អ្នកគាំទ្រអ្នកស្រីហ៊ីល ឡារីគ្លីនតុនបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ និងអ្នកគាំទ្រលោកដូណាល់ ត្រាំបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ កំពុងមានអារម្មណ៍ផ្សេងគ្នា ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកៀកដល់ទីបញ្ចប់។ នៅទីស្នាក់ការកណ្តាលក្នុងទីក្រុងញូវយ៉ក អ្នកគាំទ្រអ្នកស្រីគ្លីនតុន ខ្លះកំពុងអួលដើម ក និងខ្លះទៀតបានសម្រក់ទឺកភ្នែក។ ចំណែក អ្នកគាំទ្រលោកត្រាំវិញ នាំគ្នាហោរកញ្ជ្រៀវ អបអរសាទរបណ្តើរៗជូនលោកត្រាំ។
អារម្មណ៍ពុះកញ្ជ្រោលផ្សេងគ្នា របស់អ្នកគាំទ្រ បេក្ខជនប្រធានាធិបតីទាំងពីរគណបក្សនេះ បានកើតឡើងខណៈ លោកត្រាំបានទទួលសំឡេងគាំទ្រនាំមុខអ្នកស្រីគ្លីនតុន ដែលជាគូប្រជែង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានBBC លោកត្រាំបានទទួលសំឡេងគាំទ្រ២៤៤ ទល់នឹងសំឡេងគាំទ្រអ្នកស្រីគ្លីនតុន២១៥។ បេក្ខជនទាំងពីរត្រូវការសំឡេងចាប់ពី ២៧០ឡើងទៅទើបសន្មត់ថា ឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ដូច្នេះ លោកត្រាំនៅខ្វះ២៦សំឡេងទៀតប៉ុណ្ណោះ នឹងអាចជាប់ឆ្នោតជាប្រធានាធិបតីហើយ។
រហូតមកទល់ពេលនេះ ការបោះឆ្នោតនៅអាមេរិកធ្វើឡើងបានចំនួន៤២រដ្ឋហើយ ដូច្នេះនៅសល់៨រដ្ឋទៀតការបោះឆ្នោតនឹងចប់ជាស្ថាពរ៕