លោក​ដូណាល់ ត្រាំ​​នឹង​សង់​ជញ្ជាំង​​ព្រំដែន​​អាមេរិក​-​ម៉ិក​ស៊ិក​​តាម​ការសន្យា​

14-11-2016 3:06 pm 4665
លោកដូណាល់ ត្រាំ​ពេលថ្លែងសុន្ទរកថា

​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ បានប្រកាស​នឹង​ធ្វើ​តាម​ការសន្យា គឺ​នឹង​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក​-​ម៉ិក​ស៊ិក ដូច្នេះ​អ្វី​ដែល​លោក​បាន​និយាយ​ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។​ក្នុងពេល​ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​CBS​កាលពី​ថ្ងៃអាទិត្យ លោក​ត្រាំ​បាន​និយាយថា លោក​អាច​សង់​របង​ជំនួស​ជញ្ជាំង​នៅ​ទីតាំង​ខ្លះ ប៉ុន្ដែ​ទីតាំង​មួយចំនួន​ចាំបាច់​ត្រូវ​តែ​សាងសង់​ជញ្ជាំង​ជាដាច់ខាត​។​

​ការសាងសង់​ជញ្ជាំង​នៅ​តំបន់​ព្រំដែន គឺ​ដើម្បី​ទប់ស្កាត់​ជន​ចំណាកស្រុក​ខុសច្បាប់ និង​ការ​ចរាចរ​គ្រឿងញៀន​បង្កបញ្ហា​ដល់​សង្គម​។​ពាក់ព័ន្ធ​នឹង​បញ្ហា​ជន​ចំណាកស្រុក លោក​ដូណាល់ ត្រាំ​បាន​លើកឡើង​ថា ជន​ចំណាកស្រុក​ដែល​ធ្លាប់​មាន​ប្រវត្ដិ​ប្រព្រឹត្ដ​បទឧក្រិដ្ឋ ហើយ​កំពុង​រស់នៅ​ក្នុង​ទឹកដី​អាមេរិក លោក​នឹង​បញ្ជូន​ពួកគេ​ចេញ​។​

​លោក​បន្ថែមថា មាន​ជន​ទាំង​នេះ​ពី​២​ទៅ​៣​លាន​នាក់ ក្នុងនោះ​រាប់​បញ្ចូល​សមាជិក​ក្រុមអ្នកលេង និង​ក្រុម​អ្នក​ចែកចាយ​គ្រឿងញៀន​ផង​។​លោក​ដូណាល់ ត្រាំ​នឹង​ដោះស្រាយ​បញ្ហា​ជន​ចំណាកស្រុក​ខុសច្បាប់​ម្ដង បន្ទាប់​ពី​ការគ្រប់គ្រង​ព្រំដែន​មាន​សុវត្ថិភាព​ល្អ​។​

​សូមបញ្ជាក់​ថា លោក​ត្រាំ​បាន​ទទួល​ជ័យជម្នះ​លើ​លោក​ស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ក្នុង​ការបោះឆ្នោត​ថ្ងៃ​ទី​០៨​វិច្ឆិកា​។​ប៉ុន្ដែ​ជ័យជម្នះ​របស់​លោក​ត្រូវ​ប្រជាជន​គាំទ្រ​លោក​ស្រីគ្លីន​តុន​នាំគ្នា​តវ៉ា​ជា​ច្រើន​ពាន់​នាក់​។​យ៉ាងណាមិញ​បន្ទាប់ពី​ការបោះឆ្នោត សារព័ត៌មាន​Washington Post​និង​ABC news​បាន​ធ្វើ​ការស្ទង់មតិ ហើយ​បង្ហាញ​លទ្ធផល​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្រជាជន​អាមេរិក​៧៤​ភាគរយ​នៃ​អ្នក​ត្រូវ​បាន​សម្ភាសន៍ ព្រម​ទទួលយក​លទ្ធផល​ដែល​លោក​ត្រាំ​ឈ្នះឆ្នោត​។​ប៉ុន្ដែ​នៅ​មាន​៣៣​ភាគរយ​ជា​អ្នកគាំទ្រ​លោក​ស្រីគ្លីន​តុន​មិន​ពេញចិត្ដ​ឡើយ​។​បើ​គិត​ពី​ការតវ៉ា​អាច​នឹង​បន្ដ​ធ្វើ​ឡើង​ទៀត មិន​ទាន់​កំណត់​បាន​ថា​នឹង​ឈប់​នៅ​ពេល​ណា​ទេ​៕

 ពាក្យគន្លឹះ  លោកDonald Trump

ព័ត៌មានផ្សេងទៀត