មន្ដ្រី​ជាន់ខ្ពស់​​អាមេរិក កូរ៉េខាងត្បូង ជប៉ុន​​គ្រោង​ជួប​គ្នា​​ក្នុង​ខែ​ធ្នូ​​ពិភាក្សា​​បញ្ហា​សំខាន់ៗ​

30-11-2016 4:55 pm 2280
តំណាង​ជាមន្ដ្រីជាន់ខ្ពស់ប្រទេសទាំងបី

​បេសកជន​ពិសេស​កូរ៉េខាងត្បូង អាមេរិក ជប៉ុន​នឹង​មាន​កិច្ច​ពិភាក្សា​ជាមួយ​គ្នា​នៅ​ខែ​ធ្នូ​ចុងឆ្នាំ​២០១៦​នេះ ដើម្បី​ពិភាក្សា​ពី​កិច្ចសហប្រតិបត្ដិកា​ររ​វា​ង​ប្រទេស​ទាំង​បី​។​បេសកជន​ពិសេស​ប្រទេស​ទាំង​បី​នឹង​ជួប​គ្នា​ក្នុង​ទីក្រុង​សេ​អ៊ួ​ល​នៅ​ពាក់កណ្ដាល​ខែ​ធ្នូ ដោយ​កូរ៉េ​ខាងត្បូង​តំណាង​ដោយ​លោក​Kim Hong-kyun អាមេរិក​តំណាង​ដោយ​លោក​Joseph Yun ជប៉ុន​តំណាង​ដោយ​លោក​Kenji Kanasugi​។​

​កិច្ចពិភាក្សា​ដែល​គ្រោង​ធ្វើឡើង​នេះ ក្រៅ​តែ​និយាយ​ពី​កិច្ចសហប្រតិបត្ដិការ​ប្រទេស​ទាំង​បី នឹង​មាន​ការពិភាក្សា​ពី​ការកើនឡើង​នូវ​ការគំរាមកំហែង​ផ្នែក​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ផងដែរ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​ការទូត​នៅ​ថ្ងៃ​ទី​៣០​វិច្ឆិកា​។​កិច្ចចរចា​រឿង​នុយក្លេអ៊ែ​រ គេ​រំពឹង​តំណាង​ទាំង​បី​ប្រទេស​អាច​រួមគ្នា​ដោះស្រាយ​កម្មវិធី​មី​ស៊ី​ល​និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​អាច​នឹង​អនុម័ត​ទណ្ឌកម្ម​ថ្មី​ក្នុង​សប្ដាហ៍​នេះ ឆ្លើយតប​ការ​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​លើក​ទី​០៥​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​០៩​ខែ​កញ្ញា​។​

​សូមបញ្ជាក់​ថា កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បាន​ប្រតិកម្ម​ជា​ញយ​ដង រឿង​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​និង​អាវុធ​នុយក្លេអ៊ែរ​។​កូរ៉េខាងត្បូង​ថា​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​នុយក្លេអ៊ែរ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ស្ថានភាព​សន្ដិសុខ​លើ​ឧបទ្វីប​កូរ៉េ សន្ដិសុខ​ក្នុង​តំបន់ និង​សន្ដិសុខ​ពិភពលោក​។​រីឯ​ជប៉ុន​វិញ​ថា​កូរ៉េខាងជើង​ធ្វើតេស្ដ​មី​ស៊ី​ល​ធ្លាក់​ក្នុង​ដែន​អធិបតេយ្យ​របស់គេ​ជា​ច្រើនលើក​ច្រើនសារ​។​

​ដោយឡែក​អាមេរិក​ដ្បិត​មិន​ទាន់​រងគ្រោះ​ដោយសារ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្ដែ​ការ​ឈឺឆ្អាល​ក្នុងនាម​ជា​ប្រទេស​មហាអំណាច ចង់ឲ្យ​មាន​សន្ដិភាព​ក្នុងពិភពលោក ចៀសផុត​ពី​ការប្រើ​អាវុធ​នុយក្លេអ៊ែរ​។​ម្យ៉ាង​កូរ៉េខាងត្បូង​និង​ជប៉ុន​ជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​របស់​អាមេរិក ដូច្នេះ​អាមេរិក​មិន​ចង់ឲ្យ​ប្រទេស​ទាំងពី​ររស់​ក្រោម​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​ឡើយ ត្រូវតែ​ចេញ​មុខ​អន្ដរាគមន៍​៕

ព័ត៌មានផ្សេងទៀត