សាលាក្រុង​​កោះហៅ​​ប្រធាន​ផ្សារ​​ទាំង​អស់​​មក​ណែនាំ​​តាម​​បញ្ជា​​លោក​នាយក​​រដ្ឋមន្ត្រី​​

12-12-2016 11:51 am 2141

លោក​មាន ចាន់​យ៉ាដា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ប្រាប់​វិទ្យុ​វាយោ​ឱ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កោះហៅ​ប្រធាន​ផ្សារ​ទាំង​អស់​មក​ប្រជុំ​ណែនាំ និង​អនុវត្ដ​សារាចរ​ណែនាំ ស្ដីពី​ការលុបចោល​ការបង់ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ចើ ល្អី​។ លោក​បញ្ជាក់ថា កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ​ស្អែក​នេះ គឺ​ជំហាន​ដំបូង​ធ្វើ​ការជួប​ជាមួយ​ប្រធាន​ផ្សារ​រដ្ឋ​ជា​មុន​សិន រីឯ​ប្រធាន​ផ្សារ​ឯកជន​នឹង​ធ្វើ​ការប្រជុំ​នៅ​ពេល​ក្រោយ​។​

​យ៉ាងណាក្តី អ្នកនាំពាក្យ​សាលាក្រុង​រូបនេះ មិន​បាន​បញ្ជាក់​លម្អិត​ពី​គម្រោង​ប្រជុំ​ណែនាំ​ដល់​ប្រធាន​ផ្សារ​ទាំង​នោះ​នៅឡើយ​ទេ​។ តែ​លោក​ប្រាប់ឱ្យដឹង​ថា ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​ប្រមាណ​ជាង​៩០​ផ្សារ និង​ផ្សារ​រដ្ឋ​មាន​ចំនួន​២៥ ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ចើ ល្អី​ជាដើម​នោះ ក៏​មាន​ចំនួន​ច្រើន​ដែរ តែ​មិន​ទាន់​មាន​តួលេខ​ច្បាស់លាស់ ដែល​នឹង​ត្រូវ​រៀបចំ​ជា​របាយការណ៍​នៅក្នុង​កិច្ចប្រជុំ​ផងដែរ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ចេញ​សារាចរ​មួយ ស្ដីពី “​ការលុបចោល​ការបង់​ថ្លៃ​ចំពោះ​ប្រជាពលរដ្ឋ ដែល​លក់ដូរ​តាម​កញ្ច្រែង កញ្ចើ ល្អី​” ក្នុង​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ និង​លើក​កំពស់​ជីវភាព​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។​

​មុន​នឹង​ចេញ​សារាចរ​មួយ​នេះ ទំព័រ​ហ្វេ​សប៊ុក​លោក​ហ៊ុន សែន ឱ្យដឹងថា ប្រមុខ​រដ្ឋាភិបាល​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​បងប្អូន​ដែល​មាន​មុខរបរ​លក់​ដូរ​តូចតាច​នៅ​តាម​ផ្សារ ដែល​ជួប​ការលំបាក​ដូចជា លក់ដូរ​តាម​ចិញ្ជើម​ផ្លូវ​ដែល​មាន កញ្ជើ កញ្ច្រែង ល្អី តាម​បណ្ដា​ផ្សារ​គ្រប់​រាជធានី​ខេត្ត​-​ក្រុង​។ ចាប់ពី​ពេលនេះ​តទៅ ប្រជាពលរដ្ឋ​លក់ដូរ​តាម កញ្ច្រែង កញ្ជើ ល្អី គឺ​មិន​ចាំបាច់​បង់ថ្លៃ​ទៀតឡើយ​៕

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ​

ព័ត៌មានផ្សេងទៀត