លោក​អូ​បា​ម៉ា​​ចេញ​ការព្រមាន​​រឿង​គោលនយោបាយ​​អាមេរិក​​ជាមួយ​​ប្រទេស​ចិន​

17-12-2016 3:44 pm 3435
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​បញ្ជាក់ឲ្យ​លោក​ដូណាល់ ត្រាំ​ដែល​នឹង​ត្រូវ​បន្ដ​តំណែង​ប្រធានាធិបតី​អាមេរិក ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្ដូរ​គោលនយោបាយ​អាមេរិក​ចំពោះ​តៃវ៉ាន់​។​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ អ្នកកាសែត​បាន​សួរ​ទៅ​លោក​អូ​បា​ម៉ា ពី​ការលើកឡើង​របស់​លោក​ត្រាំ​។​

​លោក​ត្រាំ​បាន​និយាយថា លោក​មិនដឹងថា​ហេតុ​អ្វី​អាមេរិក​ចាំបាច់​បន្ដ​គោលនយោបាយ​មួយ​របស់​ចិន​(one-China policy)​។​បើ​ធ្វើ​បែប​នេះ​លុះត្រាតែ​អាមេរិក​អាច​ធានាបាន​ពី​កិច្ចព្រមព្រៀង​ល្អ​ប្រសើរ​ជាមួយ​ចិន​លើ​បញ្ហា​មួយចំនួន ក្នុងនោះ​មាន​បញ្ហា​ពាណិជ្ជកម្ម​ជា​ដើម​។​

​ទស្សនៈ​លោក​ត្រាំ​បែបនេះ​លោក​អូ​បា​ម៉ា​ឆ្លើយតប​ថា គោលនយោបាយ​ការបរទេស​អាមេរិក​ទាំ​ង​អស់ គួរតែ​ត្រូវ​មើលឃើញ​ដោយ​ភ្នែក​ស្រស់​។​ប៉ុន្ដែ​លោក​សង្កត់ធ្ងន់​ថា​ទំនាក់ទំនង​អាមេរិក​-​ចិន​ពិតជា​មាន​សារសំខាន់​សម្រាប់​សេដ្ឋកិច្ច​សាក​ល​និង​សន្ដិសុខ​ជាតិ​។​លោក​អូ​បា​ម៉ា​បន្ដថា ពាក្យ​ចិន​តែ​មួយ​គឺជា​បេះដូង​នៃ​ទស្សនៈ​របស់​ប្រទេស​ចិន​។​ដូច្នេះ​ប្រសិនបើ​លោក​ដូណាល់ ត្រាំ​ចង់​បញ្ចប់​គំនិត​នេះ ត្រូវតែ​គិតពី​ផលវិបាក​ផង​។​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បញ្ជាក់បន្ថែម​ថា​លទ្ធផល​មួយ​ដែល​នឹង​អាច​កើតឡើង គឺ​ភាព​តានតឹង​រវាង​អាមេរិក​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

សូមបញ្ជាក់​ថា អាមេរិក​បាន​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ​របស់​ទីក្រុង​ប៉េកាំង ចាប់តាំងពី​ផ្ដាច់ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ហើយ​ទទួលស្គាល់​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ចិន​។​ប៉ុន្ដែ​មួយរយៈ​ថ្មីៗ​នេះ លោក​ដូណាល់ ត្រាំ​បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ បង្ហាញ​ពី​ការ​រឹតចំណង​មិត្ដភាព​ជា​មួយគ្នា ធ្វើឲ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង​។​ចិន​ថា​បើ​អាមេរិក​ចង់​រឹតចំណង​មិត្ដភាព​ជាមួយចិន មាន​តែ​និយាយ​ជាមួយ​ទីក្រុង​ប៉េកាំង​មួយគត់ តៃវ៉ាន់​គឺជា​ខេត្ដ​មួយ​របស់​ចិន​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត