អនុ​ប្រធានាធិបតី​ថ្មី​​អាមេរិក​នឹង​ដឹកនាំ​​ការផ្ទេរ​អំណាច​​ឲ្យ​លោក​ត្រាំ​

12-11-2016 9:05 am 5818
លោកត្រាំ(ស្ដាំ)​និងលោកMike Pence(ឆ្វេង)ក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លងមក

​ប្រធានាធិបតី​ថ្មី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក​ដូណាល់ ត្រាំ​នឹងត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែ​មករា​ឆ្នាំ​២០១៧ គឺ​បន្ទាប់ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ជា​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​ផុត​អាណត្ដិ​។​ទន្ទឹម​នឹង​ពេល​វេលា​នៃ​ការចូល​កាន់តំណែង​ជិត​មក​ដល់ លោក​ត្រាំ​បានប្រកាស​ក្រុម​រៀបចំ​ការផ្ទេរអំណាច ដើម្បី​សម្រួល​ដល់​កិច្ចការ​នេះ​កុំឲ្យ​មាន​បញ្ហា​កើតឡើង​។​ក្នុងនោះ​លោក​បាន​តែងតាំង​អនុ​ប្រធានាធិបតី​ទើប​ជាប់​ថ្មី​ដែរ​គឺ​លោក​Mike Pence ជា​អ្នកដឹកនាំ​ក្រុម​រៀបចំ​ការផ្ទេរអំណាច​នៅ​សេត​វិមាន​។​ក្រៅពីនេះ​មាន​សមាជិក​ផ្សេងទៀត​បាន​ចាត់ចែង​ឲ្យចូល​រួម​ជួយ​ការងារ​។​

​លោក​ដូណាល់ ត្រាំ​បានឈ្នះ​ការបោះឆ្នោត​យ៉ាង​ភ្ញាក់ផ្អើល​ជា​ប្រធានាធិបតី​អាមេរិក បន្ទាប់ពី​ការបោះឆ្នោត​ជា​សាកល​កាលពី​ថ្ងៃ​ទី​០៨​វិច្ឆិកា​។​លទ្ធផល​នេះ​បណ្ដាល​ឲ្យ​ប្រជាជន​អាមេរិក​មួយចំនួន​ដែល​ជា​អ្នកគាំទ្រ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ប្រមូលផ្ដុំ​តវ៉ា​ប្រឆាំង​នឹង​ជ័យជម្នះ​លោក​ត្រាំ​។​ការតវ៉ា​បាន​ធ្វើឡើង​យ៉ាងហោច​ណាស់​ក្នុង​ទីក្រុង​ចំនួន​២៥​នៅ​អាមេរិក​។​

តែ​យ៉ាងណាក៏ដោយ​ទាំង​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​និង​លោក​ស្រីគ្លីន​តុន​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​ចាញ់​ក្រោម​ថ្វីដៃ​លោក​ត្រាំ បាន​ប្រកាស​គាំទ្រ​និង​អបអរសាទ​រលោក​ដូណាល់ ត្រាំ ព្រមទាំង​សង្ឃឹមថា​លោក​ត្រាំ​អាច​ជា​អ្នកដឹកនាំ​ដ៏​ល្អ​សម្រាប់​ប្រជាជន​អាមេរិក ដូច្នេះ​ត្រូវ​រួបរួម​គ្នា​អភិវឌ្ឍ​ប្រទេសជាតិ​។​លោក​អូ​បា​ម៉ា​ក៏​បាន​ជួប​ជាមួយ​លោក​ត្រាំ​រួចហើយ​ដែរ ហើយ​អះអាង​នឹង​ផ្ទេរ​អំណាច​ដោយ​សន្ដិភាព​។​ចំណែក​លោក​ស្រីគ្លីន​តុន​បញ្ជាក់ថា ពេល​នេះ​លោកស្រី​ចាញ់​ហើយ សូម​ផ្ដល់​ឱកាស​ឲ្យ​លោក​ត្រាំ​ជា​អ្នកដឹកនាំ​ប្រទេស​៕

ព័ត៌មានផ្សេងទៀត