លោក​អូ​បា​ម៉ា​​និង​មេដឹកនាំ​អឺរ៉ុប​​មួយចំនួន​​ឯកភាព​​រក្សា​ទណ្ឌកម្ម​​ដាក់​លើ​រុស្ស៊ី​

19-11-2016 11:16 am 3715
លោកអូបាម៉ា​ពេលជួប​ជាមួយ​ថ្នាក់ដឹកនាំអឺរ៉ុប

​តាម​ការបញ្ជាក់​ពី​សេត​វិមាន​អាមេរិក​បានឲ្យដឹងថា អាមេរិក​និង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​០៥​ទៀត បាន​បង្ហាញ​ការគាំទ្រ​បន្ដ​រក្សា​ទណ្ឌកម្ម​លើ​រុស្ស៊ី ចំពោះ​ការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។​សេចក្ដីថ្លែងការណ៍​មួយ​បាន​ចេញ​ក្រោយ​លោក​អូ​បា​ម៉ា​ជួប​ជាមួយ​អធិការបតី​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំង ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី អេ​ស្ប៉ាញ និង​អង់គ្លេស​។​ប្រមុខ​រដ្ឋ​ទាំងអស់​បាន​ឯកភាព​ថា​ការ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​គួរតែ​បន្ដទៀត ព្រោះ​រុស្ស៊ី​មិន​បាន​អនុវត្ដ​ឲ្យបាន​ពេញលេ​ញ​នូវ​កាតព្វកិច្ច​របស់​ខ្លួន ក្រោម​ការចុះ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​មីន​នៃ​ប្រទេស​បេឡា​រុស​កន្លងមក​។​

​ការ​មិន​អនុវត្ដ​តាម​កាតព្វកិច្ច​ក្នុង​កិច្ចព្រមព្រៀង គឺ​ថា​បទ​ឈប់​បាញ់​ជា​អចិន្ដ្រៃយ៍​នៅតែ​បង្ក​ជា​ការព្រួយបារម្ភ​ដដែល​។​ស្ថានភាព​សន្ដិសុខ​ត្រូវតែ​ធានាឲ្យបាន ហើយ​ការ​បោះឆ្នោត​ដោយ​សេរី យុត្ដិធម៌ ត្រូវតែ​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង​ដែល​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែន​កាន់កាប់ គឺ​ក្រុង​Donetsk​និង​Luhansk​។​ក្រុម​ឧទ្ទាម​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុ​យក្រែន ជា​ក្រុមគាំទ្រ​រុស្ស៊ី​ដូច្នេះ​រុស្ស៊ី​ត្រូវ​បញ្ជា​ពួកគេ​ឲ្យធ្វើតាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហេត្ថលេខា​។​ត្រូវតែ​ធានាឲ្យបាន​នូវ​បទ​ឈប់​បាញ់ ដើម្បី​រក្សា​សន្ដិសុខ​ក្នុង​តំបន់​កំពុង​មាន​ភាពផុយស្រួយ​។​បើ​មិន​អ៊ីចឹង​ទេ រុស្ស៊ី​ពិតជា​ពិបាក​គេច​រួច​ពី​ទណ្ឌកម្ម​របស់​លោក​ខាងលិច​។​នេះ​បើ​តាម​ការបញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​ត្រូវបាន​ចោទប្រកាន់​ថា​គាំទ្រ​ក្រុម​ឧទ្ទាម​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែន​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល​អ៊ុ​យក្រែន​។​ដ្បិត​រុស្ស៊ី​បដិសេធ ប៉ុន្ដែ​មាន​ការអះអាង​ថា​រុស្ស៊ី​បាន​ឧបត្ថម្ភ​ជា​សម្ងាត់​ដល់​ក្រុម​ឧទ្ទាម​នូវ​សព្វាវុធ​និង​សម្ភារ​ផ្សេងៗ​។​តាម​គោលបំណង​របស់​ក្រុម​ឧទ្ទាម ពួក​គេ​ចង់បាន​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែនជា​ទឹកដី​ឯករាជ្យ​របស់ខ្លួន មិន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុ​យក្រែន​។​ប៉ុន្ដែ​រដ្ឋាភិបាល​អ៊ុយ​ក្រែន​មិន​យល់ព្រម ទើប​បង្ក​ឲ្យមាន​ការប្រយុទ្ធ​គ្នា​កើតឡើង រហូត​ដល់​អន្ដរជាតិ​ជួយ​អន្ដរាគមន៍​បង្កើតឲ្យមាន​បទ​ឈប់​បាញ់ក្រោម​ការយល់ព្រ​ម​ពី​ភាគី​ពាក់ព័ន្ធ​។​ប៉ុន្ដែ​បទ​ឈប់​បាញ់​នៅតែ​ជា​ក្ដីបារម្ភ ដោយសារ​ការផ្ទុះអាវុធ​កើតឡើង​ជា​ញឹកញាប់​៕

 ពាក្យគន្លឹះ  អាមេរិក-អឺរ៉ុប

ព័ត៌មានផ្សេងទៀត