លទ្ធផល​ឆ្នោត​​នៅ​អាមេរិក​​កាន់តែ​ធ្វើ​ឱ្យ​​លោក​សម រង្ស៊ី​​និង​​លោក​ហ៊ុន សែន​​ពាក់​មុខ​យក្ស​​ដាក់​គ្នា​​

10-11-2016 11:09 am 5063

លោក​ដូណាល់​ត្រាំ បាន​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​។ ជ័យជំនះ​របស់​ត្រាំ និង​អ្នកគាំទ្រ​របស់​លោក​នា​ពេល​នេះ តែ​វា​រំលេច​ឲ្យឃើញថា មេ​ដឹក​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក​ហ៊ុន សែន និង​លោក​សម រង្ស៊ី កាន់តែ​មាន​គម្លាត​ឆ្ងាយ​ពីគ្នា ឬ​និយាយបានថា ពាក់​​មុខយក្ស​ដាក់គ្នា​។

​មែនទែនទៅ លទ្ធផល​នៃ​ជ័យជំនះ​របស់​លោក​ដូណាល់​ត្រាំ គឺ​ខុស​ពី​ការ​ស្មាន​ទុក​របស់​លោក​សម រង្ស៊ី ដែល​នៅ​មុន​ការបោះឆ្នោត មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ធ្លាប់​ហៅ​លោក​ត្រាំ​ថា មិនមែន​ជា​អ្នកប្រជាធិបតេយ្យ​​នោះ​ទេ ហើយ​ស​សើរ​លោក​ស្រីគ្លីន​តុ​ន ថា​មាន​ការអប់រំ​ខ្ពស់ ដែល​ខុស​ពី​លោក​ត្រាំ ជា​មនុស្ស​គ្រោះថ្នាក់​សម្រាប់​សន្តិភាព​លើ​ពិភពលោក​។​

​រីឯ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ ដែល​គាំទ្រ​លោក​ដូណាល់​ត្រាំ បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ ហាក់​កំពុង​ទទួលបាន​ជ័យជំនះ​មួយផ្នែក​ដែរ ដោយសារ​លោក​ធ្លាប់បាន​វាយតម្លៃថា លោក​ត្រាំ​នឹង​ឈ្នះ​ក្នុង​ការបោះឆ្នោត​នេះ ហើយ​លទ្ធផល​ពិតជា​អញ្ចឹង​មែន​។​

​ជាមួយគ្នានេះ លោក​ហ៊ុន សែន​បាន​ផ្ញើ​សារ​អបអរសាទរ​ជ័យជំនះ​របស់​លោក​ដូណាល់​ត្រាំ​ភ្លាមៗ​ ក្រោយ​ចេញ​លទ្ធផល​ផងដែរ​។ បើ​តាម​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ហ៊ុន សែន ក៏​ហាក់​ចង់​ឌឺ​ឌ​ង​ដល់​លោក​សម រង្ស៊ី និង​មនុស្ស​មួយចំនួន ដែល​ចោទ​លោក​ថា​ជា​មនុស្ស​ផ្តាច់ការ ទើប​ទៅ​គាំទ្រ​លោក​ត្រាំ​។

​ជា​ការកត់សម្គាល់ ការ​ឈ្នះឆ្នោត​របស់​លោក​ដូណាល់​ត្រាំ ក៏​ត្រូវបាន​គេ​មើលឃើញថា គំនិត​ផ្សេង​គ្នា​រវាង​លោក​កឹម សុខា និង​លោក​សម រង្ស៊ី ក៏​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ទៀត​ដែរ​។ ផ្ទុយគ្នា ព្រោះ​តែ​លោក​កឹម សុខា អនុ​ប្រធាគ​ណ​បក្ស​បានប្រកាស​អបអរសាទ​រ​នឹង​ជ័យជំនះ​របស់​លោក​ត្រាំ ខណៈ​ដែល​លោក សម រង្ស៊ី ជា​ប្រធាន​បក្ស​កំពុង​បាក់មុខ​។​

​យ៉ាងណាក៏ដោយ ទោះ​ជា​លោក​សម រង្ស៊ី មាន​និន្នាការ​គាំទ្រ​លោកស្រី​ហ៊ីល​ឡា​រី គ្លី​ន​តុ​ន មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចាញ់ឆ្នោ​តក្តី តែ​លោក​ក៏​បាន​ផ្ញើ​សារ​អបអរសាទរ​លោក​ដូណាល់​ត្រាំ​ដែរ​។​

​ទំព័រ​ហ្វេ​សប៊ុក​លោកសម រង្ស៊ី សរសេរ​ជា​ភាសា​អង់គ្លេស​ដូច្នេះ​ថា​៖ “​ក្នុងនាម​ជា​អ្នកតំណាង​ជាប់ឆ្នោត​របស់​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​លោក​Donald Trump ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី​៤៥ របស់​សហរដ្ឋអាមេរិក ដែល​នៅតែ​ជា​គំរូ​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់​ពិភពលោក​ទាំងមូល​”៕

ដោយៈ អឿន ភា​រ៉ា​

ព័ត៌មានផ្សេងទៀត