ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៣០វិច្ឆិកាថា នៅពេលលោកចូលកាន់តំណែងប្រធានាធិបតី លោកនឹងដកខ្លួនពីកិច្ចការជំនួញ។ការដកខ្លួន ដោយលោកចង់ផ្ដោតសំខាន់លើតួនាទីជាប្រធានាធិបតី ម្យ៉ាងមិនចង់មានបញ្ហាជាមួយដៃគូជំនួញដូចគ្នា ខណៈលោកជាមេដឹកនាំអាមេរិក។
លោកដូណាល់ ត្រាំជាសេដ្ឋីអចលនទ្រព្យមានទាំងក្រុមហ៊ុនផ្ទាល់ខ្លួន មានសណ្ឋាគារ និងដៃគូជំនួញនៅជុំវិញពិភពលោក មិនបានបញ្ជាក់លម្អិតថាពេលដកខ្លួនតើនឹងមានការគ្រប់គ្រងយ៉ាងណាទេ ប៉ុន្ដែក្រុមហ៊ុនរបស់លោកមានឈ្មោះថាTrump Organisation បានបញ្ជាក់ពីមុនថា កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី គឺនឹងមានការផ្ទេរភារកិច្ចគ្រប់គ្រង ដោយកូនៗរបស់លោកបីនាក់កំពុងធ្វើការក្នុងក្រុមហ៊ុនផងដែរ។
យ៉ាងណាក៏ដោយព័ត៌មានលម្អិតលើបញ្ហានេះ លោកដូណាល់ ត្រាំនឹងបង្ហាញក្នុងពេលធ្វើសន្និសីទកាសែតនៅថ្ងៃទី១៥ធ្នូ។ក្នុងសន្និសីទកាសែតលោកនឹងបកស្រាយពីការគ្រប់គ្រងក្រុមហ៊ុន ក្រោយពេលលោកដកខ្លួនទាំងស្រុងពីកិច្ចការជំនួញនៅជុំវិញពិភពលោក។លោកត្រាំសង្កត់ធ្ងន់ដែរថា ធ្វើដូច្នេះមិនមែនច្បាប់តម្រូវទេ ប៉ុន្ដែលោកមានអារម្មណ៍ថាវាពិតជាសំខាន់។ជាប្រធានាធិបតី មិនគួរណាទៅពាក់ព័ន្ធបង្កឲ្យមានជម្លោះរឿងផលប្រយោជន៍ជាមួយដៃគូជំនួញឡើយ។
សូមរម្លឹកថា លោកដូណាល់ ត្រាំបានឈ្នះឆ្នោតជាប្រធានាធិបតីថ្មីអាមេរិក បន្ទាប់ពីការបោះឆ្នោតថ្ងៃទី០៨ខែវិច្ឆិកា។លោកបានយកឈ្នះលើបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោកស្រីហ៊ីលឡារី គ្លីនតុន។លោកត្រាំនឹងស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧ខាងមុខ បន្ដតំណែងជាប្រធានាធិបតីទី៤៥ ក្រោយលោកបារ៉ាក់ អូបាម៉ាចប់អាណត្ដិ៕