ជាយុទ្ធសាស្ដ្រថ្មីរបស់លោកដូណាល់ ត្រាំឬយ៉ាងណា ដែលលោកចាប់ផ្ដើមជជែកជាមួយប្រធានាធិបតីតៃវ៉ាន់ធ្វើឲ្យគេឆ្ងល់យ៉ាងខ្លាំងពិសេសចិនតែម្ដង។អាមេរិក-តៃវ៉ាន់បានផ្ដាច់ទំនាក់ទំនងជាមួយគ្នាហើយ ប៉ុន្ដែបែរងាកមកស្និទ្ធស្នាលឡើងវិញ។ទង្វើនេះគេមើលឃើញថា លោកត្រាំទំនងចង់ឲ្យតៃវ៉ាន់មានភាពរឹងមាំ។កាលណារឹងមាំហើយ តៃវ៉ាន់អាចមានឱកាសគេចចេញពីសម្ពាធដាក់ដោយចិន ទោះដឹងថាសង្ឃឹមតិច ប៉ុន្ដែត្រូវសាកល្បងព្រោះមានអាមេរិកជាសម្អាង។លោកដូណាល់ ត្រាំ ពិតជាចង់ប្រើតៃវ៉ាន់មកសាកល្បងចិនឬ?
ជាបន្ដសូមស្ដាប់សេចក្ដីរាយការណ៍ពីពេញ ផេងនៅក្នុងនាទីព្រឹត្ដិការណ៍អន្ដរជាតិដូចតទៅ៖
សំឡេង៖
ការជួបគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោកដូណាល់ ត្រាំជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រីត្សៃ អ៊ីងវិនថ្មីៗនេះ បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនយោបាយនិងអ្នកវិភាគ។អាមេរិកនិងតៃវ៉ាន់បានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៧៩ ហើយបច្ចុប្បន្នគ្មានចំណងមិត្ដភាពអ្វីពិសេសទេ។
បើគ្មានអ្វីពិសេសផង ចុះម្ដេចលោកដូណាល់ ត្រាំគ្រាន់តែជាប់ឆ្នោតមិនទាន់ស្បថចូលកាន់តំណែងផង បានទូរស័ព្ទទៅលោកស្រីត្សៃ អ៊ីវិនបែបនេះ។គ្រាន់ជាការជួបពិភាក្សាគ្នាធម្មតាឬក៏បង្កប់អ្វីផ្សេងក្នុងកិច្ចជំនួប?
តាមការអះអាងពីទីប្រឹក្សាលោកត្រាំនិងខាងការិយាល័យប្រធានាធិបតីតៃវ៉ាន់ ក្នុងពេលពិភាក្សាតាមទូរស័ព្ទ លោកដូណាល់ ត្រាំនិងលោកស្រីត្សៃ អ៊ីងវិនបានអបអរដល់ជ័យជម្នះទៅវិញទៅមក និងបានបង្ហាញជំហរចង់រឹតចំណងមិត្ដភាពផ្នែកសេដ្ឋកិច្ច សន្ដិសុខ បង្កើតភាពជិតស្និទ្ធនឹងគ្នាឡើងវិញ។ការប្រកាសធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងថា លោកដូណាល់ ត្រាំពិតជាចង់សើរើសម្ព័ន្ធមិត្ដចាស់របស់អាមេរិកឡើងវិញ។បើនៅចំពោះមុខ ពិតជាពិបាកជឿណាស់ថាលោកត្រាំនិងលោកស្រីត្សៃនិយាយគ្នារឿងធម្មតា។បើធម្មតាមែនក៏មិនធ្វើឲ្យច្របូកច្របល់ដែរ ច្បាស់ជាមានអ្វីនៅពីក្រោយ។វាអាចជាការបំផ្លាញសក្ដានុពលណាមួយរបស់ចិនទៅលើតៃវ៉ាន់ ស្របពេលតៃវ៉ាន់កំពុងចង់បានឯករាជ្យ។
ចិនមិនទាន់ប្រតិកម្មឲ្យខ្លាំងក្លានៅឡើយទេជុំវិញបញ្ហានេះ គ្រាន់តែសង្ឃឹមលោកដូណាល់ ត្រាំយល់ពីគោលនយោបាយដែនដីរួមរបស់ចិន។ចង់បង្កើនចំណងមិត្ដភាពជាមួយចិន ត្រូវពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង។ហេតុនេះចិនជឿជាក់លោកត្រាំរួមទាំងក្រុមការងាររបស់លោកមានគោលនយោបាយច្បាស់លាស់ជាមួយខ្លួន។ចំពោះចិន តៃវ៉ាន់គ្រាន់ជាខេត្ដមួយរបស់ខ្លួនប៉ុណ្ណោះ ចិនមិនដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យឡើយ។ទើបតែរដ្ឋាភិបាលថ្មីរបស់លោកស្រីត្សៃចូលកាន់តំណែង តៃវ៉ាន់បានបង្ហាញភាពមាំទាំ ចង់ងាកចេញពីការគ្រប់គ្រងរបស់ចិន ខុសពីរដ្ឋាភិបាលតៃវ៉ាន់អាណត្ដិមុន។
