ការ​ចុះឈ្មោះ​បោះឆ្នោត​​បិទ​បញ្ចប់ ​ចំនួន​អ្នក​មិន​ទៅ​ចុះ​ឈ្មោះ​​មាន​ជាង​​១​លាន​នាក់​​

01-12-2016 4:06 pm 772

​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​រយៈពេល​បី​ខែ បាន​បញ្ចប់​នៅ​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​ម្សិលមិញ​។ ចំនួន​អ្នក​ចុះ​ឈ្មោះ​ឈាន​ដល់​ចន្លោះ ៧,៨លាន​នាក់ ទៅ​៨​លាន​នាក់ ស្មើ​នឹង​ប្រមាណ​៨១ភាគរយ​។ ចំនួន​នេះ​បានបង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​មិន​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​១​លាន​នាក់​។ គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ថ្មីៗ​មួយចំនួន​មិន​ពេល​ចិត្ត​ចំពោះ​ចំនួន​នេះ ខណៈ​ដែល​គណបក្សកាន់អំណាច និង គ​.​ជ​.​ប សាទរ​។

​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ត្រូវ​បាន​បិទ​បញ្ចប់​។ អត្រា​នៃ​អ្នក​ចុះ​ឈ្មោះ​មាន​ចំនួន ៨១% គិត ជា​ចំនួន​ប្រជាពលរដ្ឋ​មាន​ចំនួន​ចន្លោះ ៧,៨​លាន​នាក់​។ ចំនួន​ដែល​កើនឡើង​នេះ ក្រោយ​ពី​គ​.​ជ​.​ប​បានសម្រេច​បន្ត​ការចុះឈ្មោះ​បោះឆ្នោត​រហូតមកដល់​ម៉ោង​ប្រមាណ​ជា​១២​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ ដូច្នេះ សបញ្ជាក់​ឲ្យឃើញ​ថា នៅ​មាន​ចំនួន​ប្រជាពលរដ្ឋ​ប្រមាណជាង ១លាន​​នាក់​ទៀត​ពុំ​ទាន់​បាន​ចុះឈ្មោះ​។​

​តួលេខ​ពលរដ្ឋ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល និង​គ​.​ជ​.​ប​យល់ឃើញ​ស្រដៀង​គ្នា​ថា ដោយសារ ការ​ចំណាកស្រុក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​មាន​ចំនួន​១​លាន់​១​សែន​នាក់ ជា​ចំនួន​ផ្លូវការ នៅ​មិនទាន់​គិត​ដល់​ចំនួន​ពលក​ដែល​ទៅ​ក្រៅ​ដោយ​ខុសច្បាប់​ផង​។ ទី​២ ពលរដ្ឋ​កំពុងស្ថិត​នៅ​ពន្ធនាគារ  សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជន​ចាស់ជរា ពិការ មរណៈភាព  ដែល​មាន​រហូត​ដល់​ប្រមាណ​១%​ក្នុងចំណោម​តួលេខ​ប៉ាន់ស្មាន និង​ទី​៣ ការ​បញ្ចាំ​អត្តសញ្ញាណប័ណ្ណ​។​

​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​សាទរ ចំពោះ​ចំនួន​នេះ​ទេ ដោយ​លោក​យល់ថា នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ដែល​មិន​បាន​ទៅ​ចុះ​ឈ្មោះ ជាពិសេស​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​មាន​ចំនួន​១​លាន​១​សែន​នាក់​។  លោក​យឹម សុវណ្ណ បាន​សម្តែង​ការសោកស្តាយ ចំពោះ​គ​.​ជ​.​ប  ដែល​មិន​បាន​ពន្យារពេល ឲ្យ​៣​ថ្ងៃ​បន្ថែម​ទៀត​ផង​ដែរ​។ អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​រូបនេះ បន្ថែមទៀតថា គណបក្ស​របស់​លោក​នឹង​ស្នើ​រដ្ឋសភា​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​មាន សិទ្ធិ​ចុះឈ្មោះ និង​បោះឆ្នោត​បាន​ផងដែរ​…

​សំឡេង​លោក​យឹម សុវណ្ណ​៖

​ការ​មិន​សាទរ​ចំពោះ​តួលេខ​ពលរដ្ឋ​ចុះឈ្មោះ​បោះឆ្នោត​នេះ មិនមែន​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ពោល​គឺ​គណបក្ស​ថ្មី​មួយ​ចំនួន​ទៀត​ដូចជា​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​អំណាច​ខ្មែរ​របស់​លោក​សួន សេរី​រដ្ឋា ដែល​ពួកគេ​យល់ថា គ​.​ជ​.​ប គឺ​ដូច​ទាត់​ចោល​សិទ្ធិ​បោះឆ្នោត​របស់ ពលរដ្ឋ​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​។

​តែ​យ៉ាងណាក្តី ទាក់ទងនឹងពលករ​ចំណាកស្រុក​នេះ លោក​ហង្ស ពុទ្ធា ធ្លាប់បាន​អះអាង​ថា មិនទាន់​ពិចារណា​ទេ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវច្បាប់​។ លោក​ថា គ​.​ជ​.​ប របស់​លោក​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង​ប៉ុណ្ណោះ​។​

​ផ្ទុយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ថ្មីៗ​ចំនួន សម្រាប់​គណបក្ស​ប្រជាជន នេះ​មិនមែន​ជា​ក្តីបារម្ភ​សម្រាប់​គណបក្ស​ឡើយ​។  លោក​សុខ ឥសាន ជា​អ្នកនាំពាក្យ​បាន​ពន្យល់ថា ការចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ប្រមាណ​ជា​៧៥% ទៅ​៨០% ហើយ​ចំនួន​នេះ​គឺ​គ្រប់គ្រាន់​នឹង​ទទួលយកបាន​...

​សំឡេង​លោក​សុខ ឥសាន​៖  

​សូមបញ្ជាក់​ថា ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ គ​.​ជ​.​ប បានចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១ កញ្ញា នឹង​បិទ​បញ្ចប់​វិញ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦  ហើយ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ -​សង្កាត់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧៕

(ដោយ គួន សំបូរ​)

 

 


 

 ពាក្យគន្លឹះ  ចុះឈ្មោះ​បោះឆ្នោត​

ព័ត៌មានផ្សេងទៀត