លោក​​អូ​បា​ម៉ា​​-​​អ្នក​ស្រី​គ្លីន​តុន​​សត្រូវ​នឹង​​លោកត្រាំ​​មុន​បោះ​ឆ្នោត​​តែ​​ក្រោយ​​បោះឆ្នោត​​ងាក​មក​​សហការ​គ្នា​​ដើម្បី​ជាតិ​

10-11-2016 11:57 am 1438

​នៅ​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិក បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក​ត្រាំ និង​អ្នក​ស្រីគ្លីន​តុ​ន ជា​បេក្ខជន​គណបក្ស​ប្រ​ជា​ធិបតេយ្យ បាន​វាយប្រហារ​ពាក្យសំដី​ដាក់​គ្នា​យ៉ាង​ខ្លាំងក្លា ស្ទើ​គ្រប់​វេទិកា ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​។ ចំណែក​លោក​អូ​បា​ម៉ា​ប្រធានាធិបតី​អាមេរិក ក៏​មិន​ខ្លាច​និយាយ​ចំៗ​គាំទ្រ​អ្នក​ស្រីគ្លីន​តុ​ន និង​ចំអក​ឲ្យ​លោក​ត្រាំ​ថា ពុំ​មាន​សមត្ថភាព​អាច​ធ្វើ​ជា​ប្រធានាធិបតី​បានឡើយ​។ ប៉ុន្តែ អ្វី​ដែល​គេ​មើលឃើញ​ជាក់ស្តែង​នៅ​ក្រោយ​ការបោះឆ្នោត​វិញ លោក​អូ​បា​ម៉ា​និង​អ្នក​ស្រីគ្លីន​តុ​ន សុទ្ធតែ​ចូលរួម​អបអរសាទរ ចំពោះ​ជ័យជម្នះ​របស់​លោក​ត្រាំ​ដែល​ជាប់​ជា​ប្រធានាធិបតី​អាមេរិក​។

 

​ភ្លាមៗ​បន្ទាប់​ពី​ដំណឹង​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់លោក​ត្រាំ​បាន​ផុស​ឡើង លោក​បា​រ៉ាក់ អូ​បា​ម៉ា​ប្រធានាធិបតី​អាមេរិក និង​អ្នក​ស្រីគ្លីន​តុន​ផង​នោះ បាន​អប​អរ​សាទរ​លោក​ត្រាំ និង​ថែម​ទាំង​អំពាវនាវ ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់ ទទួលយក​លទ្ធផល​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​៨​វិច្ឆិកា​។​លោក​អូ​បា​ម៉ា​ដែល​នឹង​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​មករា​ឆ្នាំ​២០១៧ បាន​ញ្ជើ​ញ​លោក​ត្រាំ​មកកាន់​សេត​វិមាន ដើម្បី​ជជែក​អំពី​ការ​ផ្ទេរតំណែង ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​ផ្ទេរអំណាច​ប្រព្រឹត្តទៅ​ដោយ​រលូន ដើម្បី​ដឹកនាំ​អាមេរិក​ឆ្ពោះទៅរក​ភាព​រុងរឿង​កាន់តែខ្លាំង​ថែម​ទៀត​។​

 

​សម្រាប់​អ្នកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​ដែល​ជា​គូប្រជែង​យ៉ាង​ស្វឹតស្វាញ​របស់​លោកត្រាំ ក្រៅតែពី​ទូរស័ព្ទ​សាទរ​លោ​ត្រាំ​ហើយ អ្នកស្រី​បាន​លើកឡើង​ផងដែរ​ថា នឹង​រីករាយ​ធ្វើការ​ជាមួយ​លោក​ត្រាំ ដើម្បី​សហរដ្ឋអាមេរិក​។ អ្នកស្រី​សង្ឈឹមថា លោក​ត្រាំ​នឹង​ក្លាយជា​ប្រធានាធិបតី​ជោគជ័យ សម្រាប់​ប្រជាជន​អាមេរិក​ទាំងអស់​។​

 

​ទ​ទន្ទឹម​នឹង​ការ​សាទរ​ចំពោះ​គូ​ប្រជែង​របស់​ខ្លួន អ្នក​ស្រីគ្លីន​តុន​ក៏​មិន​ភ្លេច​ទេ​សុំទោស ទៅកាន់​អ្នកគាំទ្រ ដោយសារ​មិន​អាច​បំពេញ​បំណង​របស់​ពួកគេ​បាន​។​ការឈឺចាប់​របស់​អ្នក​ស្រីគ្លីន​តុ​ន ដោយសារ​ការបរាជ័យ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន​CNN​ចុះផ្សាយ​ថា “​នេះ​មិនមែន​ជា​លទ្ធផល​ដែល​យើង​ចង់​បាន​ទេ ហើយ​យើង​បាន​តស៊ូ​នៅក្នុង​យុទ្ធ​ការ​នេះ​យ៉ាងខ្លាំង​…… ខ្ញុំ​សោកស្តាយ​ដែល​មិន​បាន​ទទួល​ជោគជ័យ នៅក្នុង​ការបោះឆ្នោត​នេះ​។ នេះ​ជា​ពាក្យ​ដែល​អ្នក​ស្រីគ្លីន​តុ​ន បាន​និយាយ​ទៅកាន់​អ្នកគាំទ្រ​នៅក្នុង​ទីក្រុង​ញូវយ៉ក​។​

 

​យ៉ាងណាក៏ដោយ ការពិត​នៅ​តែ​ជា​ការពិត បើទោះបី​អ្នក​ស្រីគ្លីន​តុន​និង​លោក​ត្រាំ ធ្លាប់​វាយប្រហារ​ពាក្យសំដី តាមរយៈ​ការ​ឆ្កឹះឆ្កៀល​រឿងអាស្រូវ​របស់​គ្នា​ទៅវិញទៅមក នៅ​អំឡុង​ពេល​ការឃោសនា​រក​សំឡេងឆ្នោត​ក៏ដោយ ទីបំផុត​គូប្រជែង​ទាំងពីរ​បាន​ទទួលស្គាល់​ការពិត​។​ការពិត​នោះ​គឺ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​ផុសចេញ​ពី​ឆន្ទៈ​របស់​ប្រជាជន​អាមេរិក​គាំទ្រ​លោក​ដូណាល់ ត្រាំ​៕

 

ព័ត៌មានផ្សេងទៀត