អាមេរិក៖​ចិន​កំពុង​បំពាក់អាវុធ​​លើ​ប្រជុំ​កោះ​​ជម្លោះ​​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​

15-12-2016 3:08 pm 1975
រូបភាពដែលផ្កាយរណប​ចាប់បាន​ថាចិនកំពុង​ដំឡើងសព្វាវុធ​​លើកោះសិប្បនិម្មិត

​ក្រុម​អ្នកជំនាញ​អាមេរិក​បាន​និយាយថា ចិន​បាន​រៀបចំ​ដំឡើង​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​សព្វាវុធ​នៅលើ​ប្រជុំ​កោះ​កំពុងមាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​តាម​រូបភាព​ដែល​ផ្កាយរណប​ចាប់​បាន​កោះ​សិប្បនិម្មិត​ទាំង​០៧​ដែល​ចិន​សាងសង់​លើ​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​ប្រជុំ​កោះ​ស្ព្រាត​លី មាន​០៥​កោះ​ដែល​ចិន​បាន​បំពាក់​អាវុធ​។​ក្នុងនោះ​មាន​កាំភ្លើង​បាញ់​យន្ដហោះ​ប្រវែង​ប្រមាណ​០៦​ម៉ែត្រ និង​ប្រព័ន្ធ​អាវុធ​ផ្សេងទៀត មាន​សម្រាប់​បាញ់​មី​ស៊ី​ល​ផង​។​

​ក្រុម​អ្នកជំនាញ​អាមេរិក​ឲ្យដឹង​ទៀតថា នៅសល់​កោះ​សិប្បនិម្មិត​ចំនួន​ពីរ​ដែល​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនង​ដំឡើង​នៅ​ទីនោះ​ផងដែរ​។​ចិន​បាន​សាងសង់​ផ្លូវ​រត់​ចំនួន​បី និង​ប្រព័ន្ធ​រ៉ា​ដា​នៅលើ​កោះ​មុន​ដំឡើង​សព្វាវុធ​។​ពាក់ព័ន្ធ​នឹង​ការដំឡើង​សព្វាវុធ​ថ្មី​នេះ ក្រុម​អ្នកជំនាញ​ថា​ចិន​មាន​គោលបំណង​ចង់​ប្រឆាំង​ការវាយប្រហារ​ពី​អាមេរិក និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​John Kirby បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ​ដោយ​បដិសេធ​មិន​ឆ្លើយតប​អ្វី​ទាក់ទង​នឹង​របាយការណ៍​ថ្មី​នេះ​ទេ​។​ប៉ុន្ដែ​លោក​បាន​អំពាវនាវ​ឲ្យ​ចិន​និង​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដែន​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​មាន​ភាព​អត់ធ្មត់​កុំ​បន្ដ​អះអាង​ដណ្ដើម​គ្នា​កាន់កាប់​តទៅទៀត ហើយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​យោធា​ទៀតឡើយ​។​

សូមបញ្ជាក់​ថា ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង មាន​វៀតណាម និង​ហ្វីលីពីន​មាន​វិវាទ​ខ្លាំងជាងគេ​។​ក្រៅពីនេះ​មាន​ម៉ាឡេស៊ី តៃវ៉ាន់ និង​ព្រុយ​ណេ​។​ចិន​អះអាងថា​ប្រមាណ​៩០​ភាគរយ​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​គឺជា​កម្មសិទ្ធិ​របស់​ខ្លួន តែ​ការអះអាង​ត្រូវ​ប្រទេស​ពាក់ព័ន្ធ​ប្រតិកម្ម និង​ថា​ចិន​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់គេ​៕
 

 ពាក្យគន្លឹះ  ចិន

ព័ត៌មានផ្សេងទៀត