អាជ្ញាធរ​​រារាំង​មិន​ឲ្យ​​ចាក់ផ្សាយ​​សារ​​ចុះឈ្មោះ​បោះឆ្នោត លោក​ហង្ស ពុទ្ធា​​ថា​​ជា​ការ​​ខ្វះ​ការ​សហការ​គ្នា​

14-11-2016 2:35 pm 5095

​មនុស្ស​គ្រប់រូប សុទ្ធតែ​មាន​សិទ្ធិ​ក្នុង​ការផ្សព្វផ្សាយ សារ របស់​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ចុះ​ឈ្មោះ​បោះឆ្នោត​។ នេះ​ជា​ការបញ្ជាក់​ជាទូទៅ របស់​លោក​ហង្ស ពុទ្ធា​អ្នកនាំពាក្យ​គ​.​ជ​.​ប​។ ពាក់ព័ន្ធ​អាជ្ញាធរ​ខណ្ឌ​ចំការមន​រារាំង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ផ្សព្វផ្សាយ​សារ របស់​គ​.​ជ​.​ប​កាលពី​ថ្ងៃ​ទី​១២​ខែវិច្ឆិកា លោក​ហង្ស ពុទ្ធា​ថា ជា​ការ​ខ្វះ​ការសហការ​គ្នា រវាង​អ្នក​ផ្សព្វផ្សាយ​និង​អាជ្ញាធរ​។ លោក​ហង្ស ពុទ្ធា​បន្ថែមថា ដើម្បី​ការផ្សព្វផ្សាយ​មាន​ប្រសិទ្ធភាព និង​ពុំ​មាន​បញ្ហា​កើតឡើង អ្នក​ផ្សព្វផ្សាយ​និង​អាជ្ញាធរ​ត្រូវ​ពិភាក្សា​គ្នា​ឲ្យបាន​ច្បាស់​ជា​មុន​សិន​……

 

​សំឡេង​លោក​ហង្ស ពុទ្ធា៖

ការរារាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ផ្សព្វផ្សាយ​សារ​របស់​គ​.​ជ​.​ប​នេះដែរ លោក​យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំដែង​ការសោកស្តាយ​។ លោក​ថា ដ្បិត​អ្នក​ផ្សព្វផ្សាយ​នោះ ជា​សមាជិក​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​អំឡុងពេល​ចុះ​ផ្សព្វផ្សាយ ពួកគេ​មិន​បាន​ស្លៀកពាក់​ឯកសណ្ឋាន​របស់​គណបក្ស​ទេ ហើយក៏​មិន​បាន​ផ្សព្វផ្សាយ​អ្វី ក្រៅ​តែ​ពីសារ របស់​គ​.​ជ​.​ប​ដែរ​។ លោក​បាន​ស្នើ​អាជ្ញាធរ​ខណ្ឌ​ចំការមន កុំ​ចង្អៀតចង្អល់ ពីព្រោះ​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មិន​ខុស​ច្បាប់ និង​ធ្វើ​ដើម្បី​ជាតិ មិនមែន​ដើម្បី​បក្ស​ទេ​……

 

​សំឡេង​លោក​យឹម សុវណ្ណ​៖

 

​យ៉ាងណាក៏ដោយ បន្ទាប់ពី​អាជ្ញាធរ​រារាំង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការចុះ​ផ្សព្វផ្សាយ សារ របស់​គ​.​ជ​.​ប ដែល​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ឈ្នោះ​បោះ​ឆ្នោត​រួច​មក ត្រូវបាន​ដោះលែង​វិញ ដោយ​មាន​ការចុះហត្ថលេខា​ជា​លាយលក្ខណ៍អក្សរ​ផងដែរ​។

គួរ​ជម្រាបជូន​ដែរ​ថា ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១៨ នឹង​ផុតកំណត់​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​នេះ​ហើយ​។ គិត​ត្រឹម​ថ្ងៃទី​១៣​ខែវិច្ឆិកា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧,០៩០,៣៧០​នាក់ បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​ជាង​៩.៦​លាន​នាក់​៕

 ពាក្យគន្លឹះ  គជប

ព័ត៌មានផ្សេងទៀត