អាមេរិកស្វាគមន៍ការផ្តន្ទាទោសលើ​នួន ជា​​និង​​ខៀវ សំផនឲ្យជាប់ពន្ធនាគារអស់មួយជីវិត​

23-11-2016 3:05 pm 1055

​សហរដ្ឋ​អាមេរិក​សូម​ស្វាគមន៍​សាលក្រម​ចុងក្រោយ​នៅថ្ងៃនេះ របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC) លើ​ករណី ០០២/០១ ចំពោះ​ឈ្មោះ នួន ជា និង ខៀវ សំផន ដោយ​តម្កល់​សាលក្រម​ដាក់ទោស​ទៅលើ​ពួកគេ ពី​បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ ការធ្វើ​ទុក្ខទោស ដោយសា​ហេតុផល​នយោបាយ និង​អំពើ​អមនុស្សធម៌​ដទៃទៀត ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ភ្នំពេញ​ដោយ​បង្ខំ នៅ​ខែ​មេសា ឆ្នាំ ១៩៧៥​។ តុលាការ​ថែមទាំង​បាន​បញ្ជាក់​ពី​ទោស​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត ដែល​ដាក់​ដោយ​តុលាការ​ជំនុំជម្រះ ដែល​បាន​លើកឡើង​ពី “​បទឧក្រិដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ​”​។ នេះ​ជា​សេចក្តីថ្លែងការណ៍ របស់​ស្ថានទូតអាមេរិក​ ដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួននៅ​ថ្ងៃនេះ​។​

 

​ស្ថានទូត​សហរដ្ឋអាមេរិក​បានឲ្យ​ដឹង​បន្ថែមថា សម័យ​ខ្មែរក្រហម​កាន់អំណាច គឺជា​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ហើយ​សាលក្រម​ដែល​ចេញ​នៅថ្ងៃនេះ ធានាថា មេដឹកនាំ​កំពូល​ពីររូប ក្នុង​ចំណោម​មេដឹកនាំ​កំពូលៗ​នៃ​របប​នេះ ត្រូវបាន​ចាប់​អោយ​ទទួលខុសត្រូវ​។ សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​បេសកកម្ម​របស់ ECCC ក្នុង​ការនាំមក​នូវ​យុត្តិធម៌​មួយ​កម្រិត សម្រាប់​ប្រជាជន​កម្ពុជា និង​លាតត្រដាង​ពី​បទឧក្រិដ្ឋ​ ដ៏​គួរ​អោយ​ភ័យ​ខ្លាច​របស់​ពួក​ខ្មែរក្រហម​៕

 ពាក្យគន្លឹះ  សាលាក្តីខ្មែរក្រហម

ព័ត៌មានផ្សេងទៀត