លោកដូណាល់ ត្រាំកើតនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦ ក្នុងទីក្រុងញូវយ៉ក គិតមកដល់ពេលនេះលោកមានអាយុ៧០ឆ្នាំហើយ។ លោកជាកូនទី៤ក្នុងចំណោមបងប្អូន៥នាក់ នៅក្នុងគ្រួសារ ប៉ុន្ដែបងប្រុសរបស់លោកបានស្លាប់នៅឆ្នាំ១៩៨១។ លោកបានចាកចេញពីសាលានៅអាយុ១៣ឆ្នាំ ហើយបានចូលរៀននៅសាលាយោធាវិញ នៅក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលលោកបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅទីនោះ។
លោកត្រាំបានទទួលសញ្ញាបត្រ បរិញ្ញាបត្រជំនាញវិទ្យាសាស្ដ្រសេដ្ឋកិច្ច ពីសាលា Wharton School of Finance and Commerce នៃសាកលវិទ្យាល័យ Pennsylvania (University of Pennsylvania)ក្នុងឆ្នាំ១៩៦៨។ ឆ្នាំ១៩៧១ លោកបានគ្រប់គ្រងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនអចលនទ្រព្យរបស់ឪពុក ហើយក្រោយមកក្រុមហ៊ុននេះ បានប្តូរឈ្មោះថ្មីថា The Trump Organization។ The Trump Organization ជាអង្គការបណ្ដាក់ទុនវិស័យអចលនទ្រព្យ និងជំនួញផ្សេងទៀត។ ក្នុងជីវិតអ្នកជំនួញ លោកត្រាំបានកសាងអាគារការិយាល័យ សណ្ឋាគារ កាស៊ីណូ និងសាខាក្រុមហ៊ុននៅទូទាំងពិភពលោក។ លោកត្រូវបានចុះឈ្មោះ នៅក្នុងបញ្ជីអ្នកមានទ្រពសម្បត្ដិច្រើនបំផុត ទី៣២៤ក្នុងពិភពលោក និងទី១៥៦នៅអាមេរិកផងដែរ។
សម្រាប់ជីវិតអាពាហ៌ពិពាហ៌ លោកត្រាំបានរៀបការចំនួន៣លើក។ លើកទីមួយលោកបានរៀបការនៅឆ្នាំ១៩៧៧ បន្ទាប់ពីរៀបការបានជាង១០ឆ្នាំ លោកក៏បានលែងលះជាមួយភរិយានៅឆ្នាំ១៩៩១។ លុះឆ្នាំ១៩៩៣លោកបានរៀបការម្តងទៀត តែអាពាហ៌ពិពាហ៌លើកទីពីរ ក៏ជួបវាសនាដូចអាពាហ៌ពិពាហ៌លើកទីមួយដែរ គឺលោកបានលែងលះជាលើកទីពីរនៅឆ្នាំ១៩៩៩។ ក្រោយមក នៅឆ្នាំ២០០៥ អាពាហ៌ពិពាហ៌លើកទីបី បានកើតឡើងជាថ្មី គឺលោកត្រាំបានរៀបការជាមួយអ្នកស្រីMelania Knauss។ ចំណងអាពាហ៌ពិពាហ៌នេះ លោកត្រាំមានកូន០៥នាក់។
ដោយឡែក ពាក់ព័ន្ធការប្រឡូកក្នុងជីវិតនយោបាយវិញ លោកត្រាំបានចូលរួមក្នុងគណបក្សសាធារណរដ្ឋ នៅឆ្នាំ១៩៨៧-១៩៩៩, ឆ្នាំ២០០៩-២០១១ និងឆ្នាំ២០១២-បច្ចុប្បន្ន។ នៅខែមិថុនាឆ្នាំ២០១៥ លោកត្រាំបានប្រកាស ជាបេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណរដ្ឋ ហើយបានក្លាយជាបេក្ខជននាំមុខក្នុងបក្សថែមទៀត។ ខែឧសភាឆ្នាំ២០១៦ លោកបានប្រកួតប្រជែងឈ្នះដៃគូក្នុងបក្ស ហើយនៅក្នុងខែកក្កដាឆ្នាំ២០១៦ លោកត្រូវបានប្រកាសតែងតាំងជាផ្លូវការ ជាបេក្ខជនប្រធានាធិបតី តំណាងគណបក្សសាធារណរដ្ឋ ដើម្បីចូលរួមប្រកួតប្រជែង យកតំណែងប្រធានាធិបតីអាមេរិកអាណត្តិថ្មី។
នៅទីបំផុត អ្នកជំនួញដ៏ឆ្នើមរូបនេះ ក៏បានជាប់ឆ្នោតជាប្រធានាធិបតីទី៤៥ របស់អាមេរិក បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០១៦នេះ។ លោកត្រាំនឹងត្រូវមកដឹកនាំអាមេរិក ក្នុងនាមជាប្រធានាធិបតី បន្ដតំណែងពីលោកបារ៉ាក់ អូបាម៉ាដែលនឹងត្រូវចប់អាណត្ដិនៅខែមករាឆ្នាំ២០១៧ខាងមុខ៕