អភិបាល​ខណ្ឌ​ដង្កោ​៖ត្រូវ​រួមគ្នា​កសាង​បរិស្ថាន​គ្មាន​ផ្សែង​បារី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​

25-11-2016 11:10 am 1026

​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​(CMH) នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា​នេះ បាន​បន្ត​យុទ្ធនាការ​របស់​ខ្លួន ក្នុង​ការរៀបចំ​សិក្ខាសាលា​ស្តីពី ការអនុវត្ត បរិស្ថាន គ្មាន​ផ្សែង​បារី នៅ​សាលាខណ្ឌ​ដង្កោ ដែល​មាន​ការចូលរួម​ពី​លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន រួម​នឹង​ប្រជាពលរដ្ឋ ជា​អាជីវករ​លក់ដូរ ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ ម្ចាស់ផ្ទះ​សំណាក់​ជាច្រើន​នាក់​ផ្សេង​ទៀត​។​

គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ ដើម្បី​ពន្យល់​ណែនាំ ដល់​អាជីវករ និង​ម្ចាស់​អាជីវកម្ម​ទាំងនោះ យល់ដឹង​ពី ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ ឲ្យ​អនុវត្ត​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

​ថ្លែង​ក្នុង​អង្គ​សិក្ខាសាលា​នេះ លោក​នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ មានប្រសាសន៍ថា កន្លងមក កញ្ចប់​បារី​គ្មាន​សារ​ព្រមាន​សុខភាព​ថ្មី តាម​ការចង្អុលបង្ហាញ​របស់​អនុក្រឹត្យ នៅតែមាន​ដាក់លក់​នៅតាម​កន្លែង​លក់​បារី ផ្ទះ​លក់​គ្រឿងទេស ភោជនីយដ្ឋាន ហាង​កាហ្វេ ម៉ា​ត​។​ល​។ ស្លាក​សញ្ញា​ហាម​ជក់បារី មិនទាន់​ត្រូវបាន​បិទ នៅ​គ្រប់កន្លែង​ដែល​កំណត់​ដោយ​អនុក្រឹត្យ​នៅឡើយ​។ លោក​អភិបាលខណ្ឌ​រូបនេះ បាន​បន្តថា ការចូលរួម​អនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ របស់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម នៅថ្ងៃនេះ មិន​ត្រឹមតែ​មាន​ប្រយោជន៍ សម្រាប់​បច្ចុប្បន្ន​នោះ​ទេ គឺជា​ការយកចិត្តទុកដាក់ សម្រាប់​អនាគត របស់​កូនចៅ​ជំនាន់​ក្រោយ របស់​យើងទាំងអស់គ្នា​។

​បើ​តាម​ច្បាប់​ស្តីពី​ការពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​តម្រូវឲ្យ​ម្ចាស់​ក្រុមហ៊ុនថ្នាំជក់​ទាំងអ​ស់ ដែល​ចរាចរ​ក្នុងប្រទេស​កម្ពុជា ត្រូវ​បោះពុម្ភ​សារព្រមាន​សុខភាព ជា​អក្សរ និង​ជា​រូបភាព​ទំហំ​៥៥% លើ​ផ្ទៃ​នៃ​កញ្ចប់​បារី​។ មិន​ត្រូវ​បិទ​ផ្សាយ​នូវ​ផ្ទាំង​បដា ឬ​រូបភាព​ផ្សេងៗ ដែល​ស្ថិត​ក្នុង​ទម្រង់​នៃ ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ រួម​នឹង​បិទ​ស្លាក​សញ្ញា ហាម​ជក់បារី និង​មិន​ត្រូវ​តាំង​បង្ហាញ​ប្រដាប់​គោះ​បារី​។​
​ទោះជា​មាន​ការហាមឃាត់​យ៉ាងនេះ​ក្ដី ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ថ្នាំជក់ មិន​បាន​ហាមឃាត់​ការដាក់​លក់​បារី​ទេ​។ ក៏ប៉ុន្តែ ច្បាប់​អនុញ្ញាត​ឲ្យ​ដាក់តាំង​បង្ហាញ​កញ្ចប់​បារី​បានតែ ១​កញ្ចប់​ក្នុង​មួយ​ម៉ាក នៅ​កន្លែង​លក់​បារី​មួយ​។ សម្ភារៈ​ដាក់តាំង​កញ្ចប់​បារី​នោះ ត្រូវ​មាន​ពណ៌​ត្នោត ដែល​មិន​ទាក់ទាញ និង​មាន​ទំហំ​ផ្ទៃមុខ​មិន​លើស​ពី ២​ពាន់​ម៉ែត្រការ៉េ​។​

​យ៉ាងណាក៏ដោយ ក្នុង​អង្គ​សិក្ខាសាលា​នេះ លោក​មុំ គង់ នាយក​ប្រតិបត្តិការ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បាន​ថ្លែង​រម្លឹក​អំពី​ផលប៉ះពាល់ ចំពោះ​អ្នក​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ បណ្តាលឲ្យ​កើត​មាន​ជម្ងឺ​មហារីក បាត់បង់​សេដ្ឋកិច្ច​គ្រួសារ និង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត