លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានស្នើឱ្យបណ្ឌិត្យសភា តម្រួតប្រជាជនវៀតណាម បន្តជួយបណ្តុះបណ្តាលនគរបាលកម្ពុជា ពិសេស ស្រាវជ្រាវមេរៀន និងបទពិសោធន៍ថ្មីៗ ឱ្យទាន់សភាពការណ៍បច្ចុប្បន្ន ដើម្បីបណ្តុះបណ្តាលដល់សិក្ខាកាម នគរបាលកម្ពុជា។ការស្នើលោកនេត សាវឿន បែបនេះគឺធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយង្វៀង ស៊ុនអៀម ប្រធានបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម កាលពី ថ្ងៃទី៧ ខែវិច្ឆិកា។
មូលហេតុដែលនគរបាលកម្ពុជា ស្នើឱ្យវៀតណាមស្រាវជ្រាវមេរៀនថ្មី ដើម្បីបង្រៀននគរបាលកម្ពុជា ត្រូវបានលោកនេត សាវឿន បានបញ្ជាក់ថា ការបណ្តុះបណ្តាលមានសារៈ សំខាន់ណាស់ សម្រាប់នគរបាលកម្ពុជាទាំងនៅក្នុងស្រុក និងក្រៅស្រុក។ លោកថា ការបណ្តុះបណ្តាល នៅក្រៅស្រុកគឺដើម្បី ពង្រឹងសមត្ថិភាព និងដកបទពិសោធន៍ថ្មីៗ។
លោកនេត សាវឿន គូសបញ្ជាក់ថា បច្ចុប្បន្ននេះ នគរបាល កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរក្សាការពារសុវត្ថិភាព សន្តិសុខ សណ្តាប់សង្គម តែក៏ត្រូវផ្សារភ្ជាប់នឹង ការបណ្តុះបណ្តាល ពិសេសការបណ្តុះបណ្តាលដែលទទួលបាន ពីកិច្ចសហប្រតិបត្តិការជាមួយ បណ្ឌិត្យសភា តម្រួតប្រជាជនវៀតណាម។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
អគ្គស្នងការនគរបាលជាតិកម្ពុជា បានស្នើឱ្យបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម សហការ ជាមួយនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងបទបញ្ជា ផ្ទៃក្នុង និងវិន័យឱ្យបាន ល្អ។ ក្នុងករណីសិក្ខាកាមនគរបាលកម្ពុជា ប្រព្រឹត្ដល្មើស ទៅនឹងបទបញ្ជា និងវិន័យ សូមជួយផ្តល់ព័ត៌មាន ឱ្យនាយកដ្ឋានបុគ្គលិក ដើម្បីមានវិធានការ។
ចំពោះសំណើរបស់កម្ពុជានេះ លោកង្វៀង ស៊ុនអៀម ប្រធានបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម ត្រូវបានប្រភពដដែលបញ្ជាក់ថា បានទទួលយក និងអរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជានិច្ចកាលតែងតែសហការគ្នាល្អ ហើយភាគីវៀតណាមក៏បាន អញ្ជើញគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅទស្សនៈកិច្ចបណ្ឌិត្យ សភាតម្រួតប្រជាជនវៀតណាម ផងដែរ៕