សិស្សសាលា​​អាមេរិក​​រាប់ពាន់​នាក់​​បន្ដ​ធ្វើ​បាតុកម្ម​​ប្រឆាំង​លោក​​ដូណាល់ ត្រាំ​

15-11-2016 10:09 am 1802
ក្រុមបាតុករ​កំពុងប្រមូលផ្ដុំ​​ប្រឆាំង​លោកត្រាំ

​ក្រុម​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ បាន​បន្ដ​សកម្មភាព​ចូល​ដល់​សប្ដាហ៍​ទី​ពីរ​ហើយ បន្ទាប់ពី​ការបោះឆ្នោត​ថ្ងៃទី​០៨​វិច្ឆិកា​។​បាតុកម្ម​មាន​ការចូល​រួម​ពី​ប្រជាជន​អាមេរិក​រាប់ពាន់នាក់ ហើយ​កាលពី​ថ្ងៃ​ទី​១៤​វិច្ឆិកា​មាន​សិស្ស​សាលា​នាំគ្នា​ដើរចេញ​ពី​ថ្នាក់រៀន​ផ្សេងៗ​គ្នា​ទូទាំង​ប្រទេស​អាមេរិក​។

​តាម​ការប៉ាន់ប្រមាណ​សិស្សសាលា​ប្រមាណ​៥​ពាន់​នាក់​បាន​ដើរចេញ​ពី​ថ្នាក់រៀន​ចំនួន​២០​ក្នុង​ក្រុង​Seattle កាលពី​ថ្ងៃ​ចន្ទ​។​ដោយឡែក​នៅ​Los Angeles​មាន​ប្រមាណ​៤​ពាន់​នាក់​ក៏​នាំគ្នា​ដើរចេញ​ពី​ថ្នាក់រៀន និង​បាន​ចេញ​តវ៉ា​ជា​មួយ​សម្រែក​ថា​“Not My President” មានន័យ​ថា​“​មិន​មែន​ប្រធានាធិបតី​របស់ខ្ញុំ​ទេ​”​។​

​ចំពោះ​ក្បួន​តវ៉ា​កាលពី​សប្ដាហ៍​មុន ប្រជាជន​អាមេរិក​បាន​កាន់​បដា​ប្រឆាំង​លោក​ត្រាំ និង​ខ្លះ​បាន​ដុត​រូប​ត្លុក​លោក​ដូណាល់ ត្រាំ​ផង​។​ការតវ៉ា​ក៏​ឈាន​ដល់​អំពើ​ហិង្សា​កើតឡើង ដោយសារ​ក្រុម​តវ៉ា​នាំគ្នា​បំផ្លាញ​សម្បត្ដិ​សាធារណៈ វាយ​បំបែក​បង្អូច​ហាង គប់​វត្ថុ​សម្ដៅលើ​ប៉ូលិស​ផង រួច​ប៉ូលិស​ក៏​ចេញ​អន្ដរាគមន៍​។​

​មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ការតវ៉ា​នៅ​Portland​និង​Oregon​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ប៉ូលិស​នៅ​ថ្ងៃ​ទី​១៤​វិច្ឆិកា​។​ក្រុម​តវ៉ា​ក្នុង​ទីក្រុង​បាន​ទាំង​បិទ​ចរាចរ​តាម​ដងផ្លូវ បង្ក​ជា​ការកកស្ទះ​យ៉ាងខ្លាំង​។​អង្គការ​សង្គម​ស៊ីវិល​និង​ប៉ូលិស​បាន​ឃ្លាំមើល​យ៉ាង​យកចិត្ដទុកដាក់ ចំពោះ​សកម្មភាព​តវ៉ា​ប្រឆាំង​លោក​ដូណាល់ ត្រាំ ព្រោះ​អាច​កើតមាន​អំពើ​ហិង្សា​បន្ដទៀត​។​

​ទាក់ទង​នឹង​ការតវ៉ា​ប្រឆាំង​លោក​ដូណាល់ ត្រាំ​នេះដែរ ក្រុមអ្នកតាមដាន​ស្ថានការណ៍​និយាយថា អាច​ធ្វើឡើង​យូរថ្ងៃ​ទៀត​មិន​ទាន់​បញ្ចប់​ងាយៗ​ឡើយ​។​មូលហេតុ​ដោយសារ​ក្រុម​តវ៉ា​ទាំងនោះ​មិន​ពេញចិត្ដ​លោក​ត្រាំ ព្រោះ​លោក​ត្រាំ​ធ្លាប់បាន​លើកឡើង​ពី​គោលនយោបាយ​មួយចំនួន​ធ្វើឲ្យ​ពួកគេ​បារម្ភ និង​ភ័យខ្លាច​ពី​អនាគត​ខ្លួនឯង​បើ​រស់​នៅលើ​ទឹកដី​អាមេរិក​៕

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត