លោក​ហ៊ុន សែន​៖​​អាមេរិក​​ត្រូវ​ប៉ះប៉ូវ​​សង​​ដល់​​កម្ពុជា​​តាមរយៈ​​ការ​លុបចោល​​បំណុល​​សម័យ​​លន់​​ណុល​​

25-12-2016 11:35 am 9247

​បំណុល​ដែល​ប្រទេស​កម្ពុជា​ខ្ចី​សហរដ្ឋ​អាមេរិក​នៅក្នុង​អំឡុងរ​បប​របស់​លោក​សេនាប្រមុខ​លន់ ណុល គឺជា​បញ្ហា​ទ្វេភាគី​ដែល​មាន​ជា​យូរណាស់​មកហើយ​។ ជាថ្មី​ម្តងទៀត លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​រំឭក​ឡើងវិញ ហើយ​នៅតែ​បន្ត​ស្នើសុំ​ដោះស្រាយ​បញ្ហា​បំណុល​ក្នុង​សម័យ​លន់ ណុល ដោយ​ឲ្យ​អាមេរិក​តបស្នង​ដល់​កម្ពុជា​វិញ​តាមរយៈ​ការលុបចោល​បំណុល​ទាំងនោះ​។​

​ថ្លែង​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នា​យប់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ លោក​ហ៊ុន សែន ចាត់ទុកថា អាមេរិក​គឺជា​អ្នកជំរុញ​ឱ្យ​មាន​រដ្ឋប្រហា​រ​ទម្លាក់​សម្តេច​នរោត្តម សីហនុ នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើឲ្យ​កើត​មាន​សង្គ្រាម និង​របប​ខ្មែរក្រហម​។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា​៖ យើង​ត្រូវ​មើល​ឱ្យ​ឆ្ងាយ​លើសពីនេះ មិនមែន​ប៉ុលពត​កើតមាន​ដោយ​ឯងៗ​ទេ បើសិន​អាមេរិក​មិន​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហនុ ច្បាស់​ណាស់​សង្គ្រាម​មិន​បាន​កើត​នៅ​នឹង​កម្ពុជា ហើយ​ពួក​ប៉ុលពត​ក៏​គ្មាន​ភ័ព្វវាសនា​ឡើង​កាន់​អំណាចនោះទេ​។ 

​លោក​ក៏​បាន​ចោទ​ជា​សំណួរ​ថា តើ​អាមេរិក​គួរតែ​ទទួល​ពានរង្វាន់​អំពី​ការធ្វើ​បែប​នេះ ឬ​ត្រូវ​យក​ទៅ​កាត់ទោស​នៅ​តុលាការអន្តរជាតិ​ចំពោះ​សោកនាដកម្ម​នៅ​កម្ពុជា និង​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់ ហើយ​ត្រូវ​ប៉ះប៉ូវ​សង​ដល់​កម្ពុជា​វិញ​បែបណា​? ទន្ទឹមនឹងនេះ លោក​ហ៊ុន សែន សង្ឃឹម​និង​បាន​ស្នើ​ឱ្យ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ពិចារណា​លើ​ការ​លុប​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​កាលពី​សម័យ​សាធារណរដ្ឋ​របស់​លោក​សេនាប្រមុខ​លន់ ណុល​។​
​សំឡេង​លោក​ហ៊ុន សែន​៖

​គេ​នៅ​ចាំបាន​ថា មន្ត្រី​ស្ថានទូត​អាមេរិក​ធ្លាប់បាន​អះអាងថា ក្រោម​ច្បាប់​អន្តរជាតិ គ្រប់​រដ្ឋាភិបាល​ទាំងអស់​ជាទូទៅ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​កាតព្វកិច្ច​ទាំងឡាយ​របស់​មេដឹកនាំ​ជំនាន់​មុន​របស់​ខ្លួន​។ ជា​ការកត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សុំឱ្យ​សហរដ្ឋអាមេរិក​លុបចោល​បំណុល ព្រោះ​នៅក្នុង​អាណត្តិ​លោក​បា​រ៉ាក់ អូ​បា​ម៉ា កម្ពុជា​ក៏​បាន​ទទូច​សុំ​រក​ដំណោះស្រាយ​ជា​ច្រើនលើក​ច្រើនសារ​ដែរ​។​

​គួរបញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​ជំពាក់​បំណុល​អាមេរិក​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក នៅក្នុង​អំឡុង​ពី​ឆ្នាំ​១៩៧០ ដល់​១៩៧៥ ដែល​របប​សាធារណៈរដ្ឋ​ខ្មែរ​របស់​លោក​លន់ ណុល បាន​ខ្ចី​ក្នុង​ការទិញ​សព្វាវុធ​មក​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​ខ្មែរក្រហម (​ចំនួន​ទឹកប្រាក់​បំណុល​នេះ មិនទាន់​រាប់​បញ្ចូល​ទាំង​ការប្រាក់​គិត​មកដល់​ពេល​បច្ចុប្បន្ន​នោះ​ទេ​)​។ រដ្ឋាភិបាល​របស់​លោក​សេនាប្រមុខ​លន់ ណុល ត្រូវ​បាន​ទម្លាក់​នៅក្នុង​ឆ្នាំ​១៩៧៥ ដោយ​របប​វាលពិឃាដ​ខ្មែរក្រហម ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ១,៧​លាន​នាក់ ក្នុង​រយៈពេល​ជិត​៤​ឆ្នាំ​៕

 ពាក្យគន្លឹះ  លោក​ហ៊ុន សែន

ព័ត៌មានផ្សេងទៀត