តាមការបកស្រាយពីទីប្រឹក្សារបស់លោកដូណាល់ ត្រាំ អាមេរិកគ្មានចេតនាចង់បង្កហេតុជាមួយចិនទេ អាមេរិកគោរពគោលនយោបាយរបស់ចិន។អ្វីដែលលោកត្រាំងាកទៅរកតៃវ៉ាន់ពេលនេះ គ្រាន់តែបារម្ភពីស្ថានភាពសន្ដិសុខ ស្ថេរភាពលើកោះតៃវ៉ាន់ប៉ុណ្ណោះ។គ្រាន់តែរឿងប៉ុណ្ណឹងបើចិនអន់ចិត្ដក៏អន់ចុះ។
អំណះអំណាងទៅវិញទៅមក មន្ទិលសង្ស័យកើតឡើងកាន់តែខ្លាំង។គេរឹតតែប៉ាន់ស្មានមិនត្រូវពីចិត្ដរបស់លោកដូណាល់ ត្រាំ។លោកត្រាំដែលមានជំហរចង់ចាប់ដៃចិន ប៉ុន្ដែសកម្មភាពដូចចង់បញ្ឈឺចិន។ពីមុនឡើយគេគិតថាលោកដូណាល់ ត្រាំជាមនុស្សងាយស្រួលនិយាយគ្នា ប៉ុន្ដែផ្អែកលើគោលនយោបាយដ៏ចម្លែករបស់លោក គេចាប់ផ្ដើមវាយតម្លៃថាលោកត្រាំជាមនុស្សពិបាកស្មានចិត្ដទៅវិញ។
មិនត្រូវភ្លេចទេចិនជាគូប្រជែងផ្នែកសេដ្ឋកិច្ចដ៏ធំរបស់អាមេរិក ចិនចង់បានតំណែងប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយក្នុងពិភពលោក ដោយទម្លាក់អាមេរិកមកលេខពីរវិញ។ចិនបានពង្រីកសក្ដានុពលរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីនិងតំបន់ផ្សេងៗ តាមរយៈការរឹតចំណងមិត្ដភាព និងការផ្ដល់ជំនួយជាទឹកប្រាក់រាប់លានយ័នដល់បណ្ដាប្រទេសជាច្រើន។គោលដៅនេះ ចិនចង់បានដៃគូច្រើន ទាំងដៃគូសេដ្ឋកិច្ចនិងនយោបាយ ដើម្បីអាចឈជើងមាំទប់ទល់ឥទ្ធិលពលរបស់អាមេរិក។
ដូច្នេះចង់មិនចង់លោកដូណាល់ ត្រាំដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧ខាងមុខ មិនអាចអនុញ្ញាតឲ្យចិនវ៉ាអាមេរិកបានឡើយ ពិសេសផ្នែកសេដ្ឋកិច្ចតែម្ដង។បើចិនឈ្នះ តើលោកដូណាល់ ត្រាំគិតយ៉ាងម៉េចវិញ ព្រោះលោកធ្លាប់សន្យាលើកកម្ពស់សេដ្ឋកិច្ចអាមេរិកឲ្យខ្លាំងជាងមុន។ម្យ៉ាងលោកជាអ្នកជំនួញស្រាប់ លោកយល់ច្បាស់ពីស្ថានបច្ចុប្បន្ន ត្រូវតែឲ្យអាមេរិកមានភាពរុងរឿងគ្រប់វិស័យ ក្លាយជាអាមេរិកថ្មីតាមការប្ដេជ្ញា។
នេះហើយជាដើមចមដែលអ្នកវិភាគយល់ថា លោកដូណាល់ ត្រាំព្យាយាមចង់ឲ្យចិនបែកចែកខ្លួនដោះស្រាយបញ្ហាវិញម្ដង។ដំបូងឡើយអាមេរិកចាប់ផ្ដើមជាមួយតៃវ៉ាន់ជាបណ្ដើរៗសិន បើមានប្រសិទ្ធភាព អាមេរិកអាចប្រើជាមួយប្រទេសផ្សេងទៀតដែលមានទំនាក់ទំនងជាមួយចិន។ជាក់ស្ដែងមានរុស្ស៊ីជាសម្ព័ន្ធមិត្ដជិតស្និទ្ធរបស់ចិន។លោកដូណាល់ ត្រាំធ្លាប់ប្រកាសចង់រឹតចំណងមិត្ដភាពជាមួយរុស្ស៊ី ស្ដារទំនាក់ទំនងអាមេរិក-រុស្ស៊ី។បើពិតមែនអាមេរិកនិងរុស្ស៊ីប្រាកដជាសម្លឹងមើលផលប្រយោជន៍ទៅវិញទៅមក។រីឯចិនចៀសមិនរួចពីការជះឥទ្ធិពលមិនល្អឡើយ។
តើទាំងនេះជាគោលនយោបាយរបស់លោកដូណាល់ ត្រាំសម្រាប់ត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីអាមេរិកឬយ៉ាងណា?លោកដូណាល់ ត្រាំនឹងដឹកនាំប្រទេសប្លែកយ៉ាងម៉េចខ្លះពីលោកបារ៉ាក់ អូបាម៉ា?