គណបក្ស​អំណាច​ខ្មែរ​​ស្នើ​ឲ្យ​គ​.​ជ​.​ប​រៀប​ចំ​ការ​ចុះឈ្មោះ​បោះឆ្នោត​​សម្រាប់​ខ្មែរ​​នៅ​ក្រៅប្រទេស​​

29-11-2016 8:40 am 2653

វេលា​បិទ​បញ្ចប់​ការចុះឈ្មោះ​បោះឆ្នោត​កាន់តែ​កៀក​ចូលមក​ដល់ ពោល​គឺ​បាំង​តែ​១​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ យ៉ាងណា​ក្ដី​មក​ទល់​ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​មាន​តែ​៧​លាន​នាក់​ប៉ុណ្ណោះ ដោយ មិន​គ្រប់​តាម​ចំនួន ដែល គ​.​ជ​.​ប បាន​កំណត់​នោះ​ទេ​។ បញ្ហា​មិន​គ្រប់​ចំនួន​នេះ ត្រូវបាន​គេ​មើលឃើញថា ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​ធ្វើការ​ចំណាកស្រុក​នៅ​ឯ​ក្រៅប្រទេស មិន​បាន​ចុះឈ្មោះ​បោះឆ្នោត​នោះ​ទេ​។ ជាមួយគ្នានេះដែរ គណបក្ស​អំណាច​ខ្មែរ​បាន​ស្នើ​ទៅ​កាន់​គ​.​ជ​.​ប ឲ្យ​រៀបចំ​ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ពួកគេ ដើម្បី​កំណត់ ពី​ជោគវាសនា​ប្រទេសជាតិ​។ 

​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រាប់​ទៅកាន់​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប ថា ការបោះឆ្នោត​កន្លងមក​ជា​ច្រើន​អាណត្តិ​ហើយ ពលរដ្ឋ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ និង​រស់​នៅ​ក្រៅប្រទេស មិន​បាន​ចុះឈ្មោះ​បោះឆ្នោត និង​មិន​បាន​បោះឆ្នោត​។ លោក​សួន សេរី​រដ្ឋា បានបញ្ជាក់​ថា គ​.​ជ​.​ប មិនត្រូវ​បោះបង់​ចោល​ពលរដ្ឋ​ខ្មែរ​ជាង មួយ​លាន​ប្រាំ​សែន​នាក់ ដែល​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស និង​ពលរដ្ឋ​សញ្ជាតិ​ខ្មែរ​ជិត​២​លាន​នាក់​ដែល​បាន​ចេញ​ទៅ​រស់នៅ​ក្រៅប្រទេស ដែល​មាន​ដូចជា អាមេរិក កាណាដា អូស្ត្រាលី និង​សហគមន​អឺរ៉ុប​នោះទេ​។

ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​អះអាង​តាមរយៈ​ការសិក្សា​របស់​ខ្លួន​ថា ការរៀបចំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅប្រទេស​បាន​ចុះឈ្មោះ​បោះឆ្នោត វា​មិន​បាន​ចំណាយ​ថវិកា​ដូច​ការបកស្រាយ​របស់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​សុទ្ធតែ​មាន​លទ្ធភាព​ធ្វើដំណើរ​មក​ស្ថានទូត ស្ថាន​កុងស៊ុល វត្ត​ខ្មែរ និង​សមាគម​ខ្មែរ​ដោយ​ខ្លួនឯង​។  

មិន​ខុស​ពី​គណបក្ស​អំណាច​ខ្មែរ​ទេ កាលពី​ពេល​ថ្មីៗ​នេះ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​បាន​ស្នើ​ទៅ​កាន់ គ​.​ជ​.​ប ឲ្យ​ពន្យារពេល​៣​ថ្ងៃ​បន្ថែមទៀត ចំពោះ​ឃុំ​-​សង្កាត់​ណា​ដែល​មាន​អត្រា​ចុះ​ឈ្មោះ​ក្រោម ៧០% ឬ​មាន​ការចុះ​ឈ្មោះ​លើសពី​៥០​នាក់ ក្នុងអំឡុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ មួយវិញទៀត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ស្នើឲ្យ​សម្រួល​បែបបទខ្លះ​សម្រាប់​ចុះ​ឈ្មោះ​ក្នុងនោះ​មានដូចជា​៖ ការបញ្ជាក់​លិខិត​ស្នាក់នៅ និង​សំបុត្រ​កំណើត និង​ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក បាន​សិទ្ធិ​បោះឆ្នោត និង​ចុះឈ្មោះ​បាន​។ ទន្ទឹមនឹងនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យមាន​ក្រុម​ចុះ​ឈ្មោះ​ចល័ត​ទៅដល់​មូលដ្ឋាន​តាម​ភូមិ​ក្នុង​ឃុំ​-​សង្កាត់ និង​នៅតាម​ព្រំដែន​ផង​ដែរ​។

គួរ​ជម្រាប​ថា​កាលពី​ថ្ងៃ​២៥ វិច្ឆិកា កន្លងទៅ ក្នុងជំនួប​ពិភាក្សា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណៈកម្មាធិការ​ជាតិ ត្រូវបាន​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បញ្ជាក់ថា ស្ថាប័ន​លោក​នឹង​ពិចារណា​លើ​ចំណុច​ទាំងនេះ ក៏​ប៉ុន្តែ​លោក​ថា ពេលនេះ គ​.​ជ​.​ប មិនទាន់​អាច​សម្រេចបាន​នោះទេ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​។

សូមជម្រាបថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ២៧ វិច្ឆិកា ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​រួចរាល់​មាន​ចំនួន ជាង​៧,៦​សែន​នាក់​។ ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង ៩,៦ សែន​នាក់​៕

(​ដោយ​៖ ចេ​ន សុជាតា​)

 ពាក្យគន្លឹះ  គ.ជ.ប

ព័ត៌មានផ្សេងទៀត