ចិន​ចាប់បានDrone​ស៊ើបការណ៍អាមេរិក​មួយគ្រឿង​​​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

17-12-2016 10:09 am 4113
Drone​មុជទឹក​ដែល​អាមេរិក​​ប្រើ​ក្នុងសមុទ្រ​ចិនខាងត្បូង

​បើ​តាម​ការបញ្ជាក់​ពី​អាមេរិក ចិន​បាន​ចាប់យក​Drone​ស៊ើបការណ៍​អាមេរិក​មួយគ្រឿង នៅក្នុង​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​បានឲ្យដឹងថា ចិន​ពិតជា​បានធ្វើ​សកម្មភាព​ដោយ​ខុសច្បាប់ ចាប់យក​Drone​មុជ​ក្នុង​ទឹក​ដែល​ចូល​ទៅ​តាមដាន​ក្នុង​ដែន​អន្ដរជាតិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​Drone​នោះ​គ្មាន​បង្ក​សកម្មភាព​ហិង្សា​ណាមួយ​ឡើយ គ្រាន់តែ​កងទ័ពជើងទឹក​អាមេរិក​ប្រើ​ដើម្បី​តាមដាន​ស្ថានការណ៍​ប៉ុណ្ណោះ ហើយ​ប្រព័ន្ធ​នេះ​ត្រូវបាន​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក សម្រាប់​ប្រមូល​ទិន្នន័យ​ពី​សមុទ្រ​បញ្ជូន​មក​យោធា​។​ក្នុងនោះ​មាន​ព័ត៌មាន​ទាក់ទង​នឹង​កម្រិត​ជាតិ​ប្រៃ​ទឹកសមុទ្រ និង​ទាក់ទង​សីតុណ្ហភាព​ជាដើម​។​

​មន្ទីរ​បញ្ច​កោណ​អាមេរិក​បញ្ជាក់ថា នាវា​កងទ័ពជើងទឹក​ចិន​បាន​ចាប់យក​Drone​ទៅ​មួយ​គ្រឿង  នៅពេល​នាវា​ជើង​ទឹក​អាមេរិក​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជា​៥០០​ម៉ែត្រ​ពី​Drone​នោះ​។​ភ្លាមៗ​មន្ដ្រី​នៅ​លើ​នាវា​អាមេរិក​ក៏​ទាក់ទង​សុំ​ឲ្យ​ចិន​ប្រគល់​មក​វិញ ប៉ុន្ដែ​គ្មាន​ការឆ្លើយតប​ឡើយ​។​

ដូច្នេះ​អាមេរិក​បាន​ចេញ​សំណើ​តាមផ្លូវ​ការទូត សុំ​ឲ្យ​ចិន​ប្រគល់​មក​វិញ​។​អាមេរិក​សុំ​ការយោគយល់​ពី​ចិន និង​សន្យា​មិនឲ្យ​មាន​រឿង​នេះ​កើតឡើង​ម្ដង​ទៀត​ទេ​។​ម្យ៉ាង​សកម្មភាព​របស់​ចិន ក៏​អាច​នឹង​បង្ក​ភាព​តានតឹង​កាន់តែខ្លាំង បើសិន​មិន​ព្រម​សម្រួល​គ្នា ខណៈ​អាមេរិក​និង​ចិន​កំពុង​មាន​បញ្ហា​នឹង​គ្នា​ស្រាប់​ផង​រឿង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

មិនតិច​ដង​ទេ​ដែល​ចិន​ព្រមាន​អាមេរិក មិនឲ្យ​ធ្វើ​សកម្មភាព​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូ​ង​។​អាមេរិក​ក៏​ធ្លាប់បាន​បញ្ជូន​នាវាចម្បាំង​របស់គេ​ចូល​ទៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ដើម្បី​តាមដាន​ស្ថានការណ៍​។​ចិន​ថា​អាមេរិក​មិន​មែន​ជា​ភាគី​ពាក់ព័ន្ធ ដូច្នេះ​កុំ​លូក​ដៃ​ទុក​ឲ្យ​ប្រទេស​មាន​ជម្លោះ​ជា​អ្នក​ដោះស្រាយ​ដោយ​ខ្លួនឯង​។​តែ​អាមេរិក​បង្ហាញ​ជំហ​រថា មិន​ចង់​ជ្រៀតជ្រែក​គ្រាន់​ចង់​រក្សា​ផលប្រយោជន៍​អន្ដរជាតិ​ប៉ុណ្ណោះ​។​

ចំពោះ​ចិន​ដែល​ចាប់​យក​Drone​មុជ​ក្នុង​ទឹក​របស់​អាមេរិក​ពេលនេះ អាច​ជា​ការព្រមាន​ទៅ​អាមេរិក​ម្ដងទៀត កុំឲ្យ​មក​ឈឺឆ្អាល​និង​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង​ផ្ដេសផ្ដាស បើ​មិន​អ៊ីចឹង​ទេ​ចិន​មិន​លើកលែង​ដាច់ខាត​។​ចិន​បាន​អះអាង​ប្រមាណ​៩០​ភាគរយ នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​។​ប៉ុន្ដែ​ប្រទេស ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់ ថា​ការអះអាង​របស់​ចិន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​៕

 

 ពាក្យគន្លឹះ  ចិន-អាមេរិក

ព័ត៌មានផ្សេងទៀត