លោក​អាត់ ធន់​៖​សេចក្តីថ្លែងការណ៍​របស់​សហជីព​អ្នកបើកបរ​ក្រុមហ៊ុន​កា​ពី​តូ​ល​គ្រាន់តែ​ជា​ការបន្លំ​ភ្នែក​

20-11-2016 4:04 pm 1195

​សហជីព​អ្នកបើកបរ​និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​កា​ពី​តូ​ល បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ចំពោះ​សហភាព​ការងារ​កម្ពុជា​របស់​លោក​អាត់ ធន់ និង​លោក​អៀង គឹមហ៊ុន ព្រមទាំង​អតីត​អ្នកបើកបរ​ប្រហែល​៤៥​នាក់ ដែល​បាន​ញ៉ុះញ​ង់ នឹង​ដឹកនាំ​កម្លាំង​ពី​ខាង​ក្រៅ​បង្ក​ឲ្យមាន​អំពើ​ហិង្សា​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ​នៅ​ទីស្នាក់ការ​របស់​ក្រុមហ៊ុន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែមទៀតថា សហភាព​ការងារ​កម្ពុជា​បាន​យក​អតីត​អ្នកបើកបរ​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​មក​ធ្វើជា​ឈ្នាន់​រួច បង្ក​ជា​ហិង្សា​ដូច​ជា​ការប្រើប្រាស់​ដុំថ្ម​គប់​មក​លើ​រថយន្ត​ដែល​កំពុង​ដឹក​ភ្ញៀវ​ពេញ​ក្នុងពេល​កំពុង​ធ្វើដំណើរ ការ​កាក់​រថយន្ត​របស់​ក្រុមហ៊ុន​ក្នុង​គោលបំណង​រារាំង​និង​ធ្វើ​អោយ​ស្ទះ​នៅ​ដំណើរការ​របស់​ក្រុមហ៊ុន និង​ឈាន​ដល់​ការប្រើ​អំពើហិង្សា​ដាក់​សមត្ថកិច្ច​ផង​ដែរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ក៏​បានឲ្យដឹង​ទៀតថា សហភាព​ការងារ​កម្ពុជា​ក៏​បាន​ញ៉ុះញ​ង់​អោយ​អតីត​អ្នកបើកបរ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ដូចជា​ការធ្វើ​ពិធី​ដាក់​បណ្តាសារ ការ​យក​រូប​និយោជក​មក​ជាន់ឈ្លី និង​ការ​គំរាម​ជេរប្រមាថ​កម្មករនិយោជិត​ផ្សេងៗ​ទៀត មិនតែប៉ុណ្ណោះ​អតីត​អ្នកបើកបរ​នោះ​វិញ​គឺ​បាន​លួច​កិបកេង​ប្រាក់​របស់​ក្រុមហ៊ុន ប្រព្រឹត្ត​ផ្ទុយ​ពី​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ផ្ទុយ​ពី​កិច្ចសន្យា​ចូល​បំរើ​ការងារ និង​ផ្ទុយ​ពី​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ថែម​ទៀត​។​

​ទាក់ទង​ទៅនឹង​ការចេញ​សេចក្តីថ្លែងការណ៍​របស់​សហជីព​អ្នកបើកបរ​និង​បុគ្គលិក​នៃ​ក្រុមហ៊ុន​កា​ពី​តូ​ល​នេះដែរ លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ថា នេះ​គ្រាន់តែ​ជា​ការផ្លាស់ប្តូរ​រូបភាព​ថ្មី​ទេ ដោយ​ពីមុន​ក្រុមហ៊ុន​គឺ​ជា​អ្នក​ប្រតិកម្ម មិនឲ្យ​មាន​សហជីព ហើយ​ឥឡូវ​មក​បង្កើត​សហជីព​អ្នកបើកបរ​ថ្មី ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​។ លោក​គិតថា ការធ្វើ​នេះ​គ្រាន់តែ​ជា​កា​បន្លំ​ភ្នែក​គេ​ប៉ុណ្ណោះ​...

​សំឡេង​លោក​អាត់ ធន់​៖

​សូម​បញ្ជាក់​ផង​ដែរ​ថា​កាល​ព្រឹក​ថ្ងៃទី​១៨ វិច្ឆិកា អតីត​ក្រុម​អ្នកបើកបរ​រថយន្ត​ទេសចរណ៍​ក្រុមហ៊ុន​កា​ពី​តូ​ល បាន​ប្រមូលគ្នា​ដើម្បី​ដាក់​ញត្តិ​ជូន​ទៅ​ខុទ្ធកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ឱ្យ​លោក​ជួយ​អន្តរា​គម​ទៅ​ក្រុមហ៊ុន ដើម្បី​ឱ្យ​ពួកគេ​ទាំង​៤៥​នាក់ បាន​ចូលធ្វើ​ការងារ​ជា​ធម្មតា​វិញ បន្ទាប់ពី​ត្រូវ​បញ្ឈប់​ពី​ការងារ​អស់​ជាង​មួយ​ឆ្នាំ​។ បន្ថែម​ពី​ការចូល​ធ្វើ​ការងារ​វិញ ក្នុង​ញត្តិ បាន​ស្នើ​ដល់​ក្រុមហ៊ុន​ឱ្យ​គិត​ប្រាក់​រំលឹក​ចាប់ពី​ថ្ងៃ​បញ្ឈប់ រហូត​ដល់​ថ្ងៃ​ចូលធ្វើការ និង​គ្មាន​ការរើសអើង​សហជីព ដែល​ពួកគេ​បាន​បង្កើត​កន្លងមក​៕

 


 ពាក្យគន្លឹះ  កាពីតូល

ព័ត៌មានផ្សេងទៀត