រុស្ស៊ី​បន្ទោស​​លោក​អូ​បា​ម៉ា​​ថា​​ធ្វើឲ្យ​ទំនាក់ទំនង​​ទ្វេភាគី​ធ្លាក់ចុះ​​ពិបាក​ជួសជុល​​ឡើង​វិញ​

18-11-2016 9:41 am 2926
លោកអូបាម៉ា(ឆ្វេង)​និងលោកពូទីន

​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ទី​១៧​វិច្ឆិកា បាន​បន្ទោស​ធ្ងន់ៗ​ដល់​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្ដិ​លោក​បារ៉ាក់ អូ​បា​ម៉ា ដែល​ធ្វើឲ្យ​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​ធ្លាក់ចុះ ពិបាក​ជួសជុល​ឡើងវិញ​។​

ពេល​ធ្វើ​សន្និសីទកាសែត​មុន​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ប៉េ​រូ​ចូលរួម​កិច្ចប្រជុំ​APEC ទីប្រឹក្សា​វិមាន​ក្រឹម​ឡាំង​លោក​Yury Ushakov​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋាភិបា​លោក​អូបា​ម៉ា​បានធ្វើឲ្យ​ទំនាក់ទំនង​រុស្ស៊ី​-​អាមេរិក​ធ្លាក់​ដល់​ចុងបញ្ចប់ ពិបាក​ឲ្យ​លោក​ដូណាល់ ត្រាំ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​ណាស់​។​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ​ទីក្រុង​ម៉ូស្គូ​បាន​ត្រៀមខ្លួន​ជាស្រេច​សហការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​អាមេរិក​។​ជា​ការត្រៀមខ្លួន​ដូចដែល​លោក​ត្រាំ​បានប្រកាស​កន្លងមក​។​

ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​លោកពូ​ទីន​កាលពី​ថ្ងៃ​ចន្ទ លោក​ដូណាល់ ត្រាំ​បាន​ឯកភាព​ថា​ទំនាក់ទំនង​ទ្វេភាគី​មិន​អាច​ឲ្យ​កាន់តែ​អាក្រក់​ជាង​នេះឡើយ​។​ក្នុងពេល​សន្ទនា​តាម​ទូរស័ព្ទ​ទាំង​លោកពូ​ទីន​និង​លោក​ត្រាំ​បាន​ប្ដេជ្ញា​នឹង​មើល​ឡើង​វិញ ពី​ទំនាក់ទំនង​ស្ទើរតែ​លែង​ទុកចិត្ដ​គ្នា​បាន​នៅពេលនេះ និង​បង្ហាញ​ឆន្ទៈ​បង្កើត​មូលដ្ឋាន​រឹងមាំ តាមរយៈ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច ដើម្បី​ជួយ​ជំរុញ​ទៅរក​ភាពជឿ​ទុកចិត្ដ​គ្នា​ឡើងវិញ និង​ការសហការ​គ្នា​ឲ្យ​ពេញដៃ​ពេញជើង​។​

សូមបញ្ជាក់​ថា លោក​ដូណាល់ ត្រាំ​ធ្លាប់បាន​ប្រកាស​ជំហរ​ងាក​ទៅរក​រុស្ស៊ី​ដោយ​ចង់​រឹតចំណង​មិត្ដភាព​ជាមួយ​រុស្ស៊ី​។​លោក​ក៏​ពេញចិត្ដ​នឹង​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន​យ៉ាងខ្លាំង​។​ដោយឡែក​លោក​ពូ​ទីន​នឹង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បើ​លោក​ដូណាល់ ត្រាំ​ចង់​ចាប់​ដៃ​ជាមួយ​រុស្ស៊ី​។​ខុសប្លែក​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ដែល​មិនសូវ​ជិតស្និទ្ធ​ជាមួយ​លោក​ពូ​ទីន​៕

 ពាក្យគន្លឹះ  រុស្ស៊ី-អាមេរិក

ព័ត៌មានផ្សេងទៀត