ឆ្នាំ​នេះ​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​អាមេរិក​មាន​ការកើនឡើង​ដល់​៤៩៩​នាក់​

17-11-2016 3:27 pm 1323

​ចំនួន​សិស្ស និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក បាន​កើន​ពី​ចំនួន​៤៩២​នាក់ នៅ​ឆ្នាំ​២០១៤-២០១៥ ដល់​ចំនួន​៤៩៩​នាក់ នៅក្នុង​ឆ្នាំ​២០១៥-២០១៦​ដែល​ស្មើនឹង​១,៤%​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក បានឲ្យដឹង​ទៀតថា ចំនួន​និស្សិត​អន្តរជាតិ​ដែល​កំពុង​សិក្សា​នៅ​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ជាង​១​លាន​នាក់​នៅក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦ ដែល​កើនឡើង​លើស​ឆ្នាំមុន​៧% ។​

​បើ​តាម​លោក Jay Raman ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​ស្ថានទូត​អាមេរិក បាន​មានប្រសាសន៍ថា​នៅក្នុង​ឆ្នាំនេះ មាន​សិស្ស និស្សិត​កម្ពុជា ច្រើន​ជាង​ពេល​ណា​ទាំងអស់​បាន​បំពេញ ការ​ស្រ​ម៉ៃ​របស់គេ ក្នុង​ការ​ទៅ​សិក្សា​នៅ​តាម​មហាវិទ្យាល័យ និង​សាកលវិទ្យាល័យ នៅ​សហរដ្ឋអាមេរិក​។​លើសពីនេះ​ទៀត ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ស្តី​ពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក កំពុង​ត្រៀមខ្លួន​ជួយ​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការស្វែងយល់​បន្ថែម​ពី​ដំណើរការ និង​រក​មើល​វិធី​ក្នុង​ការជួយ​រក​ថវិកា​សំរាប់​ការសិក្សា​របស់​គេ​។ លោក​ក៏​សង្ឃឹមថា នឹង​មាន​សិស្ស និស្សិត​កម្ពុជា​ច្រើន​ថែមទៀត​ដាក់ពាក្យ​សិក្សា​ក្នុង​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​ខាងមុខ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់​ផង​ដែរ​ថា Education USA គឺជា​បណ្តាញ​មួយ​នៃ​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ​ជាង​៤០០ របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​មាននៅ​តាម​ប្រទេស​ចំនួន​ជាង​១៧០​។​មជ្ឈមណ្ឌល​ទាំងនេះ​ផ្តល់​ព័ត៌មាន​ស្តីពី​ស្ថាប័ន​អប់រំ​នៅ​សហរដ្ឋអាមេរិក និង មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ដាក់​ពាក្យ​ទៅ​សិក្សា​នៅ​ទីនោះ​។​មជ្ឈមណ្ឌល Education USA  ដែល​ផ្តល់​ប្រឹក្សា​នៅ​កម្ពុជា មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​៕

 ពាក្យគន្លឹះ  ​និស្សិត​កម្ពុជា

ព័ត៌មានផ្សេងទៀត