កូរ៉េខាងត្បូង​​ផលិត​នាវាមុជទឹក​ថ្មី​​តម្លៃ​ជាង​៥៤០​​លាន​ដុល្លារ​អាមេរិក​

14-12-2016 11:32 am 2564
នាវាមុជទឹកថ្មីរបស់កូរ៉េខាងត្បូង

​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១៤​ធ្នូ​នេះ បាន​ចាប់ផ្ដើម​គម្រោង​ផលិត​នាវាមុជទឹក​មួយ​គ្រឿង​ទម្ងន់​០៣​ពាន់​តោន និង​មាន​បំពាក់​កាណុង​បាញ់​មី​ស៊ី​ល​ចំនួន​០៦ ដែល​អាច​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត​ប្រភេទ​Hyunmoo-2 គឺ​អាច​បាញ់​បាន​ជាង​៥០០​គីឡូម៉ែត្រ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​ផ្គត់ផ្គង់​សព្វាវុធ​រដ្ឋ​កូរ៉េខាងត្បូង​។​

​នាវា​Chang Bogo-III​ទី​បី​ជំនាន់​ទី​មួយ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ដំណាក់កាល​ទី​បី​របស់​កូរ៉េ​ខាងត្បូង ក្នុង​ការផលិត​ឲ្យបាន​នូវ​នាវាមុជទឹក​០៩​គ្រឿង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​នៅ​ឆ្នាំ​២០២៧​។​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថភាព​ប្រឆាំង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​។​

​មន្ដ្រី​កូរ៉េខាងត្បូង​បាន​ពិភាក្សា​បន្ថែម​ពី​គម្រោងការ​នេះ ក្នុង​ពេល​ជួប​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​Hyundai​។​នាវាមុជទឹក​ថ្មី​ត្រូវប៉ាន់​ស្មានថា​មាន​តម្លៃ​រហូត​ដល់​៦៣០​ពាន់​លាន​វ៉ុន ស្មើ​នឹង​ប្រមាណ​ជាង​៥៤០​លាន​ដុល្លារ​អាមេរិក ហើយ​ត្រូវ​ចំណាយពេល​ផលិត​៨៥​ខែ​។​យោធា​កូរ៉េខាងត្បូង​គ្រោង​ដាក់​ពង្រាយ​នាវាមុជទឹក​ប្រភេទ​ថ្មី​ក្នុង​ឆ្នាំ​២០២០ ជំនួស​នាវាមុជទឹក​ចាស់​ទម្ងន់​១,២០០​តោន បាន​ប្រើប្រាស់​តាំងពី​ឆ្នាំ​១៩៩២​មក​។​

សូមបញ្ជាក់​ថា កូរ៉េខាងត្បូង​មិន​ត្រឹមតែ​ពង្រឹងសមត្ថភាព​នាវាមុជទឹក​ប៉ុណ្ណោះ​ទេ វិស័យ​យោធា​ទាំងមូល​របស់​កូរ៉េខាងត្បូង បាន​ពង្រឹងសមត្ថភាព​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដើម្បី​ទប់ទល់​នូវ​អ្វី​ដែល​ចាត់ទុកថា​ជា​ការរំលោភ​បំពាន​ពី​កូរ៉េខាងជើង​។​កូរ៉េខាងត្បូង​ក៏​បាន​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ជាមួយ​អាមេរិក​ផងដែរ ជា​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​និង​ពង្រឹង​សមត្ថភាព​កងទ័ព​ក្នុងពេល​ប្រយុទ្ធ​។​

ដោយសារតែ​ការ​ធ្វើ​សមយុទ្ធ​រួមគ្នា​របស់​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក បាន​ធ្វើ​ឲ្យ​កូរ៉េ​ខាងជើង​ខឹង​និង​បាន​ធ្វើ​តេស្ដ​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ឆ្លើយតប​វិញ​។​រហូតដល់​បច្ចុប្បន្ន ស្ថានភាព​រវាង​កូរ៉េ​ទាំងពីរ​មិនទាន់​បាន​ល្អ​ប្រសើរ​ទេ​៕

 ពាក្យគន្លឹះ  កូរ៉េខាងត្បូង

ព័ត៌មានផ្សេងទៀត