ក្នុងពេលផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានWall Street Journal លោកដូណាល់ ត្រាំបានលើកឡើងថា បញ្ហាគ្រប់គ្រងព្រំដែន បញ្ហាសុខភាព បញ្ហាហិរញ្ញវត្ថុ និងបញ្ហាការងារ គឺជារឿងអាទិភាពត្រូវដោះស្រាយ នៅពេលលោកចូលកាន់តំណែង។
លោកបានបកស្រាយបន្ដថា ទាក់ទងនឹងការគ្រប់គ្រងតំបន់ព្រំដែន គឺដើម្បីបញ្ឈប់បញ្ហាជនចំណាកស្រុកខុសច្បាប់និងបញ្ហាចរាចរគ្រឿងញៀនតាមព្រំដែន ដែលនេះជារឿងដំបូងគេត្រូវដោះស្រាយជាបន្ទាន់ ពេលលោកចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ក្រៅពីនេះលោកត្រាំបានលើកឡើងពីបញ្ហាអាទិភាពផ្សេងទៀតគឺការធ្វើកំណែទម្រង់បញ្ហាថែទាំសុខភាព ការដោះស្រាយផ្នែកហិរញ្ញវត្ថុ និងការបង្កើតការងារ ក៏ជារឿងមិនអាចមើលរំលងបានដែរ។
នៅពេលមានសំណួរសួរទាក់ទងនឹងការប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនរបស់លោកស្រីគ្លីនតុនវិញ លោកត្រាំបានឆ្លើយតបថា លោកមិនបានគិតពីបញ្ហានេះច្រើនពេកទេ។ប៉ុន្ដែក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោកបញ្ជាក់ថាការប្រើប្រាស់អ៊ីមែលរបស់លោកស្រីគ្លីនតុន ត្រូវតែស្នើឲ្យមានការចាត់តាំងក្រុមរាជអាជ្ញាពិសេសស៊ើបអង្កេតករណីនេះ។
ការធ្វើបទសម្ភាសន៍របស់លោកត្រាំតាមប្រព័ន្ធផ្សព្វផ្សាយ គឺជាលើកទីមួយហើយបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ដោយឡែកការចូលកាន់តំណែង លោកនឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧ បន្ទាប់ពីលោកបារ៉ាក់ អូបាម៉ាផុតអាណត្ដិ។លោកដូណាល់ ត្រាំគឺជាប្រធានាធិបតីទី៤៥របស់អាមេរិក មកពីគណបក្សសាធារណរដ្ឋ៕