អ្នក​មិន​​បាន​ទៅ​​ចុះ​ឈ្មោះ​​បោះឆ្នោត​​ភាគច្រើន​​ជា​ពលករ​​ចំណាកស្រុក​​

25-11-2016 3:48 pm 1197

​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​ពិភាក្សា​រក​ដំណោះស្រាយ​ពី​បញ្ហា​ប្រឈម​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​។ ក្រោយ​​បញ្ចប់​ការពិភាក្សា​ភាគី​ទាំង​ពីរ​យល់​ដូច​គ្នា​ថា អ្នក​ដែល​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​។ បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គ​.​ជ​.​ប ធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន​ដើម្បី​ឲ្យ​ពលករ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ស្ថានទូត ប៉ុន្តែ​សំណើ​នេះ ត្រូវបាន គ​.​ជ​.​ប បដិសេធ​។

​នៅសល់​៤​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នឹង​ត្រូវ​បិទ​បញ្ចប់​។ គិត​ត្រឹម​ថ្ងៃនេះ អត្រា​នៃ​អ្នក​ចុះ​ឈ្មោះ​មាន​ចំនួន ៧៧.៩៩% គិត​ជា​ចំនួន​ប្រជាពលរដ្ឋ​មាន​ចំនួន​៧.៥៣៧.​២៦៦​​នាក់ លើ​ចំនួន​រំពឹងទុក ៩.៦៦៤.២១៦​នាក់​។ ដូច្នេះ សបញ្ជាក់​ឲ្យឃើញ​ថា នៅ​មាន​ចំនួន​ប្រជាពលរដ្ឋ​ប្រមាណ ២.១២៦.៩៥០​នាក់​ទៀត​ពុំ​ទាន់​បាន​ចុះឈ្មោះ​។​

​តួលេខ​ពលរដ្ឋ​មិន​ទាន់​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ បាន​នាំអោយ​មាន​ការព្រួយបារម្ភ​ពី​សំណាក់​គណបក្ស​នយោបាយ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​។ នៅ​ថ្ងៃ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបពិភាក្សា​ជាមួយ​នឹង​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ពិភាក្សា និង​រក​ដំណោះស្រាយ​ពី​បញ្ហា​ប្រឈម​ក្នុង​ការចុះឈ្មោះ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​ទាក់ទង​នឹង​មូលហេតុ​ដែល​ពលរដ្ឋ​មិន​ទាន់​បោះឆ្នោត ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ និង​គ​.​ជ​.​ប​យល់ ឃើញ​ស្រដៀង​គ្នា​ថា​៖ ទី​១​ការ​ចំណាកស្រុក​របស់​ប្រជា​ពលរ​ខ្មែរ​។ ដោយ​សព្វថ្ងៃ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​មាន ចំនួន​១​លាន់​១​សែន​នាក់​ជា​ចំនួន​ផ្លូវការ នេះ​នៅ​មិនទាន់​គិតដល់​ចំនួន​ពលក​ដែល​ទៅ​ក្រៅ​ដោយ​ខុសច្បាប់​ផង​។ ទី​២ ចាស់ជរា និង​ទី​៣ ការ​បញ្ចាំ​អត្តសញ្ញាណប័ណ្ណ​។

​សំឡេង​លោក​ហង់ ពុទ្ធា​៖

​លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់ ការពិភាក្សា​នៅ​ថ្ងៃនេះ​ថា គណបក្ស​របស់​លោក​បាន​ស្នើឲ្យ គ​.​ជ​.​ប ពន្យារពេល​៣​ថ្ងៃ​បន្ថែមទៀត ចំពោះ​ឃុំ​-​សង្កាត់​ណា​ដែល​មាន​អត្រា​ចុះ​ឈ្មោះ​ក្រោម ៧០% ឬ​មាន​ការចុះ​ឈ្មោះ​លើសពី​៥០​នាក់ ក្នុងអំឡុង​៤​ថ្ងៃ​ចុងក្រោយ​នេះ​។ ទី​២ សម្រួល​បែបបទ​ខ្លះ​សម្រាប់​ចុះឈ្មោះ​ក្នុង​នោះ​មានដូចជា​៖​ការបញ្ជាក់​លិខិត​ស្នាក់នៅ និង​សំបុត្រ​កំណើត និង​ទី​៣​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​យល់ថា ជា​ចំណុច​សំខាន់​នោះ​គឺ ការធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​បាន​សិទ្ធិ​បោះឆ្នោត និង​ចុះឈ្មោះ​បាន​។ ទន្ទឹមនឹងនេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យមាន​ក្រុម​ចុះ​ឈ្មោះ​ចល័ត​ទៅដល់​មូលដ្ឋាន​តាម​ភូមិ​ក្នុង​ឃុំ​-​សង្កាត់ និង​នៅតាម​ព្រំដែន​ផង​ដែរ​…

​សំឡេង​លោក​យឹម សុវណ្ណ​៖

​យ៉ាងណាក្តី ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក​ហង់ ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បានបញ្ជាក់​ថា ស្ថាប័ន​របស់​លោក​នឹង​យក​ពិនិត្យ ដើម្បី​ដោះស្រាយ​ឲ្យទាន់​ពេលវេលា​។ ដោយឡែក​ចំពោះ​ការស្នើឲ្យ​ពលករ​ចំណាកស្រុក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត​បាន​នោះ លោក​ហង់ ពុទ្ធា អះអាងថា មិនទាន់​ពិចារណា​ទេ ពីព្រោះ​វា​ពាក់ព័ន្ធ​និង​បញ្ហា​ផ្លូវច្បាប់​។ លោក​ថា គ​.​ជ​.​ប របស់​លោក​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ គ​.​ជ​.​ប បានចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១ កញ្ញា នឹង​បិទ​បញ្ចប់​វិញ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​។ បើ​តាម​គម្រោង​ប្រជា​ពល រដ្ឋ​ខ្មែរ​៩. ៦៦៤.២១៦​នាក់ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​រហូត​មកដល់ពេលនេះ គឺមាន​តែ​ពលរដ្ឋ​ជាង​៧​លាន់ ៥​សែន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចុះឈ្មោះ​។ កន្លង​មក​គណៈកម្មាធិកា​រ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា (​អង្គការ​ខុមហ្វ្រែល​) បាន​អះអាង​ថា ឧបសគ្គ​ចម្បងៗ​ដែល​មាន​ប្រជាពលរដ្ឋ មិនទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​ដោយ​សារ បញ្ហា​ជន​ចំណាកស្រុក​មិនបាន​ត្រឡប់​មក​ចុះឈ្មោះ និង​បញ្ហា​ខ្វះ​ការអប់រំ​ផ្សព្វផ្សាយ​អំពី​សារសំខាន់​នៃ​ការចុះឈ្មោះ​៕

(ដោយ គួន សំបូរ​)


 

 ពាក្យគន្លឹះ  ចុះឈ្មោះ​បោះឆ្នោត

ព័ត៌មានផ្សេងទៀត