នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនៈកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២០-២១ខែ ធ្នូ ឆ្នាំ២០១៦។ នៅក្នុងកំឡុងពេលទស្សនៈកិច្ចនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងជួបពិភាក្សាការងារមួយចំនួន ជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសវៀតណាមព្រមទាំងចុះហត្ថលេខាលើសន្ឋិសញ្ញាមួយចំនួនផងដែរ។
នៅក្នុងកំឡុងទស្សនៈកិច្ចទៅប្រទេសវៀតណាមពេលនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសវៀតណាមជាច្រើនរូប។ ដោយក្នុងនោះលោកហ៊ុន សែន នឹងជួប ជាមួយលោកង្វៀន ហ្វ៊ូ ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម, លោក ត្រាន់ ដាយ ក្វាង ប្រធានាធិបតីវៀតណាម និងលោកស្រី ង្វៀន ធីគឹម ងិន ប្រធានរដ្ឋសភាវៀតណាម ហើយលោកនឹងជួបពិភាក្សាការងារមួយចំនួនជាមួយ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុកផងដែរ។
ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក នេះ ភាគីទាំងពីនឹងចុះហត្ថលេខាលើសន្ឋិសញ្ញាមួយចំនួនដោយក្នុងនោះមានដូចជា៖ សន្ឋិសញ្ញាស្តីពីការផ្ទេរទណ្ឌិត សន្ឋិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្រសួងធម្មការនិងសាសនា និងគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម។
គណៈប្រតិភូដែលអមដំណើរលោកហ៊ុន សែន ទៅប្រទេសវៀតណាម មាន លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ , លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស, លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា, លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ, លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀត។
សូមបញ្ជាក់ថា ដំណើទស្សនៈកិច្ចទៅប្រទេសវៀតណាមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននេះ គឺធ្វើឡើង បតតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន សួនហ្វ៊ុក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា៕