លោក​សួន សេរី​រដ្ឋា​ថា​ បើ​លោក​​ឈ្នះឆ្នោត កម្ពុជា​នឹង​​ដកខ្លួន​ចេញ​​ពី​សហគមន៍​​អាស៊ាន​​

18-11-2016 5:12 pm 6087

​គោលនយោបាយ​មួយ ក្នុង​គោលនយោបាយ​ចំនួន​៥ ដែល​លោក​សួន សេរី​រដ្ឋា បាន​ដាក់​ចេញ​គឺ បើ​ឈ្នះឆ្នោត កម្ពុជា​នឹង​ដកខ្លួន​ចេញ​ពី​សហគមន៍​អា​សាន​។​តែ​អ្នក​ផ្តល់​ប្រឹក្សា​ឯករាជ្យ និង​ជា​អ្នកឃ្លាំមើល​អភិបាលកិច្ច​នៅ​កម្ពុជា លោក​ចាន់ វិបុល មើលឃើញថា គោលនយោបាយ​នេះ ហាក់​មាន​លក្ខណៈ​ចង្អៀត​ចង្អល់​ពេក​ហើយ​។

 

​គណបក្ស​អំណាច​ខ្មែរ របស់​លោក​សួន សេរី​រដ្ឋា បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ​ជាតិ​ជា​អាទិភាព​របស់​ខ្លួន​ចំនួន ៥​ចំណុច​។​តែ​ក្នុង​ចំណោម​ចំណុច​ទាំង​៥​នោះ គេ​ឃើញ​ចំណុច​មួយ ដែល​លោក​សួន សេរី​រដ្ឋា ប្រកាសថា បើ​គណបក្ស​អំណាច​ខ្មែរ របស់​លោក​ជាប់​ឆ្នោត បាន​ដឹកនាំ​ប្រទេស ពេល​នោះ​កម្ពុជា នឹង​ដក​ខ្លួន​ចេញ​ពី​សមាជិក សហគមន៍​អាស៊ាន​។​ការធ្វើ​បែប​នេះ ដោយ​លោក​សំអាង​ហេតុផល​ថា ដើម្បី​ទប់ស្កាត់​ជន​អន្ត​ប្រវរសន៍​វៀតណាម​ខុសច្បាប់ ពង្រីក​កម្លាំង​សេដ្ឋកិច្ច ពង្រឹង​របប​ពន្ធគយ​សម្រាប់​ការនាំ​ចូល និង​ឆ្លងកាត់ និង​ពង្រីក​សមត្ថភាព​ផលិត​របស់​ផលិតផល​ខ្មែរ ព្រមទាំង​រឹតបន្តឹង​ការនាំ​ចូល​នូវ​ផលិតផល​នានា ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើបាន ។​

 

​អ្នកផ្តល់​ប្រឹក្សា​ឯករាជ្យ និង​ជា​អ្នកឃ្លាំមើល​អភិបាលកិច្ច​នៅ​កម្ពុជា លោក​ចាន់ វិបុល មើលឃើញថា គោលនយោបាយ​នេះ ហាក់​មាន​លក្ខណៈ​ចង្អៀត​ចង្អល់​ពេក​ហើយ​។​លោក​ថា សម័យ​សកលភាវូបនីយកម្ម គោលនយោបាយ​ដកខ្លួន​ថយ​បែបនេះ មិនល្អ​នោះ​ទេ ដ្បិតថា​សព្វថ្ងៃ​យើង​ហាក់​ចាញ់​ប្រៀប​ប្រទេសជិតខាង ប៉ុន្តែ​យើង​គួរ​ខំ​ពង្រឹង​ធនធាន​យើង ពង្រឹង​គោលការណ៍​ច្បាប់ ដើម្បី​គ្រប់គ្រង​ជនបរទេស ដែល​មក​ធ្វើការ​នៅ​ស្រុក​យើង ទាញ​ប្យោ​ជន៍​បម្រើ​ប្រទេសជាតិ ជាជាង​ខ្លាច​គេ​ចូល​……

 

​សំឡេង​លោក​ចាន់ វិបុល​៖

 

