លោក​ដូណាល់ ត្រាំ​៖​​ខ្ញុំ​មិន​ជឿ​ថា​​រុស្ស៊ី​​ជា​អ្នក​ជួយ​ខ្ញុំ​​ឲ្យ​ជាប់​ឆ្នោត​ទេ​

12-12-2016 9:02 am 7632
​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ​​

​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ​បាន​និយាយថា លោក​មិន​ជឿ​រដ្ឋាភិបាល​រុស្ស៊ី​បាន​ជួយ​លោក​ឲ្យ​ជាប់​ឆ្នោត តាមរយៈ​ការ​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ដូច​ការចោទប្រកាន់រ​បស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ទេ​។​

​លោក​ត្រាំ​បញ្ជាក់​បែប​នេះ​ថា “​ខ្ញុំ​គិតថា​វា​គ្រាន់​ជា​ការចោទប្រកាន់​មួយទៀត ខ្ញុំ​មិន​ជឿ​ទេ​។ ជា​រៀង​រាល់​សប្ដាហ៍​តែងតែ​មាន​ការចោទប្រកាន់​ផ្សេងៗ​គ្នា​។​ប្រសិនបើ​រុស្ស៊ី​បាន​លួ​យ​វាយប្រហារ ហើយ​អ្នក​មិន​បាន​ឃើញ​គេ​ធ្វើ​រឿងនេះ​ដោយផ្ទាល់ អ្នក​ក៏​មិន​អាច​ចាប់​ខ្លួន​គេ​បានដែរ​។​អ៊ីចឹង​នៅតែ​មិន​ច្បាស់​ថា​នរណា​ជា​អ្នក​ធ្វើ ជា​ចិន រុស្ស៊ី ឬក៏​នរណាម្នាក់​ធ្វើ​ក៏​មិនដឹង​។​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​ប្រកាសថា ដោយសារ​តែ​រុស្ស៊ី​ធ្វើ​ដូច្នេះ​ហើយ បានជា​គេ​ចាញ់ឆ្នោត​។​”

ប្រតិកម្ម​ឆ្លើយតប​របស់​លោក​ដូណាល់ ត្រាំ បន្ទាប់​ពី​អាមេរិក​បញ្ចេញ​របាយការណ៍​ក្រុម​CIA​រកឃើញ​ព័ត៌មាន​សម្ងាត់ ជាមួយ​ភាព​ជឿជាក់​ថា​រដ្ឋាភិបាល​រុស្ស៊ី បាន​ចូល​មក​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​អាមេរិក ក្នុង​គោលបំណង​ជួយ​លោក​ដូណាល់ ត្រាំ​។​

មន្ដ្រី​ជាន់ខ្ពស់​អាមេរិក​ជាច្រើន​រូប​បាន​ស្នើ​ឲ្យ​ស៊ើបរក​ការពិត​ដូច​ការចោទប្រកាន់ ហើយ​ជំរុញ​ឲ្យ​អាមេរិក​ធ្វើយ៉ាងណា​ការពារ​សកម្មភាព​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​ថ្មីៗ​នេះ ក៏​បាន​បញ្ជា​ឲ្យ​ស៊ើបអង្កេត​ករណី​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ មុនពេល​លោក​ចប់​អាណត្ដិ​។​

សូមបញ្ជាក់​ថា លោក​ដូណាល់ ត្រាំ​បាន​ឈ្នះឆ្នោត​យ៉ាង​ភ្ញាក់ផ្អើល​បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃ​ទី​០៨​វិច្ឆិកា​។​លទ្ធផល​រំពឹងទុក​គេ​ជឿជាក់​លើ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ជា​អ្នកឈ្នះ ប៉ុន្ដែ​បែរជា​លោក​ត្រាំ​ទៅវិញ​។​រឿង​មិន​នឹកស្មាន​ដល់​ធ្វើឲ្យ​កក្រើក​ដល់​ពិភពលោក ហើយក៏​មាន​ការព្រួយបារម្ភ​ផងដែរ​ពី​ការដឹកនាំ​របស់​លោក​ដូណាល់ ត្រាំ ព្រោះ​តែ​គោលនយោបាយ​ប្លែកៗ​របស់លោក​។​លោក​ត្រាំ​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០១៧ បន្ដ​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ប្រធាន​ធិបតី​អាមេរិក​បច្ចុប្បន្ន​៕

ព័ត៌មានផ្សេងទៀត