ប្រធានាធិបតី​ស៊ី​រី​​សង្ឃឹម​អាច​ក្លាយ​ជា​​​មិត្ដ​​ជាមួយ​លោកត្រាំ​​ប្រយុទ្ធ​នឹង​​ក្រុម​IS

18-11-2016 11:23 am 2666
ប្រធានាធិបតីស៊ីរីលោកBashar al-Assad​

​ប្រធានាធិបតី​ស៊ី​រី​លោក​Bashar al-Assad​បានបញ្ជាក់​ថា លោក​សង្ឃឹម​ប្រធានាធិបតី​ថ្មី​អាមេរិក​លោក​Donald Trump នឹង​ក្លាយជា​សម្ព័ន្ធមិត្ដ​ក្នុង​ការប្រយុទ្ធប្រឆាំង​ក្រុមរ​ដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី​។​ក្នុង​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័រទុយហ្កាល់​កាលពី​ថ្ងៃ​អង្គារ លោក​Assad​បាន​និយាយថា លោក​នៅតែ​ប្រុងប្រយ័ត្ន​ជានិច្ច​ពី​អ្វី​ដែល​លោក​Trump​អាចធ្វើ​។​លោក​បន្ដថា​ក្នុង​រដ្ឋាភិបាល​អាមេរិក​មាន​អំណាច​ផ្សេងៗ​គ្នា ដូច្នេះ​លោក​មិន​ច្បាស់​ពីអ្វី​ដែល​លោក​រំពឹង​នោះទេ ត្រូវ​ចាំមើល​សិន​ថា​អាមេរិក​និង​អនុវត្ដ​គោលនយោបាយ​ថ្មី​ឬ​អត់​។​

​បន្ថែម​លើ​នេះ​លោក​ប្រធានាធិបតី​ស៊ី​រី​Bashar al-Assad​បញ្ជាក់ថា បើសិន​លោក​Trump​ពិតជា​ប្រឆាំងនឹង​ក្រុម​ភេរ​វករ លោក​នឹង​ធ្វើ​ជា​សម្ព័ន្ធមិត្ដ​ជាមួយ​អាមេរិក​រួម​ជាមួយ​រុ​ស្ស៊ី​និង​អ៊ីរ៉ង់​ផង​។​បច្ចុប្បន្ន​រដ្ឋាភិបាល​អាមេរិក​បាន​គាំទ្រ​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​លោក​Assad​ឲ្យ​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម មិន​គាំទ្រ​កងទ័ព​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ទេ​។​លោក​ត្រាំ​ធ្លាប់បាន​និយាយ​ថា​នឹង​ដាក់​ជា​អាទិភាព​តែម្ដង​នៃ​យុទ្ធនាការ​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម ជាជាង​ការចង់​ផ្លាស់ប្ដូរ​របប​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​សូមបញ្ជាក់​ថា ការ​ផ្ដល់​បទសម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័រទុយហ្កាល់​របស់លោក​Assad គឺជា​លើក​ដំបូង​បន្ទាប់ពី​លោក​Donald Trump ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក​។​លោក​Assad​សង្ឃឹម​អាមេរិក​នឹង​មាន​ការផ្លាស់ប្ដូ​រគោល​នយោបាយ ស្ថិតក្រោម​រដ្ឋាភិបាល​លោក​Donald Trump៕

 ពាក្យគន្លឹះ  ស៊ីរី-អាមេរិក

ព័ត៌មានផ្សេងទៀត