កូរ៉េខាងជើង​៖​​ទំនាក់ទំនង​​កូរ៉េខាងជើង​-​អាមេរិក​​អាស្រ័យ​លើ​​រដ្ឋាភិបាល​​លោក​​ដូណាល់ ត្រាំ​

12-12-2016 4:22 pm 495
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ

កូរ៉េ​ខាងជើង​បាន​និយាយ​នៅ​ថ្ងៃ​ទី​១២​ធ្នូ​នេះ​ថា ទំនាក់ទំនង​រវាង​កូរ៉េខាងជើង​ជាមួយ​អាមេរិក គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​ថ្មី​របស់​លោក​ដូណាល់ ត្រាំ ថា​តើ​ព្រម​បោះបង់ចោល​គោលនយោបាយ​អរិភាព​ដែល​ធ្វើ​ដាក់​កូរ៉េខាងជើង​ឬ​អត់​។​កាសែត​គាំទ្រ​កូរ៉េ​ខាងជើង​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ចុះ​ផ្សាយ​ដោយ​ដកស្រង់​សម្ដី​មន្ដ្រី​កូរ៉េខាងជើង​ថា “​ជា​យូរណាស់ មកហើយ​ដែល​អាមេរិក​បាន​បន្ដ​គោលនយោបាយ​ដាក់​លើ​កូរ៉េខាងជើង ហើយ​បាន​គំរាម​វាយប្រហារ​កូរ៉េខាងជើង​ទៀត ដែល​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ទីក្រុង​ព្យុង​យ៉ាង​និង​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​តានតឹង​។​”

​កាសែត​ចុះ​ផ្សាយ​ទៀតថា “​រដ្ឋាភិបាល​ថ្មី​អាមេរិក​ដែល​នឹង​ចូលមក​ដឹកនាំ​ប្រទេស​ក្នុង​ពេល​ឆាប់ៗ​នេះ គួរតែ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ដ បោះបង់​គោលនយោបាយ​បង្កហេតុ​ជា​មួយ​កូរ៉េខាងជើង​។​នោះ​គឺជា​ចំណុច​ចាប់ផ្ដើម​ដែល​រាល់​បញ្ហា​កើតឡើង​ទាំងអស់​អាច​ត្រូវ​ដោះស្រាយ​ឲ្យ​ល្អប្រសើរ​ឡើងវិញ​។​”

​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា ត្រូវ​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដើម្បី​ប្រឆាំង​នូវ​អ្វី​ដែល​អាមេរិក​បាន​ធ្វើ​លើ​ខ្លួន​។​កូរ៉េ​ខាងជើង​មាន​តុល្យភាព​អំណាច​នៃ​ការប្រឆាំង​អាមេរិក ស្រប​ពេល​បាន​ទទួល​ជោគជ័យ​រួច​មកហើយ​នូវ​ការ​ធ្វើ​តេស្ដ​គ្រាប់បែក​អ៊ីដ្រូសែន​កាលពីដើមឆ្នាំ​នេះ​។​អ៊ីចឹង​ទេ​កូរ៉េខាងជើង​រង់ចាំ​មើល​លោក​ដូណាល់ ត្រាំ អាច​លុបចោល​គោលនយោបាយ​បង្កហេតុ​ជា​មួយ​កូរ៉េខាងជើង​ឬ​យ៉ាងណា មុនពេល​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ខែ​មករា​ឆ្នាំ​២០១៧​។​

​សូមបញ្ជាក់​ថា ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​ប្រកាស​ថា​ចង់​ជួប​ចរចា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​។​ប៉ុន្ដែ​អ្នកវិភាគ​យល់ឃើញ​ថា​រដ្ឋាភិបាល​លោក​ដូណាល់ ត្រាំ​នឹង​បន្ដ​ដាក់​សម្ពាធ​និង​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដដែល មិន​ដក​ចេញ​វិញ​ទេ​។​អ្នកវិភាគ​និយាយ​ថា កូរ៉េខាងជើង​អាច​នឹង​ធ្វើ​តេស្ដ​មី​ស៊ី​ល​របស់​គេ​ផង​ដែរ នៅ​ពេល​ប្រារព្ធ​ពិធី​ថ្ងៃទី​១៧​ខែ​ធ្នូ​នេះ រម្លឹក​ខួប​០៥​ឆ្នាំ​នៃ​ការស្លាប់​របស់​លោក​គីម ជុងអ៊ីល ឪពុក​លោក​គីម ជុង​អ៊ុន ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងប្រទេស​៕

 ពាក្យគន្លឹះ  កូរ៉េខាងជើង-អាមេរិក

ព័ត៌មានផ្សេងទៀត