លោក​អូ​បា​ម៉ា​​បញ្ជា​ឲ្យ​​ត្រួតពិនិត្យ​​ឡើងវិញ​​ការវាយប្រហារ​​តាម​អ៊ី​ន​ធឺ​ណេត​​ពេល​បោះឆ្នោត​

10-12-2016 9:01 am 6704
លោកអូបាម៉ា​​ពេលថ្លែងសុន្ទរកថា​កន្លងមក

ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​ទាំងស្រុង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ដែល​បាន​កើតឡើង​ក្នុង​រង្វង់​ពេល​បោះឆ្នោត​ឆ្នាំ​២០១៦​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ​។​ការប្រកាស​ឲ្យ​ត្រួតពិនិត្យ​ជា​បន្ទាន់​នេះ ស្របពេល​ដែល​មាន​ការ​ព្រួយបារម្ភ​ថា រុស្ស៊ី​បាន​ចូល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​បោះឆ្នោត​នៅ​អាមេរិក​។​

អនុ​លេខាធិការ​ផ្នែក​សារព័ត៌មាន​នៃ​សេត​វិមាន​លោក​Eric Schultz​បាន​និយាយថា លោក​អូ​បា​ម៉ា​បានប្រកាសឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​កាលពីដើម​សប្ដាហ៍​នេះ ចន្លោះពេល​មាន​ការអំពាវនាវ​ពី​សភា ឲ្យ​បង្ហាញ​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​

“​យើង​ប្ដេជ្ញា​ដើម្បី​ធានា​សុចរិត​ភាព​នៃ​ការបោះឆ្នោត​របស់​យើង ហើយ​របាយការណ៍​នេះ​នឹង​ក្លាយជា​គំរូ​មួយ​ដ៏​អាក្រក់​បាន​ធ្វើ​លើ​ការបោះឆ្នោត​។​យើង​នឹង​យក​សម្ថ​ភាព​ការពារ ហើយ​រៀនសូត្រ​ពីអ្វី​ដែល​បាន​កើតឡើង មក​បញ្ជាក់ឲ្យ​ច្បាស់ដល់​សមាជិកសភា​និង​អ្នកពាក់ព័ន្ធ​ក្នុងពេល​មួយ​សមរម្យ​។​”​នេះ​ជា​សម្ដី​របស់​លោក​Eric Schultz​។​លោក​បន្ដថា “​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​ចង់បាន​របាយការណ៍​ពេញលេញ​មុនពេល​ចប់​អាណត្ដិ​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០១៧ ដូច្នេះ​យើង​នឹង​ប្រកាស​ជា​សាធារណៈ​តាម​ដែល​អាច​ធ្វើបាន​។​នេះ​គឺជា​បញ្ហា​ចម្បង​សម្រាប់​ប្រធានាធិបតី​។​”

​សូម​បញ្ជាក់​ជា​ថ្មី​ថា ការទាមទារ​ឲ្យ​ត្រួតពិនិត្យ​ឡើងវិញ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ក្នុងពេល​បោះឆ្នោត​នៅ​អាមេរិក ធ្វើឡើង​បន្ទាប់​ពី​បែកធ្លាយ​ព័ត៌មាន​ថា​រុស្ស៊ី​មាន​ពាក់ព័ន្ធ​។​ប្រធាន​ក្រុម​ចារកម្ម​អាមេរិក​បាន​និយាយថា រុស្ស៊ី​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់​ធ្វើឲ្យ​ខូច​អ៊ីមែល​ប្រជាជន​អាមេរិក អ៊ីមែល​របស់​ស្ថាប័ន​រួមបញ្ចូល​ទាំង​ស្ថាប័ន​នយោបាយ​អាមេរិក​ជាច្រើន​ផង​។​ការធ្វើ​បែប​នេះ​ដើម្បី​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​នៅ​អាមេរិក​។​

​យ៉ាងណាមិញ​លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត បាន​បដិសេធ​ចោល​ទាំងស្រុង​របាយការណ៍​ដែល​បែកធ្លាយ​ចេញពី​WikiLeaks​។​លោក​មិន​ជឿ​ឡើយ​ថា​រុស្ស៊ី​បាន​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ដើម្បី​រំខាន​ដល់​ការបោះឆ្នោត​នៅ​អាមេរិក ហើយ​លោក​ក៏​មិន​គិតថា​វា​អាច​ទៅរួច​ដែរ​៕

ព័ត៌មានផ្សេងទៀត