លោក​ដូណាល់ ត្រាំ​​តែងតាំង​​ស្ដ្រី​ពីរ​រូប​​ឲ្យទទួល​តំណែង​​ធំៗ​ពីរ​

24-11-2016 5:04 pm 3244
អ្នកស្រី​Nikki Haley(ឆ្វេង)លោកត្រាំ(កណ្ដាល)និងអ្នកស្រីBetsy DeVos

​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ​បានប្រកាស​តែងតាំង​ស្ដ្រី​ពីរ​រូប​ឲ្យទទួល​តំណែង​សំខាន់ៗ​ក្នុង​រដ្ឋាភិបាល​ថ្មី​របស់​លោក ដែល​នឹង​ចូល​មក​ដឹកនាំ​ប្រទេស​បន្ទាប់​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ផុត​អាណត្ដិ​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៧​។​

លោក​ដូណាល់ ត្រាំ​បានតែងតាំង​អ្នកស្រី​Nikki Haley​អភិបាលរដ្ឋ​South Carolina ជា​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​។​ចំណែក​អ្នកស្រី​Betsy DeVos តែងតាំង​ជា​រដ្ឋមន្ដ្រី​អប់រំ​។​អ្នកស្រី​Betsy DeVos​ជា​ប្រធាន​សហព័ន្ធ​សម្រាប់​កុមារ និង​ជា​អតីត​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋ​Michigan​ឬ​Michigan's Republican Party​។​

​ទាំង​អ្នកស្រី​Nikki Haley​និង​អ្នកស្រី​Betsy DeVos សុទ្ធតែ​បាន​រិះគន់​លោក​ដូណាល់ ត្រាំ​ក្នុង​ពេល​ធ្វើ​យុទ្ធណាការ​ឃោសនា​បោះឆ្នោត គឺ​រិះគន់​លើ​គោលនយោបាយ​មួយចំនួន​មាន​បញ្ហា​ជន​ចំណាកស្រុក​ជាដើម និង​ថា​លោក​ដូណាល់ ត្រាំ​មិន​សម​ធ្វើ​ជា​ប្រធានាធិបតី​ទេ​។​តែ​យ៉ាងណាក៏ដោយ លោក​ត្រាំ​បាន​សម្រេចចិត្ដ​បែបនេះ ត្រូវ​មើលឃើញថា​លោក​ចង់​សម្របសម្រួល​និង​ចង់​រួបរួមគ្នា​ជាមួយ​អ្នកស្រី​Nikki Haley​និង​អ្នកស្រី​Betsy DeVos​។​

​តាម​សារ​ជា​វីដេអូ​បង្ហោះ​កាលពី​ថ្ងៃ​ពុធ លោក​ត្រាំ​និយាយ​ថា​ទើបតែ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​មាន​រយៈពេល​យូរ និង​ពោរពេញ​ដោយ​ការវាយប្រហារ​គ្នា​ទៅវិញទៅមក​។​ដូច្នេះ​នៅពេល​នេះ​លោក​សូម​អំពាវនាវ​ឲ្យ​ប្រជាជន​ទុក​ការ​បែក​ចែក​របស់​គេ​មួយផ្នែក ងាក​មក​ផ្លាស់ប្ដូរ​រួម​គ្នា​ជា​ប្រទេស​មួយ​៕

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត