រញ្ជួយ​ដី​​៧.៨​រ៉ិ​ចទ័​រ​វាយ​ប្រ​ហារ​ប្រទេស​ណូវែល​ហ្សេ​ឡង់​​បង្ក​ការខូចខា​ត​យ៉ា​ង​ដំណំ​

14-11-2016 7:45 am 2538
ផ្លូវថ្នល់ខូចខាតដោយសាររញ្ជួយដី

​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយកម្រិត​៧.៨​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ប្រទេស​ណូវែល​ហ្សេ​ឡង់​នៅ​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤​វិច្ឆិកា​នេះ បណ្ដាលឲ្យ​មនុស្ស​០២​នាក់​ស្លាប់​។​តាម​ក្រុម​អ្នក​អង្កេត​ភូមិសាស្ដ្រ​អាមេរិក​បាន​និយាយថា រញ្ជួយ​ដី​វាយប្រហារ​នៅ​កោះ​South Island​ក្នុង​ជម្រៅ​ប្រមាណ​២៣​គីឡូម៉ែត្រ​។​

​ចំណែក​មជ្ឈមណ្ឌល​តាម​ដាន​រលក​ស៊ូណាមិ​នៅ​ហា​វ៉ៃ​បាន​និយាយថា រលក​ស៊ូណាមិ​កម្ពស់​១.៥​ម៉ែត្រ​ត្រូវ​បាន​តាមដាន​នៅតាម​បណ្ដោយ​ឆ្នេរ​Kaikoura ប្រហែល​៦០​គីឡូម៉ែត្រ​ពី​ទីតាំង​រញ្ជួយ​ដី ក្នុង​រយៈពេល​មួយ​ម៉ោង​បន្ទាប់ពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​ចន្ទ​។​ការតាមដាន​នេះ ដើម្បី​ពិនិត្យថា​តើ​រញ្ជួយ​ដី​អាច​បង្ក​ជា​រលក​ស៊ូណាមិ​ឬ​យ៉ាងណា ប៉ុន្ដែ​មិនទាន់​មាន​ការប្រកាសអាសន្ន​ទេ​។​ប៉ុន្ដែ​ដើម្បី​ជា​ការរក្សា​សុវត្ថិភាព អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​ប្រជាជន​ក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​រលក​ស៊ូណាមិ ហើយ​មិន​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់​តំបន់​ឆ្នេរសមុទ្រ​ឡើយ​។​

​លោកនាយក​រដ្ឋមន្ដ្រី​John Key​បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា រហូតមកដល់​ពេលនេះ​មាន​ការបញ្ជាក់​ថា​មនុស្ស​០២​ពីរ​នាក់​បាន​ស្លាប់ ហើយ​លោក​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​យោធា​ទៅ​ទីក្រុង​Kaikoura ដើម្បី​ពិនិត្យមើល​ស្ថានភាព​នៅ​ទីនោះ​។​

​សូមបញ្ជាក់​ថា​ក្រៅពី​មាន​មនុស្ស​ស្លាប់ អគារ ផ្លូវថ្នល់​ត្រូវបាន​រាយការណ៍​ថា​រង​ការខូចខាត​ផងដែរ​។​ក្រុម​អាជ្ញាធរ​កំពុងតែធ្វើការ​យ៉ាងសកម្ម ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ទំហំ​នៃ​ការខូចខាត​។​គួររម្លឹកថា កន្លង​មក​ណូវែល​ហ្សេ​ឡង់ក៏​ធ្លាប់រង​ការវាយប្រហា​រដោយ​រញ្ជួយ​ដី​កម្រិត​៦​រ៉ិ​ចទ័​រដែរ​នៅក្នុង​តំបន់​កើតហេតុ​នេះ​៕

 ពាក្យគន្លឹះ  ណូវែលហ្សេឡង់

ព័ត៌មានផ្សេងទៀត