លោក​អូ​បា​ម៉ា​​នឹង​ចាត់​វិធានការ​ប្រឆាំង​រុស្ស៊ី​​ដែល​ជ្រៀតជ្រែក​​ការបោះឆ្នោត​​នៅ​អាមេរិក​

16-12-2016 11:04 am 6704
លោកបារ៉ាក់ អូបាម៉ាពេលថ្លែងសុន្ទរកថា

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​បាន​និយាយថា “​យើង​ត្រូវ​ចាត់វិធានការ ហើយ​យើង​នឹង​ប្រឆាំង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​នៅ​អាមេរិក​។​”​ការប្រកាស​របស់​លោក​អូ​បា​ម៉ា​បែបនេះ បន្ទាប់​ពី​មន្ដ្រី​អាមេរិក​បី​រូប​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ​នេះ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​ត្រួតពិនិត្យ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​រុស្ស៊ី វាយប្រហារ​ការបោះឆ្នោត​នៅ​អាមេរិក ដើម្បី​ប៉ុនប៉ង​បង្ខូច​លទ្ធិប្រជាធិបតេយ្យ​អាមេរិក ជួយ​លោក​ដូណាល់ ត្រាំ​។​

​ក្រុម​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​សន្និដ្ឋានថា រុស្ស៊ី​បាន​ព្យាយាម​ប្រើ​ឥទ្ធិពល​របស់​គេ​ទៅ​លើ​ការបោះឆ្នោត​នៅ​អាមេរិក តាមរយៈ​ការ​លួច​វាយប្រហារ​លើ​ទិន្នន័យ​បុគ្គល ស្ថាប័ន និង​គណបក្ស​ប្រជាធិបតេយ្យ​ផង ដែល​ការសន្និដ្ឋាន​នេះ​ធ្វើឲ្យ​លោក​ដូណាល់ ត្រាំ​ខឹង​យ៉ាងខ្លាំង និង​ឆ្លើយតប​ទៅ​វិញ​ថា​លោក​មិន​ជឿ​ទេ​រុស្ស៊ី​ជួយ​លោក​ឲ្យ​ជាប់​ឆ្នោត​។​លោក​ឈ្នះឆ្នោត​ដោយ​ត្រឹមត្រូវ​និង​យុត្ដិធម៌​បំផុត​។​

ព្រោះតែ​មាន​របាយការណ៍​បញ្ជាក់​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់ ទើប​លោក​អូ​បា​ម៉ា​ប្ដេជ្ញា​ថា​អាមេរិក​នឹង​ចាត់​វិធានការ​ប្រឆាំង​រុស្ស៊ី​។​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​NPR​កាលពី​ថ្ងៃ​ទី​១៥​ធ្នូ លោក​អូ​បា​ម៉ា​លើកឡើង​បែប​នេះ​ថា “​ខ្ញុំ​គិតថា​វា​គ្មាន​អ្វី​ចំឡែក​ទេ​នៅពេល​រដ្ឋាភិបាល​បរទេស​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សុចរិតភាព​នៃ​ការបោះឆ្នោ​ត​របស់​យើង ហើយ​យើង​ត្រូវ​ចាត់​វិធានការ​ប្រឆាំង​។​លោកពូ​ទីន​ច្បាស់​ជា​ដឹង​ពី​អារម្មណ៍​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​និយាយ​ទៅ​លោក​ដោយ​ផ្ទាល់​ពី​បញ្ហា​នេះ​។​”

សូមបញ្ជាក់​ថា​ការចោទប្រកាន់​របស់​អា​មេរិក រុស្ស៊ី​ក៏បាន​ច្រានចោល​និង​អះអាង​មិន​បាន​ធ្វើ​ឡើយ​។​រហូតមកដល់​ពេល​នេះ​ដ្បិត​មិនទាន់​មាន​បង្ហាញ​ភស្ដុតាង​ជា​សាធារណៈ ប៉ុន្ដែ​ក្រុម​អ្នកជំនាញ​អាមេរិក​បាន​បង្ហាញ​ភាពជឿជាក់ ការបោះឆ្នោត​នៅ​អាមេរិក​រុស្ស៊ី​ពិតជា​បាន​លូកដៃ​។​លោក​អូ​បា​ម៉ា​បាន​បញ្ជាក់ឲ្យ​សើរើ​ឡើងវិញ និង​សរុប​លទ្ធផល​មុនពេល​លោក​ចប់​អាណត្ដិជា​ប្រធានាធិបតី​។​

ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០៨​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ ជ័យជម្នះ​បាន​ទៅលើ​លោក​ដូណាល់ ត្រាំ ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​។​លទ្ធផល​ខុសពី​ការរំពឹង​ទុក​ដែល​គេ​ជឿជាក់​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ​ឯណោះ​ទេ​ជា​អ្នកឈ្នះ​។​ភាព​ភ្ញាក់ផ្អើល​កើតឡើង​អម​ជាមួយ​ការគាំទ្រ​ដល់​លោក​ត្រាំ​ផងដែរ មាន​ការព្រួយបារម្ភ​ពី​ការដឹកនាំ​របស់​មហាសេដ្ឋី​រូប​នេះ​ផង​។​ព្រួយបារម្ភ​ព្រោះតែ​គោលនយោបាយ​ប្លែកៗ​មួយចំនួន ដែល​លោក​ត្រាំ​បាន​និយាយ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​៕

ព័ត៌មានផ្សេងទៀត