រុស្ស៊ី​៖​​ការជួសជុល​​ទំនាក់ទំនង​​ជាមួយ​អាមេរិក​​ឡើង​វិញ​​មិន​ងាយស្រួល​ទេ​

24-11-2016 3:23 pm 3648
លោកពូទីន(ឆ្វេង)​និងលោកអូបាម៉ា

​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​ប្រទេស​រុស្ស៊ី​លោក​Dmitry Peskov​បានឲ្យដឹងថា ការជួសជុល​ទំនាក់ទំនង​ដ៏​ជូរ​ចត់​រវាង​រុស្ស៊ី​និង​អាមេរិក មិនមែន​ជា​រឿង​ងាយស្រួល​ទេ​។​លោក​បញ្ជាក់ថា ទំនាក់ទំនង​រវាង​រុស្ស៊ី​ជាមួយ​អាមេរិក​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​បាល​លោក​បា​រ៉ាក់ អូ​បា​ម៉ា ស្ទើរតែ​ធ្លាក់​ដល់​បាត​ទៅ​ហើយ​។​ដូច្នេះ​ពិតជា​មិន​ងាយស្រួល​ស្ដារ​ឡើងវិញ​ឡើយ ហើយ​ដំណើរការ​នេះ​ក៏​មិនអាច​ធ្វើទៅបាន​លឿន​ដែរ​។​

​យ៉ាងណាមិញ​រុស្ស៊ី​សង្ឃឹមថា អាច​ចាប់ផ្ដើម​កិច្ច​ចរចា​ជាមួយ​អាមេរិក​ឡើងវិញ​នៅពេល​រដ្ឋបាល​របស់​លោក​ត្រាំ​ចូលមក​ដឹកនាំ​ប្រទេស ដោះស្រាយ​បញ្ហា​ប្រឈម​កន្លងមក​។​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក​លោក​ដូណាល់ ត្រាំ​និង​លោក​វ្លា​ឌី​មៀ ពូ​ទីន ធ្លាប់​បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ ហើយ​បាន​ឯកភាព​ថា​នឹង​រួមគ្នា​ធ្វើឲ្យ​ទំនាក់ទំនង​បច្ចុប្បន្ន​មាន​សភាពធ​ម្មតា​។​ការជួប​គ្នា​តាម​ទូរស័ព្ទ​ធ្វើឡើង​បន្ទាប់ពី​លោក​ដូណាល់ ត្រាំ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​រុស្ស៊ី​និង​អាមេរិក​នៅ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយចំនួន ដូចជា​វិបត្ដិ​នៅ​ស៊ី​រី បញ្ហា​នៅ​អ៊ុយ​ក្រែន​ជាដើម​។​នៅ​ស៊ី​រី​អាមេរិក​ទាមទារ​ទម្លាក់​លោក​អាសាធ​ចេញពី​តំណែង តែ​រុស្ស៊ី​បែរ​ជា​គាំទ្រ​ទៅ​វិញ​ហើយ​និយាយថា វាសនា​ប្រធានាធិបតី​ស៊ី​រី​ទុក​ឲ្យ​ប្រជាជន​ស៊ី​រី​ជា​អ្នកសម្រេច​។​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅ​អ៊ុ​យក្រែន អាមេរិក​ថា​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែន​ដោយ​ដណ្ដើម​យក​តំបន់​គ្រី​មេ​មក​កាន់កាប់​។​មួយទៀត​គឺ​ការគាំទ្រ​ក្រុម​ឧទ្ទាម​ឲ្យ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​អ៊ុ​យក្រែន​។​

​បញ្ហា​នេះ​ដែល​រុស្ស៊ី​ត្រូវ​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អាមេរិក​និង​ប្រទេស​លោកខាងលិច​មួយចំនួន​ទៀត ធ្វើឲ្យ​ចំណង​មិត្ដភាព​កាន់តែ​ប្រេះស្រាំ​។​នៅ​មាន​បញ្ហា​ចម្រូងចម្រាស​ជាច្រើន ដែល​រុស្ស៊ី​និង​អាមេរិក​ប្រឆាំង​គ្នា​៕

 ពាក្យគន្លឹះ  រុស្ស៊ី-អាមេរិក

ព័ត៌មានផ្សេងទៀត