សង្គម​ស៊ីវិល​៖ ​ការឃុំ​ខ្លួន​​មន្ត្រី​សិទ្ធិ​មនុស្ស​​ទាំង​៥ ​បាន​រំលោភ​​ច្បាប់​ជាតិ ​និង​អន្តរជាតិ​​

22-11-2016 4:50 pm 3142

​តាមរយៈ​ការធ្វើ​វិភាគ​ផ្នែក​ច្បាប់ របស់​សង្គម​ស៊ីវិល​ទាំង​១២​ស្ថាប័ន បាន​មើលឃើញ​ថា តុលាការ​កម្ពុជា​ពុំ​បាន​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​លើ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នោះទេ ដោយ​បាន​រំលោភ​ទាំង​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​។ សង្គម​ស៊ីវិល​បាន​លើកឡើង​ថា បើទោះបីជា​វា​មាន​ពេល​ចាំបាច់​សម្រាប់​ការឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​យុត្តិធម៌ និង​ការពារ​ជនរងគ្រោះ និង​សាក្សី​ក៏ដោយ ក៏​ការអនុវត្ត​ការឃុំខ្លួន​បណ្ដោះអាសន្ន​ហួសប្រមាណ ឬ​មិន​ត្រឹមត្រូវ​ធ្វើឲ្យ​មាន​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព និង​ការ​សន្មត​ទុក​ថា​គ្មាន​ទោស​។

​កំណត់​ត្រា​របស់​សង្គម​ស៊ីវិល​ដែល​ចេញ​នា​ថ្ងៃទី ២១ វិច្ឆិកា បាន​សម្ដែង​ការសោកស្ដាយ ដែល​កម្ពុជា​នៅតែ​បន្ត​មាន​អត្រា​នៃ​ការឃុំខ្លួន​បណ្ដោះអាសន្ន​ខ្ពស់​នៅឡើយ​។ តួលេខ​ថ្មីៗ​ដែល​ចេញផ្សាយ​ដោយ  អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​កាលពី​ឆ្នាំ​២០១២ បាន​ផ្ដល់​តួលេខ​អ្នក​ជាប់​ពន្ធនាគារ​មាន​ចំនួន​ជាង​២​ម៉ឺន  នាក់ ដែល​ចំនួន​នេះ​មាន​ការកើនឡើង​១២៥​ភាគរយ នៃ​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​នៃ​តួលេខ​ឆ្នាំ​២០០៦ ដែល​មាន​តែ​ជាង ៩​ពាន់​នាក់​។

បើទោះបីជា​មាន​ទឡ្ហីករណ៍​ផ្សេងៗ​គ្នា​ជា​ច្រើន​ត្រូវបាន​លើកឡើង​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន សវនាការ និងសេចក្ដីសម្រេច​យ៉ាងណាក្ដី តាម​ការវិភាគ​ទៅលើ​អង្គហេតុ​ជុំវិញ​ការចាប់ខ្លួន និង​ការចោទប្រកាន់​អ្នក​ទាំង​៥ បង្ហាញថា ពុំ​មាន​លក្ខណៈ​វិនិច្ឆ័យ​ណាមួយ​សម្រាប់​ការឃុំខ្លួន​នោះ​ឡើយ​។

សង្គម​ស៊ីវិល​ទាំង​១២​ស្ថាប័ន ចាត់ទុក​ថា​ការ​បន្ត​ឃុំខ្លួន​នេះ ជា​ការសម្រេច​តាម​អំពើ​ចិត្ត និង​មិន​ស្រប​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រមទាំង​បាន​អំពាវនាវ​ជា​ថ្មី​ម្ដងទៀត ថា​ត្រូវតែ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​៥​នាក់​នោះ​ជាបន្ទាន់​។  

គិត​មក​ទល់​ថ្ងៃ​ទី ២២ វិច្ឆិកា ឆ្នាំ​២០១៦ ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​៥​រូប ដែល​៤​នាក់​ជា​មន្ត្រីជាន់ខ្ពស់​សមាគម​អាដហុក និង​ម្នាក់​ជា​អគ្គលេខាធិការរង​នៃ គ​.​ជ​.​ប មាន​រយៈពេល​២០៨​ថ្ងៃ​ហើយ ដែល​អ្នក​ទាំង​៥​ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ​២០១៦​។ ការសម្រេច​ឃុំខ្លួន​ក្រោម​បទ​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅនឹង​ការស៊ើបអង្កេត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជុំវិញ ទំនាក់ទំនង​ស្នេហា​រវាង​លោក​កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​នាង​ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​៕

 ពាក្យគន្លឹះ  អាដហុក

ព័ត៌មានផ្សេងទៀត