ក្រសួង​សុខាភិបាល​ព្រមាន​ជាថ្មី ចំពោះ​ការ​មិន​ព្រម​អនុវត្ត​តាម​ច្បាប់​ស្តីពី​ថ្នាំជក់​

22-11-2016 11:36 am 1129

​ក្រសួង​សុខាភិបាល បាន​បន្ត​ព្រមាន​ពិន័យ ជាថ្មី​ម្តងទៀត ចំពោះ​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់ និង​ម្ចាស់​អាជីវកម្ម​ណា ដែល​នៅ​មិន​ព្រម​អនុវត្ត​តាម​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​ត្រូវបាន​ប្រកាស​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ កាលពី​ខែ​កក្កដា កន្លងទៅនេះ​។ ព្រម​អនុវត្ត​តាម​ច្បាប់ គឺ​ក្រុមហ៊ុន​ផលិត​ថ្នាំជក់​មួយចំនួន នៅតែ​មិន​ព្រម បោះពុម្ព​សារ​ព្រមាន សុខភាព​ជា​រូបភាព នៅលើ​សំបក​កញ្ចប់ ផលិតផល​ថ្នាំជក់ បន្ត​លក់​យ៉ាង​គឃ្លើន រហូតមកទល់​ពេលនេះ​។​

​ជាងនេះទៅទៀត ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់ មួយចំនួន នៅតែ​បន្ត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្រោម​រូបភាព​ផ្សេងៗ ដូចជា តាមរយៈ​រូប​បដា តាម​រថយន្ត និង​ក្រុម​ស្ត្រី​ចល័ត​ជាដើម​។ ដោយឡែក ចំពោះ​ការ​ដាក់​តាំង​ផលិតផល​ថ្នាំជក់ តាម​កន្លែង​លក់​វិញ ម្ចាស់​អាជីវកម្ម នៅតែ​បន្ត​ដាក់តាំង​ទូ​លក់ ផលិតផល មិន​ត្រឹមត្រូវ តាម​ប្រកាស​របស់​ក្រសួង​សុខាភិបាល​។ រីឯ​នៅ​កន្លែង​ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន​(​កន្លែង​ផឹកស៊ី​)​មួយចំនួន ក៏​នៅ​មិន​ទាន់​អនុវត្ត​តាម​ច្បាប់​ត្រឹមត្រូវ​នៅឡើយ​ដែរ​។​

​លោក​មុំ គង់ នាយក​ប្រតិបត្តិ អង្គការ​ចលនា​ដើម្បី​សុខភាព បាន​ឯកភាព​ចំពោះ ការព្រមាន​របស់​ក្រសួង​សុខាភិបាល ចំពោះ​ម្ចាស់​ក្រុមហ៊ុន ដែល​នៅតែ​មិន​ព្រម​អនុវត្ត​តាម​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នេះ​។ លោក​បន្តថា គោលបំណង​សំខាន់ នៃ​ការកំណត់​ឲ្យ​គ្រប់​កញ្ចប់​បារី មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព និង​អក្សរ គឺ​ដើម្បី​ជាការ​ពញ្ញាក់​ស្មារតី របស់​អ្នក​ជក់បារី ឲ្យ​ពួកគាត់​មាន​ការ​ខ្លាចរអា ចំពោះ​ការជក់បារី និង​ដើម្បី​បង្ការ​កុមារ កុំឲ្យ​ចាប់ផ្តើម​ចេះ​ជក់បារី​។​

សូមបញ្ជាក់​ថា ច្បាប់​ស្តីពី​ការពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​តម្រូវឲ្យ​ម្ចាស់​ក្រុមហ៊ុន​ថ្នាំជក់ ទាំងអស់ ដែល​ចរាចរ​ក្នុងប្រទេស​កម្ពុជា ត្រូវ​បោះពុម្ភ​សារព្រមាន​សុខភាព ជា​អក្សរ និង​ជា​រូបភាព​ទំហំ​៥៥% លើ​ផ្ទៃ​នៃ​កញ្ចប់​បារី​។ មិន​ត្រូវ​បិទ​ផ្សាយ​នូវ​ផ្ទាំង​បដា ឬ​រូបភាព​ផ្សេងៗ ដែល​ស្ថិត​ក្នុង​ទម្រង់​នៃ ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់ រួម​នឹង​បិទ​ស្លាក​សញ្ញា ហាម​ជក់បារី និង​មិន​ត្រូវ​តាំង​បង្ហាញ ប្រដាប់​គោះ​បារី​។​

​រាល់​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ខាងលើនេះ សម្រាប់​ម្ចាស់​ភោជនីយដ្ឋាន នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​២​លាន​រៀល និង​អ្នកលក់ដូរ​តាម​តូប​តូចៗ ពិន័យ​១​ម៉ឺន​រៀល​។ ដោយឡែក ម្ចាស់​ក្រុមហ៊ុន​ថ្នាំជក់ ដែល​មិន​ព្រម​បោះពុម្ភ​សារព្រមាន​សុខភាព ជា​រូបភាព គឺ​នឹង​ពិន័យ​រហូតដល់​៤​លាន​រៀល​។ ករណី​មិន​រៀងចាល នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕ ដោយៈ​សៅ វិសាល​


 ពាក្យគន្លឹះ  ថ្នាំជក់

ព័ត៌មានផ្សេងទៀត