លោក​ដូណាល់ ត្រាំ​​និង​លោក​​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​​គ្រោង​ជួប​គ្នា​​នៅ​ឆ្នាំ​២០១៧

03-12-2016 10:34 am 1547
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកឌុយទែតេ

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​របស់​ហ្វីលីពីន ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ បាន​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​សេត​វិមាន​នៅ​ឆ្នាំ​២០១៧​។​មន្ដ្រី​ហ្វីលីពីន​និយាយថា ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​ប្រហែល​០៧​នាទី​កាលពី​ថ្ងៃ​សុក្រ ដោយ​កិច្ចសន្ទនា​មានការ​ចុះសម្រុង​និង​បង្ហាញ​ពី​ការប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ល្អ​ណាស់​។​

​មន្ដ្រី​ដដែល​ឲ្យដឹងទៀតថា លោក​ឌុយ​ទែតេស​ង្ឃឹ​ម​លោកត្រាំ​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៧​។​

​ជា​ការកត់សម្គាល់ ជាមួយ​លោក​ដូណាល់ ត្រាំ លោក​ឌុយ​ទែ​តេ​ហាក់​មាន​ភាព​រាក់ទាក់ ខុសប្លែក​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​។​លោក​អូ​បា​ម៉ា​ត្រូវ​លោ​ឌុយ​ទែ​តេ​វាយប្រហា​រដោយ​ពាក្យសម្ដី​មិន​ស្ទើរ​ទេ ហើយ​បាន​ប្រកាស​ឈប់​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​ទៀត ធ្វើឲ្យ​ទំនាក់ទំនង​រាប់​ឆ្នាំ​រវាង​អាមេរិក​-​ហ្វីលីពីន​ត្រូវ​រង​ភាព​ប្រេះស្រាំ​។​

ប៉ុន្ដែ​គ្រាន់​លោក​ដូណាល់ ត្រាំ​ទទួល​ជ័យជម្នះ​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក លោក​ឌុយ​ទែ​តេ​ក៏​ផ្លាស់ប្ដូរ និង​ងាក​មក​រឹតចំណង​មិត្ដភាព​ជាមួយ​អាមេរិក​វិញ​។​សមយុទ្ធ​ដែល​ធ្លាប់​ប្រកាសថា​ឈប់​ធ្វើ នឹង​ត្រូវ​ចាប់ផ្ដើម​ឡើង​ជា​ធម្មតា​នៅ​ឆ្នាំ​បន្ទាប់​។​លោក​ឌុយ​ទែ​តេ​ថែម​ទាំង​បញ្ជាក់ទៀតថា លោក​និង​លោក​ត្រាំ​ពិតជា​ពេញចិត្ដ​គ្នា​ទៅវិញទៅមក ហើយ​នឹង​មាន​ទំនាក់ទំនង​ល្អ​មិន​ខាន​។​

​កន្លងមក​ដែល​លោក​ឌុយ​ទេ​តែ​និង​លោក​អូ​បា​ម៉ា​មើលមុខ​គ្នា​មិន​ចំ ដោយសារ​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា​ទទូច​ឲ្យ​ហ្វីលីពីន​គោរព​សិទ្ធិមនុស្ស ចៀសវាង​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ជា​យុទ្ធសាស្ដ្រ​របស់​លោក​ឌុយ​ទែ​តេ​។​ប៉ុន្ដែ​ហ្វីលីពីន​បាន​ឆ្លើយតប​វិញ​ថា វា​ជា​បញ្ហា​របស់​ហ្វីលីពីន​ទុក​ឲ្យ​ហ្វីលីពីន​ជា​អ្នកដោះស្រាយ អន្ដរជាតិ​ពិសេស​អាមេរិក​មិនបាច់​លូកដៃ​ទេ​៕

 ពាក្យគន្លឹះ  អាមេរិក-ហ្វីលីពីន

ព័ត៌មានផ្សេងទៀត