មន្ដ្រីជាន់ខ្ពស់​​បី​ប្រទេស​​​នឹង​ជួប​គ្នា​​នៅ​ថ្ងៃ​ទី​១៣​ធ្នូ​​រក​វិធីសាស្ដ្រ​​ទប់ទល់​​នឹង​​កូរ៉េខាងជើង​

05-12-2016 11:26 am 1978
រូបភាព​លោកគីម ជុងអ៊ុន​​កំពុងពិនិត្យ​ការធ្វើតេស្ដមីស៊ីល

​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងត្បូង អាមេរិក ជប៉ុន​ទទួលបន្ទុក​ផ្នែក​នុយក្លេអ៊ែរ នឹង​ជួប​គ្នា​ក្នុង​ទីក្រុង​សេ​អ៊ួ​ល​ប្រទេស​កូរ៉េខាងត្បូង នៅ​សប្ដាហ៍​ក្រោយ​គឺ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ​។​ជំនួប​ត្រីភាគី​ពិភាក្សា​ពី​ការប្រឈមមុខ​ជាមួយនឹង​ការគំរាមកំហែង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​ការបរទេស​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​០៥​ធ្នូ​នេះ​។​

​តំណាង​ពិសេស​របស់​កូរ៉េខាងត្បូង​លោក​Kim Hong-kyun ទទួលបន្ទុក​លើ​បញ្ហា​សន្ដិភាព​និង​កិច្ចការ​សន្ដិសុខ​នៃ​ក្រសួងការបរទេស នឹង​ជួប​ជាមួយ​ដៃគូ​សន្ទនា​មកពី​អាមេរិក​និង​ជប៉ុន​លោក​Joseph Yun​និង​លោក​Kenji Kanasugi​។​កិច្ចប្រជុំ​ធ្វើឡើង​បន្ទាប់​ពី​អង្គការសហប្រជាជាតិ បានអនុម័ត​ទណ្ឌកម្ម​ថ្មី​ដាក់​លើ​កូរ៉េ​ខាងជើង​កាលពី​សប្ដាហ៍​មុន​។​ជា​ការដាក់ពិន័យ​ដែល​កូរ៉េខាងជើង​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​០៥ រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​

ក្រៅពី​ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ កូរ៉េខាងត្បូង អា​មេរិ​កនិង​ជប៉ុន​បាន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគីប្រឆាំង​កូរ៉េខាងជើង​ផងដែរ​។​

សូមបញ្ជាក់​ថា កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បាន​ប្រតិកម្ម​ជា​ញយ​ដង រឿង​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​។​កូរ៉េខាងត្បូង​ថា​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​នុយក្លេអ៊ែរ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​សន្ដិសុខ​លើ​ឧបទ្វីប​កូរ៉េ សន្ដិសុខ​ក្នុង​តំបន់ និង​សន្ដិសុខ​ពិភពលោក​។​រីឯ​ជប៉ុន​វិញ​ថា​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ធ្លាក់​ក្នុង​ដែន​អធិបតេយ្យ​របស់គេ​ជា​ច្រើនលើក​ច្រើនសារ​។​

​ដោយឡែក​អាមេរិក​ដ្បិត​មិន​ទាន់​រងគ្រោះ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្ដែ​ការ​ឈឺឆ្អាល​ក្នុងនាម​ជា​ប្រទេស​មហាអំណាច ចង់ឲ្យ​មាន​សន្ដិភាព​ក្នុងពិភពលោក ចៀសផុត​ពី​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​។​ម្យ៉ាង​កូរ៉េខាងត្បូង​និង​ជប៉ុន​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​របស់​អាមេរិក ដូច្នេះ​អាមេរិក​មិន​ចង់ឲ្យ​ប្រទេស​ទាំងពី​ររស់​ក្រោម​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ឡើយ ត្រូវតែ​ចេញ​មុខ​អន្ដរាគមន៍​៕

ព័ត៌មានផ្សេងទៀត