លោកពូ​ទីន​​និង​លោក​ត្រាំ​​បេ្ដ​ជ្ញា​​រឹតចំណង​មិត្ដភាព​​​រុស្ស៊ី​-​អាមេរិក​

15-11-2016 8:52 am 4256
លោកត្រាំ(ឆ្វេង)និងលោកពូទីន

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​និង​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ចន្ទ និង​បាន​ឯកភាព​លើ​ចំណុច​សំខាន់ៗ​មួយចំនួន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើឲ្យ​ទំនាក់ទំនង​រុស្ស៊ី​អាមេរិក​ដែល​កំពុង​ជាប់គាំង បាន​ល្អ​ប្រសើរ​ជាង​មុន​។​

​លោកពូ​ទីន​បាន​លើកឡើង​ថា ទីក្រុង​ម៉ូស្គូ​មាន​ឆន្ទៈ​នឹង​បង្កើតឲ្យមាន​កិច្ចច​រចាក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​ថ្មី​អាមេរិក ផ្អែកលើ​មូលដ្ឋាន​សមភាព ការគោរព​គ្នា​ទៅវិញទៅមក ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​ឡើយ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​វិមាន​ក្រឹម​ឡាំង​ក្នុង​សេចក្ដីថ្លែងការណ៍​។​

​ភាគី​ទាំងពីរ​បាន​ឯកភាព​ពិនិត្យឡើងវិញ​នូវ​ចំណង​ទាក់ទង​ដ៏​ជូរ​ចត់​នាពេល​បច្ចុប្បន្ន និង​បាន​បង្ហាញ​ពី​ភាពចាំបាច់​មិន​អាច​ខ្វះ​គ្នា​បាន ក្នុង​ការបង្កើត​មូលដ្ឋាន​រឹងមាំ​នៃ​ទំនាក់ទំនង​ទ្វេភាគី តាមរយៈ​ការអភិវឌ្ឍ​ផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច  ព្រោះ​វា​អាច​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

លោកពូ​ទីន​និង​លោក​ត្រាំ​ក៏បាន​ពិភាក្សា​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​អន្ដរជាតិ​និង​ភាពជ្រុលនិយម ហើយ​បាន​ចូលរួម​គំនិត​យោបល់​ដើម្បី​ដោះស្រាយ​វិបត្ដិ​នៅ​ស៊ី​រី​។​លើសពី​នេះ​ទាំង​អាមេរិក​និង​រុស្ស៊ី​នៅ​បន្ដ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​គ្នា​ទៀត​នៅពេល​អនាគត​។​

សូមបញ្ជាក់​ថា នៅ​មុន​ពេល​បោះឆ្នោត​លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ជំហរ​គាំទ្រ​លោក​ពូ​ទីន និង​ថា​លោកពូ​ទីន​ជា​មនុស្ស​ដែល​លោក​គោរព​។​ចំណែក​លោក​ពូ​ទីន​ក៏​គាំទ្រ​លោក​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ដែរ​។​ការងា​ក​រកគ្នា​ទៅវិញទៅមក​បែបនេះ ហាក់​ខុសប្លែក​ពី​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​លោក​បា​រ៉ាក់ អូ​បា​ម៉ា ដែល​មិនសូវ​មាន​ភាពជិតស្និទ្ធ​ជាមួយ​លោក​ពូ​ទីន​ឡើយ​៕

 ពាក្យគន្លឹះ  រុស្ស៊ី-អាមេរិក

ព័ត៌មានផ្សេងទៀត