សហគ្រិនវ័យក្មេងនៃព្រះរាជាណាចក្រថៃ នឹងមកសិក្សាបន្ថែមពីឱកាសបោះទុនវិនិយោគនៅកម្ពុជា នាដើមឆ្នាំ២០១៧។ នេះបើតាមការឱ្យដឹងពីលោកហ៊ុន ម៉ានី នៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី១២ ខែធ្នូ ក្រោយលោកដឹកនាំគណៈប្រតិភូកម្ពុជាមកពីទស្សនកិច្ចនៅប្រទេសថៃ រយៈពេល៤ថ្ងៃកន្លងទៅនេះ។
នៅយប់ថ្ងៃទី១២ ខែធ្នូម្សិលមិញ លោកហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង និងជាសមាជិករដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចផ្លូវការ ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ នៅប្រទេសថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកហ៊ុន ម៉ានី បានជួបជាមួយសមាជិកសមាគមមិត្តភាពថៃ-កម្ពុជា ដើម្បីឲ្យគណៈប្រតិភូបានជួបប្រាស្រ័យទាក់ទងជាមួយសហគ្រិនវ័យក្មេងថៃជាច្រើនរូប ដើម្បីផ្លាស់ប្តូរអំពីសក្តានុពលវិនិយោគនៅក្នុងបណ្តាប្រទេសទាំងពីរ។
ថ្លែងបញ្ជាក់នៅក្នុងសន្និសីទកាសែត លោកហ៊ុន ម៉ានី ឱ្យដឹងថា ទស្សនកិច្ចនេះជាការបើកច្រក និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជាជំនាន់ក្រោយ ជាពិសេសនោះ គឺការផ្តល់ឱកាសដំបូងឱ្យសហគ្រិនវ័យក្មេងថៃមកកម្ពុជា។ លោកបន្ថែមថា ក្រោយពីគណៈប្រតិភូកម្ពុជាបានជំរុញឲ្យសហគ្រិនវ័យក្មេងថៃពិចារណាក្នុងការបោះទុនបន្ថែម ដើម្បីវិនិយោគនៅក្នុងវិស័យផ្សេងៗនៅកម្ពុជា ក្នុងនោះ មានសហគ្រិនថៃមួយចំនួនចាប់អារម្មណ៍ និងបានកំណត់ពេលវេលា ដើម្បីមកធ្វើការសិក្សាបន្ថែមពីឱកាសទាំងនេះនៅកម្ពុជា នាខែមេសា ឆ្នាំ២០១៧ខាងមុខ។
សំឡេងលោកហ៊ុន ម៉ានី៖
លោកហ៊ុន ម៉ានី បានគូសបញ្ជាក់ថា “ជាមួយសក្តានុពលសេដ្ឋកិច្ចនៅកម្ពុជា សហគ្រិនវ័យក្មេងមួយចំនួន គឺជាអ្នកដែលបានបោះទុនវិនិយោគនៅកម្ពុជារួចទៅហើយ។ ប៉ុន្តែ ដោយក្នុងជំនួបរវាងសហគ្រិនថៃទាំងនោះ មានវត្តមានសហគ្រិនមកពីវិស័យផ្សេងៗគ្នាជាច្រើន ជាហេតុធ្វើយើងចង់ឲ្យអ្នកទាំងនោះ មកទស្សនកិច្ច និងស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគនៅកម្ពុជា ហើយយើងនឹងធ្វើការសម្របសម្រួលឲ្យពួកគាត់បានប្រាស្រ័យទាក់ទងជាមួយសហគ្រិនវ័យក្មេងនៅកម្ពុជា”។
សូមជម្រាបដែរថា ក្នុងដំណើរទេស្សនកិច្ចនៅប្រទេសថៃរយៈពេល៤ថ្ងៃ លោកហ៊ុន ម៉ានី និងគណៈប្រតិភូកម្ពុជា បានជួបសវានាកាជាមួយលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ, ចូលគោរពវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ភូមិបុលអាឌុលយ៉ាដេត, ជួបពិភាក្សាជាមួយលោកDon Pramudwinai រដ្ឋមន្ត្រីការបរទេសថៃ, ជួបសំណេះសំណាលជាមួយនិស្សិតខ្មែរជាប់អាហារូបករណ៍ ដែលកំពុងសិក្សានៅក្នុងប្រទេសថៃ និងទៅទស្សនកិច្ចនៅតំបន់សំខាន់ៗមួយចំនួនទៀតផងដែរ៕
កម្រងរូបភាពក្នុងជំនួបរវាងគណៈប្រតិភូកម្ពុជាជាមួយសហគ្រិនវ័យក្មេងថៃ៖