កូរ៉េខាងជើង​៖​​យើង​មិន​ខ្វល់​ទេ​​ទោះ​នរណា​​ជា​ប្រធានាធិបតី​ថ្មី​​អាមេរិក​ក៏ដោយ​

16-11-2016 8:36 am 6252
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន

​អាមេរិក​ទើប​តែ​បញ្ចប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ហើយ​លទ្ធផល​បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាជន​អាមេរិក​។​ភ្ញាក់ផ្អើល​ដោយសារ​លោក​ដូណាល់ ត្រាំ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ ជា​អ្នកទទួល​ជ័យជម្នះ​ទៅវិញ ខុស​ពី​ការរំពឹងទុក​ដែល​សង្ឃឹម​លើ​លោក​ស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។​លទ្ធផល​ដែល​លោក​ដូណាល់ ត្រាំ​ត្រូវ​ជាប់​ជា​ប្រធានាធិបតី ក៏​កំពុងតែ​មាន​ការតវ៉ា​ប្រឆាំង​មិន​ទាន់​បញ្ចប់​ផង​នៅ​អាមេរិក​។​

​យ៉ាងណា​ក៏​ដោយ​ទោះ​មាន​ការភ្ញាក់ផ្អើល​នៅ​អាមេរិក រួម​ទាំង​ក្នុង​ពិភពលោក តែ​ចំពោះ​កូរ៉េខាងជើង​មិន​រំជើបរំជួល​នឹង​បញ្ហា​នេះ​ទេ​។​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា ខ្លួន​មិន​ខ្វល់​នរណា​ជា​ប្រធានាធិបតី​ថ្មី​អាមេរិក​ឡើយ សំខាន់​តើ​ថ្នាក់ដឹកនាំ​ថ្មី​នោះ​នឹង​ដោះស្រាយ​យ៉ាង​ម៉េច​ជាមួយ​កូរ៉េ​ខាងជើង​។​តាម​សម្ដី​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក​Kim Yong-ho លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា “​យើង​មិន​ខ្វល់​ថា​នរណា​ជា​ប្រធានាធិបតី​អាមេរិក​ទេ​។​សំខាន់​តើ​អាមេរិក​មាន​ឆន្ទៈ​យ៉ាងណា​ចំពោះ​គោលនយោបាយ​ដាក់​លើ​កូរ៉េខាងជើង​។​អាមេរិក​នឹង​ដក​គោលនយោបាយ​បង្កហេតុ​ដាក់​លើ​កូរ៉េខាងជើង​ឬ​អត់​។​”

​ជា​ការកត់សម្គាល់​កូរ៉េ​ខាងជើង​បាន​ចោទ​អាមេរិក​និង​កូរ៉េខាងត្បូង​ថា​បាន​រៀបចំ​ឲ្យមាន​សង្គ្រាម​កើតឡើង តាមរយៈ​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​រួម​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​។​អាមេរិក​និង​កូរ៉េខាងត្បូង​ក៏​គ្រោង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​ដើម្បី​ប្រឆាំង​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​លើសពីនេះទៅទៀត អាមេរិក​បាន​ព្យាយាម​គ្រប់​មធ្យោបាយ​ឲ្យ​កូរ៉េខាងជើង​រំសាយ​កម្មវិធី​មី​ស៊ី​ល​និង​កម្មវិធី​នុយក្លេអ៊ែរ ដែល​កូរ៉េខាងជើង​ថា​ជា​វិធានការ​ហួសសម័យកាល​។​

ទាំងនេះ​ហើយ​ជា​អ្វី​ដែល​កូរ៉េខាងជើង​បារម្ភ និង​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​ទង្វើ​ធ្វើ​ដាក់​កូរ៉េខាងជើង​ជាបន្ទាន់​។​អ៊ីចឹង​ហើយ​បាន​កូរ៉េខាងជើង​ថា មិន​ថា​លោក​ដូណាល់ ត្រាំ​ឬ​នរណា​ត្រូវ​បន្ដ​តំណែង​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ក៏ដោយ សំខាន់​តើ​អ្នក​នោះ​នឹង​ដោះស្រាយ​យ៉ាង​ម៉េច​ចំពោះ​គោលនយោបាយ​និង​ទណ្ឌកម្ម​ដាក់​លើ​កូរ៉េខាងជើង​៕

 ពាក្យគន្លឹះ  កូរ៉េខាងជើង

ព័ត៌មានផ្សេងទៀត