លោក​ដូណាល់ ត្រាំ​៖​​ខ្ញុំ​លែង​ដេញដោល​​រឿង​ប្រើប្រាស់​​អ៊ីមែល​​លោក​ស្រី​​គ្លីនតុ​ន​ហើយ​

23-11-2016 3:27 pm 4349
លោកដូណាល់ ត្រាំ

​រដ្ឋាភិបាល​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ នឹង​មិន​បើក​ការស៊ើបអង្កេត​ណាមួយ​លើ​លោក​ស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ទេ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អ៊ីមែល​ផ្ទាល់ខ្លួន​គ្រា​លោកស្រី​នៅ​ជា​រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ទីប្រឹក្សា​ជាន់​ខ្ពស់​លោក​ដូណាល់ ត្រាំ​។​

​ការប្រកាស​បែប​នេះ បាន​បង្ក​ជា​ការភ្ញាក់ផ្អើល ព្រោះ​ក្នុង​ពេល​ចូលរួម​ធ្វើ​វេទិកា​ជជែក​ដេញដោល​លើក​ទី​ពីរ លោក​ត្រាំ​បាន​ប្រាប់​ទៅ​លោក​ស្រីគ្លីន​តុន​ថា ប្រសិន​បើ​លោក​ឈ្នះឆ្នោត លោក​នឹង​តែងតាំង​ក្រុម​រដ្ឋអាជ្ញា​ពិសេស​ស៊ើបអង្កេត​ករណី​លោក​ស្រីគ្លីន​តុ​ន​។​ប៉ុន្ដែ​ពេល​នេះ​បែរជា​មិន​ដេញដោល​ទៅវិញ​។​

លោក​ត្រាំ​បាន​សង្កត់ធ្ងន់ថា លោក​មិន​ចង់​ធ្វើឲ្យ​លោកស្រី​គ្លី​ន​តុ​ន​រង​ការឈឺចាប់​ទៀត​ទេ មិន​ចង់​ធ្វើឲ្យ​ក្រុម​គ្រួសារ​លោក​ស្រី​លំបាក​ទេ ព្រោះ​គ្រួសារ​លោក​ស្រី​ជា​មនុស្ស​ល្អ​។​លោកស្រី​បាន​ទទួល​គ្រប់គ្រាន់​ហើយ​កន្លងមក​។​ម្យ៉ាង​បញ្ហា​ប្រើប្រាស់​អ៊ីមែល​របស់​លោក​ស្រីគ្លីន​តុន​ក៏​មិនមែន​ជា​អ្វី​សំខាន់​ខ្លាំង​សម្រាប់​លោក​ដែរ នៅ​មាន​រឿង​សំខាន់ៗ​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។​នេះ​ជា​សម្ដី​លោក​ត្រាំ​ពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​CBS​។​

សូមបញ្ជាក់​ថា ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​ត្រាំ​និង​លោក​ស្រីគ្លីន​តុន​ជា​គូ​សត្រូវ​នឹង​គ្នា វាយប្រហារ​ដោយ​ពាក្យសម្ដី​មិន​សំចៃ​មាត់​។​ប៉ុន្ដែ​ក្រោយ​ទទួលលទ្ធផល​បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃ​ទី​០៨​វិច្ឆិកា​ជាប់​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក លោក​ត្រាំ​បាន​ដកចេញ​នូវ​អ្វី​ដែល​លោក​បាន​លើកឡើង​ក្នុង​វេទិកា​តស៊ូ​មតិ​កាលពី​ខែ​តុលា​។​

​ចំពោះ​លោក​ស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​វិញ ក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត​លោកស្រី​ក៏​បាន​សាទរ​ដល់​លោក​ដូណាល់ ត្រាំ ហើយ​ថា​លោកស្រី​ចាញ់ហើយ ដូច្នេះ​ផ្ដល់ឱកាស​ឲ្យ​លោក​ត្រាំ​ជា​អ្នកដឹកនាំ​ប្រទេស​។​លោកស្រី​អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ត្រូវ​រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ធ្វើឲ្យ​អាមេរិក​រីកចម្រើន​ទៅ​មុខ​។​រីឯ​លោក​បា​រ៉ាក់ អូ​បា​ម៉ា ក៏​សាទរ​នឹង​ជ័យជម្នះ​លោក​ត្រាំ​ដូចគ្នា និង​សន្យា​ផ្ទេរ​អំណាច​ដោយ​សន្ដិភាព​៕

 ពាក្យគន្លឹះ  លោកDonald Trump

ព័ត៌មានផ្សេងទៀត