​សូមបញ្ជាក់​ថា គោលនយោបាយ​ជា​អទិភាព​របស់​គណបក្ស​អំណាច​ខ្មែរ របស់​លោក​សួន សេរី​រដ្ឋា​នោះ រួមមាន ទី​១- លុបចោល​ទាំងអស់​នូវ កិច្ចព្រមព្រៀង​ទ្វេភាគី​ជាមួយ​ប្រទេស​វៀតណាម ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន នៃ​របប សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របប​រដ្ឋ​កម្ពុជា និង​របប​ព្រះរាជាណាចក្រ​ទី ២ នេះ​បាន​ចុះហត្ថលេខា​ជាមួយ ។ ហើយ​ចាប់​ជនជាតិ​ដែល​ចូល​មក​ស្រុក​ខ្មែរ​អត់​ច្បាប់​ទាំងអស់ បញ្ជូន​ត្រឡប់​ទៅ​វិញ​ដោយ​គ្មាន​អនុគ្រោះ ។ មន្ត្រី​ពុករលួយ មន្ត្រី​ក្បត់ជាតិ និង​មន្ត្រី​រំលោភ​សិទ្ធិ​ពលរដ្ឋ ធ្វើបាប​ពលរដ្ឋ ត្រូវ​កាត់ទោស​ធ្ងន់ធ្ងរ ហើយ​ហាមឃាត់​កូន និង​ចៅ របស់​ពួកគេ ២ ជំនាន់ មិន​ឲ្យ​បម្រើ​ការងារ​រដ្ឋ លើកលែងតែ​កាតព្វកិច្ច​បម្រើកងទ័ព ។​

 

​ទី​២- រឹបអូស​ដកហូត​មក​វិញ​នូវ​ដី​សម្បទាន និង​ព្រៃ​សម្បទាន ដែល​រដ្ឋាភិបាល​លោក​ហ៊ុន សែន បាន​ផ្តល់​សម្បទាន ៩៩ ឆ្នាំ​ឲ្យទៅ​ក្រុមហ៊ុន​វៀតណាម ក្រុមហ៊ុន​ចិន ទាំងអស់ ហើយ​និង​ចាត់វិធានការ​តាម​ច្បាប់​ជាតិ​-​ច្បាប់​អន្តរជាតិ ប្តឹង​ក្រុមហ៊ុន​ទាំងនោះ ដើម្បី​ទាមទារ​សំណង​ខូចខាត និង​ជំងឺ​ចិត្ត ជូន​ពលរដ្ឋ​ខ្មែរ ដែល​កន្លង​មក​រងគ្រោះ ខូចខាត​ផលប្រយោជន៍ ដោយសារ​តែ​ការវិនិយោគ​មិន​គោរព​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ។​

 

​ទី​៣- រៀបចំ​គោលនយោបាយ​ការពារ​ផល​កសិកម្ម​របស់​កសិក​រ​ខ្មែរ ដោយ​កំណត់​តំលៃ​ស្រូវ​ទាប​បំផុត មួយ​លាន ប្រាំ​សែន រៀល ក្នុង ១ តោន​ស្រូវ និង​កំណត់​តំលៃ​ដំឡូង​មី​ទាប​បំផុត ១០០០ (​មួយ​ពាន់​) រៀល ក្នុង ១ គីឡូក្រាម ហើយ​នឹង​ហាមឃាត់​ការ​នាំចូល​ផល​កសិកម្ម​គ្រប់​ប្រភេទ ដែល​កសិករ​ខ្មែរ​ដាំ​បាន ។​

 

​ទី​៤- ប្រមូល​ទាញយក​កម្លាំង​ពលកម្ម ជា​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការបរទេស ឲ្យ​វិល​មក​ធ្វើការ​ក្នុង​ស្រុក​វិញ ដោយ​ធានា​បង្កើត​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ មាន​ការងារ​ធ្វើ​ក្នុងស្រុក បាន​ទទួល​ប្រាក់​ឈ្នួល​ទាប​បំផុត ១,២៥$ (​មួយ​ដុល្លា ម្ភៃ​ប្រាំ​សេន​) ក្នុង ១ ម៉ោង ។

 

​និង​ទី​៥- ដកខ្លួន​ចេញ​ពី​សមាជិក សហគមន៍​អាស៊ាន ដើម្បី​ទប់ស្កាត់​ជន​អន្ត​ប្រវរ​សន៍យួន​ខុសច្បាប់ ពង្រីក​កម្លាំង​សេដ្ឋកិច្ច ពង្រឹង​របប​ពន្ធគយ​សម្រាប់​ការនាំ​ចូល និង​ឆ្លងកាត់ និង​ពង្រីក​សមត្ថភាព​ផលិត​របស់​ផលិត​ខ្មែរ ព្រមទាំង​រឹតបន្តឹង​ការនាំ​ចូល​នូវ​ផលិតផល​នានា ដែល​ពលរដ្ឋ​ខ្មែរ​ធ្វើបាន​៕

 

​ដោយ​៖​ខាត់ សុធី​


 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត