ដោយសារតែការបោះឆ្នោតប្រធានាធិបតីអាមេរិក ត្រូវមើលឃើញថាលោកដូណាល់ ត្រាំអាចនឹងទទួលបានជ័យជម្នះ បញ្ហានេះបានធ្វើឲ្យរង្គោះរង្គើយ៉ាងខ្លាំងដល់ទីផ្សារនៅអាស៊ី។ទីផ្សារភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះជាបន្ដបន្ទាប់ ជាមួយនឹងសាច់ប្រាក់ តម្លៃមាស រូបបិយប័ណ្ណ ក្នុងនោះមានប្រាក់យ៉េនក៏ធ្លាក់ចុះដែរ។
ក្រុមអ្នកជំនួញរំពឹងថាលោកស្រីហ៊ីលឡារី គ្លីនតុននឹងឈ្នះការបោះឆ្នោត ទោះបីត្រូវប្រកួតប្រជែងខ្លាំងបន្ដិចក្នុងពេលធ្វើយុទ្ធនាការ ប៉ុន្ដែអ្វីគ្រប់យ៉ាងបានប្រែប្រួល។ទីផ្សារភាគហ៊ុនNikkei 225របស់ជប៉ុនបានធ្លាក់ចុះ៥.២% ខណៈHang Sengក្នុងក្រុងហុងកុងធ្លាក់ចុះ៣.៨% ហើយShanghai Compositeធ្លាក់ចុះ១.៦%។ដោយឡែកASX 200អូស្ដ្រាលីធ្លាក់ចុះ២.១%និងKospiនៅកូរ៉េខាងត្បូងធ្លាក់ចុះ៣.១%។
អ្នកឆ្លើយឆ្លងព័ត៌មានផ្នែកសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីអ្នកស្រីKarishma Vaswaniបានលើកឡើងដែរថា បើលោកដូណាល់ ត្រាំទទួលជ័យជម្នះនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចអាស៊ី ព្រោះតែពាក្យសម្ដីមួយចំនួនដែលលោកបាននិយាយក្នុងយុទ្ធនាការឃោសនាបោះឆ្នោតចុងក្រោយ។លោកមិនត្រូវបានគេទទួលស្គាល់ច្រើនឡើយ ផ្ទុយទៅវិញលោកស្រីគ្លីនតុនទើបគេជឿជាក់ថាអាចដឹកនាំបានល្អជាង៕