លោក​​សួន​ សេ​រី​​រដ្ឋា​​ចេញ​មុខ​​ជំ​ទាស់​​នឹង​​ការ​ប្តូរ​​ខ្នាត​​ផែន​ទី​​

02-12-2016 3:26 pm 4805

​បន្ទាប់ពី​លោក​ហ៊ុន សែន​ឯកភាព ជាមួយ​ប្រទេស​វៀតណាម​ពី​គម្រោង​ផ្ទេរ ឬ​ចម្លង​ផែនទី​ពី​ខ្នាត​១/១០០.០០០ មក​ផែនទី​ខ្នាត ១/៥០.០០០ ត្រូវបាន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​រូបនេះ ចេញ​មក​ពន្យល់ ជា​ច្រើនលើក​ច្រើនសារ បន្ទាប់ពី​មាន​ការរិះគន់ ពី​សាធារណៈជន អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ហ៊ុន សែន បាន​ពន្យល់ថា ការ​បំប្លែង​ខ្នាត​ផែនទី​ឲ្យបាន​កាន់តែ​ធំ នេះ​មិនមែន​បង្កើត​ផែនទី​ថ្មី​ទេ គឺ​ចម្លង​ផែនទី​ពី​ផែនទី​ខ្នាត​១/១០០.០០០ មក​ខ្នាត​១/៥០.០០០ ដើម្បី​ងាយស្រួល​វាស់វែង និង​​​​បោះ​​បង្គោល​តែប៉ុណ្ណោះ​។ ពោល​គឺ​គ្មាន​ការកែប្រែ ឬ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ មាត្រា​២ នោះទេ​។ លោក​ហ៊ុន សែន បាន​ចំអក​ថា បើ​អស់លោក​មិន​យល់​គួរ​រៀនសូត្រ​បន្ថែម ឬ​ស្វែង​យល់​បន្ថែម​ទើប​ជា​ការល្អ ដើម្បី​ចៀសវាង​ការលើក​យោបល់ ដោយ​ឆោតល្ងង់ ឬ​បង្ក​ជម្លោះ​។​

​ការពន្យល់​របស់​លោក​ហ៊ុន សែន មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​លោក​សួន សេរី​រដ្ឋា ប្រធាន​គណក្ស​អំណាច​ខ្មែរ បាន​លើកឡើង​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ថា អ្នក​ដែល​ឯកភាព​យល់ព្រម​ជា​មួយ​យួន ប្តូរ​ខ្នាត​មាត្រដ្ឋាន​ផែនទី​ប្រទេស​ខ្មែរ ពី​ខ្នាត ១/១០០.០០០ មក ប្រើ​ខ្នាត ១/៥០.០០០ និង​អ្នកគាំទ្រ​ឲ្យ​ប្តូរ​ខ្នាត​មាត្រដ្ឋាន​ផែនទី​នេះ គឺជា​ជន​ក្បត់ជាតិ ពី​ព្រោះ​ទង្វើ​នេះ​ប្រឆាំង​ច្បាប់រដ្ឋធម្មនុញ្ញ និង​ធ្វើ​រដ្ឋប្រហារធម្មនុញ្ញ គឺជា​ជន​ក្បត់ជាតិ​។​​

ទាក់ទង​នឹង​ការលើកឡើង​ខាងលើ​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​មិន​ចាប់អារម្មណ៍​នោះ​ឡើយ​។ មិន​ចាប់​អារម្មណ៍ ត្រូវបាន​លោក​សុខ ឥសាន បញ្ជាក់ថា ការប្រើប្រាស់​ផែនទីបោន​ខ្នាត ១/១០០.០០០ ដែល​បន្សល់​ទុក​ដោយ​បារាំង វា​មាន​លក្ខណៈ​តូច​ពេក ដូច្នេះ​ទើប​កម្ពុជា ឯកភាព​គ្នា​ជាមួយ​ប្រទេស​វៀតណាម រក​អាជ្ញាកណ្ដាល​ដើម្បី​ពង្រីក​ផែនទី​នឹង​………….
​សំឡេង​៖

​សូមបញ្ជាក់​ថា ការឯកភាព​គ្នា​រវាង​លោក​ហ៊ុន សែន ជាមួយ​ប្រទេស​វៀតណាម​ពី​គម្រោង​ផ្ទេរ ឬ​ចម្លង​ផែនទី​ពី​ខ្នាត​១/១០០.០០០ មក​ផែនទី​ខ្នាត ១/៥០.០០០ ត្រូវបាន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​ផង​ដែរ​។ ប៉ុន្តែ​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ ដែល​ជា​មន្ត្រីជាន់ខ្ពស់រ​បស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្ដែង​ការ​មិន​ពេញ​ព្រះទ័យ និង​បាន​សរសេ​រលើ​ទំព័រ​ហ្វេ​សប៊ុក ដាស់តឿន​លោក​សម រង្ស៊ី ប្រយត្ន័​ចូល​អន្ទាក់​គណបក្ស​ប្រជា​ជន​៕

ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត