ជំនួប​តាម​ទូរស័ព្ទ​​រវាង​លោក​ត្រាំ​​និង​ប្រធានាធិបតី​​តៃវ៉ាន់​​អាច​នឹង​ធ្វើឲ្យ​​ចិន​ប្រតិកម្ម​

03-12-2016 9:49 am 5489
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកស្រីត្សៃ អ៊ីងវិន

​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ បាន​ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី ត្សៃ អ៊ីង​វិន​កាលពី​ថ្ងៃ​ទី​០២​ធ្នូ​។​ជា​កិច្ចសន្ទនា​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​យ៉ាងខ្លាំង ដ្បិត​អាមេរិក​បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់​តាំងពី​ឆ្នាំ​១៩៧៩​។​អាមេរិក​ចាត់ទុក​តៃវ៉ាន់​គ្រាន់​មាន​ទំនាក់ទំនង​ធម្មតា​ប៉ុណ្ណោះ និង​ទទួលស្គាល់​ទីក្រុង​ប៉េកាំង​ជា​ទីក្រុង​នៃ​ដែន​ដី​រួម​របស់​ចិន​។​

​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​អបអរ​ពី​ជ័យជម្នះ​ទៅវិញទៅមក ដែល​បាន​ជាប់​ជា​ប្រធានាធិបតី និង​បាន​បង្ហាញ​ពី​ការ​រឹតចំណង​សេដ្ឋកិច្ច​ជិតស្និទ្ធ ទំនាក់ទំនង​ការទូត សន្ដិសុខ​រវាង​តៃវ៉ាន់​ជាមួយ​អាមេរិក​។​នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់​។​

​ការបង្ហាញ​ពី​ភាពជិតស្និទ្ធ​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ និង​ប្រធានាធិបតី​តៃវ៉ាន់ ត្រូវបាន​អ្នកវិភាគ​យល់ឃើញថា ទំនង​នឹង​ធ្វើឲ្យ​ចិន​ប្រតិកម្ម​ជា​ក់​ជាមិនខាន​។​រដ្ឋាភិបាល​ចិន​កំពុង​ចង់​ខ្ទប់​មិន​ឲ្យ​តៃវ៉ាន់​ផ្ដាច់ខ្លួន​ចេញ​ជា​រដ្ឋ​ឯករាជ្យ ព្រោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​។​ដូច្នេះ​បើ​លោក​ដូណាល់ ត្រាំ​ចង់​រឹតចំណង​មិត្ដភាព​ជាមួយ​តៃវ៉ាន់ បានន័យថា​ចង់​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​។​

យ៉ាងណា​ក៏​ដោយ​មន្ដ្រី​នៃ​សេត​វិមាន​អាមេរិក​អះអាងថា ការជួប​គ្នា​តាម​ទូរស័ព្ទ​រវាង​ថ្នាក់ដឹកនាំ​ទាំងពីរ អាមេរិក​គ្មាន​ចេតនា​ណាមួយ​ចង់​ផ្លាស់ប្ដូរ​គោលនយោបាយ​ជាមួយ​ប្រទេស​ចិន​ទេ​។​អាមេរិក​នៅ​តែ​ទទួលស្គាល់​គោលនយោបាយ​មួយ​របស់​ចិន និង​ចាត់​ទុក​ទីក្រុង​ប៉េកាំង​ជា​ទីក្រុង​នៃ​ដែន​ដី​រួម​របស់​ចិន​។​ប៉ុន្ដែ​អ្វី​ដែល​អាមេរិក​បារម្ភ គឺ​ស្ថានភាព​សន្ដិភាព​និង​ស្ថេរភាព​នៅលើ​កោះ​តៃវ៉ាន់​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  អាមេរិក-តៃវ៉ាន់

ព័ត៌មានផ្សេងទៀត