាំ​​ផ្សេង​ទៀត​​ឱ្យ​​ចូលរួម​​

25-12-2016 1:46 pm 9308

លិខិត​របស់​លោក​លិម គឹមយ៉ា តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​វិទ្យុ​វាយោ​ទទួលបាន​នៅ​ថ្ងៃទី​២៥​ធ្នូ​នេះ លោក​បាន​អនុញ្ញាត​ឲ្យ​អង្គការគ​ណ​នេ​យ្យ​ភាព​កម្ពុជា​សម្ភាសន៍ ថត និង​ផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ការប្រកាស​ទ្រព្យសម្បត្តិ​របស់​លោកតា​ម​គ្រប់​រូបភាព ដើម្បី​បង្ហាញ​សុចរិត​ភាព​ក្នុង​ការដឹកនាំ​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​នៅក្នុង​លិខិត​របស់​លោក​លិម គឹមយ៉ា ដដែល​សង្ឃឹមថា ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៅក្នុង​អង្គ​នីតិ​បញ្ញតិ្ត នីតិប្រតិបត្តិ និង​តុលាការ​នឹង​មាន​ភាពក្លាហាន​បង្ហាញ​សុចរិត​ភាព​ក្នុង​ការដឹកនាំ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ តាមរយៈ​ការប្រកាស​ទ្រព្យសម្បត្តិ​ដោយ​ស្ម័គ្រចិត្ត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ដូច​រូបលោក​ដែរ​។​

​វិទ្យុ​វាយោ​នៅ​ថ្ងៃ​អាទិត្យ​នេះ មិនអាច​ទាក់ទង​ទៅ​លោក​លិម គឹមយ៉ា​បានទេ ដោយ​ក្រុមគ្រួសារ​របស់​លោក​ឱ្យដឹងថា លោក​គឹមយ៉ា​កំពុង​បំពេញបេស​ក​កម្ម​នៅ​ប្រទេស​បារាំង​។​

​គួរបញ្ជាក់​ថា កម្មវិធី​ប្រកាស​ទ្រព្យសម្បត្តិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេតដោយ​ស្ម័គ្រចិត្ត បង្កើតឡើង​ដោយ​អង្គការ​គណនេយ្យភាព​កម្ពុជា សហការ​ជាមួយ​អង្គការ​ដៃគូរ​ជាច្រើន​ស្ថាប័ន​ទៀត​។ លោក​គុយ មាស​សំណាង ប្រធាន​អង្គការ​គណនេយ្យភាព​កម្ពុជា ធ្លាប់បាន​ប្រាប់​វិទ្យុ​វាយោ​ថា អ្នកដឹកនាំ​នយោបាយ​មុន​កាន់អំណាច និង​ក្រោយ​ចុះចេញ​ពី​តំណែង គួរតែ​បង្ហាញ​ភាពស្មោះត្រង់​ដល់​ប្រជាពលរដ្ឋ ដើម្បី​ជា​គំរូ​ក្នុង​ការប្រឆាំង​អំពើពុករលួយ​។​

​បើ​តាម​របាយការណ៍​អង្គការ​គណនេយ្យភាព​កម្ពុជា​ឲ្យដឹងថា គិត​ត្រឹម​ចុងឆ្នាំ​២០១៦​នេះ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល បុគ្គលិក​ក្រុមហ៊ុន មន្ត្រី​រដ្ឋ រួមទាំង​មន្ត្រី​គណបក្ស ចំនួន​ជាង​៤០​នាក់​ហើយ បាន​ស្ម័គ្រចិត្ត​ប្រកាស​ទ្រព្យសម្បត្តិ​ខ្លួន​ជា​សាធារណៈ​៕

ព័ត៌មានផ្សេងទៀត